ប្រធានាធិបតី ថេន សេន ប្រកាសថានឹងមាន “កំណែទម្រង់វគ្គទីពីរ”
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកប្រធានាធិបតីភូមា ថេន សេន បានប្រកាសប្រាប់នៅថ្ងៃអង្គារទី១៩មិថុនាឆ្នាំ២០១២នេះថា នឹងមាន “កំណែទម្រង់វគ្គទីពីរ” ដែលសង្កត់ជាពិសេសទៅលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោយពីមាន “កំណែទម្រង់នយោបាយនិងការផ្សះផ្សារជាតិ”។
លោកប្រមុខរដ្ឋភូមា ថេន សេន បានឡើងមកកាន់អំណាចនៅខែមីនាឆ្នាំ២០១១ នៅក្នុងក្របខណ្ឌនៃការសាងផ្ទេររដ្ឋអំណាចពីក្រុមយោធាឲ្យមករបបគ្រប់គ្រងស៊ីវិលវិញ។
កំណែទម្រង់នយោបាយនេះបាននាំឲ្យមានការដោះលែងលោកស្រីអ៊ុងសានស៊ូជី ប្រមុខបក្សប្រឆាំងភូមា ហើយដែលបន្ទាប់មក លោកស្រីបានឈ្នះឆ្នោតក្លាយខ្លួនជាសមាជិកានៃសភាភូមានៅខែមេសាកន្លងទៅ ក្រោយពីបានជាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំ។
“នារយៈកាលឆ្នាំដំបូងនៃការឡើងមកកាន់កាប់អំណាច រដ្ឋាភិបាលភូមាបានខិតខំធ្វើការកែទម្រង់ក្នុងវិស័យនយោបាយនិងធ្វើការផ្សះផ្សារជាតិ” នេះជាសេចក្តីប្រកាសរបស់ លោកប្រធានាធិបតីភូមា ថេន សេន តាមរយៈទូរទស្សន៍ នាឱកាសថ្លែងបង្ហាញពី “ផែនការប្រាំឆ្នាំ”។
“ចាប់ពីឆ្នាំនេះទៅ រដ្ឋាភិបាលភូមានឹងខិតខំធ្វើការកែទម្រង់វគ្គទីពីរដោយសង្កត់ធ្ងន់ទៅលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ប្រទេសជាតិ” នេះជាការប្រកាសបញ្ជាក់របស់លោកប្រមុខរដ្ឋភូមា ថេន សេន ដោយឆ្លៀតបង្ហាញឲ្យដឹងពីគោលបំណងរបស់រដ្ឋាភិបាលដែលចង់ឲ្យផលិតផលសរុបក្នុងប្រទេសគុណមួយជាបី ចាប់ពីនេះទៅទល់ឆ្នាំ២០១៥-២០១៦។
ហើយលោកថេន សេន ក៏បានប្រកាសប្រាប់ផងទៀតពីការខិតខំបង្រួបបង្រួមផ្សះផ្សារជាតិ ដើម្បីសន្តិភាព ស្ថិរភាព និតិរដ្ឋ និងសន្តិសុខ ហើយលោកប្រមុខរដ្ឋភូមាក៏ពុំភ្លេចថ្លែងប្រាប់ផងដែរថា វិស័យទូរគមនាគមន៍ អគ្គិសនី ថាមពល ការគ្រប់គ្រងនិងពាណិជ្ជកម្មព្រៃឈើ សិក្សាធិការ សុខាភិបាល និងហិរញ្ញវត្ថុត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋភូមា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ