បារាំង-ប៉ាគីស្ថាន

ប្រធានាធិបតី​​បារាំង​​បង្ហាញ​​ការ​​កោត​សរសើរ​​ និង​​គោរព​​ដល់​​កុមារី​​ប៉ាគីស្ថាន​​ ម៉ាឡាឡា​​ យូសាហ្វហ្សៃ​​

កុមារី​ Malala Yousafzai ជា​សកម្មជន​សិទ្ធិ​មនុស្ស ទាមទារ​អោយ​​ក្មេងស្រី​បាន​ចូល​​សាលារៀន​ ដូច​ជា​ក្មេង​ប្រុស​​ដែរ។
កុមារី​ Malala Yousafzai ជា​សកម្មជន​សិទ្ធិ​មនុស្ស ទាមទារ​អោយ​​ក្មេងស្រី​បាន​ចូល​​សាលារៀន​ ដូច​ជា​ក្មេង​ប្រុស​​ដែរ។ REUTERS/Hazart Ali Bacha/Files

សំរាប់​​ថ្ងៃបុណ្យ​សិទ្ធិ​ស្ត្រី​​​ ថ្ងៃ​ ៨​មីនា​នេះ កុមារី​​ជនជាតិ​ប៉ាគីស្ថាន​ ម៉ាឡាឡា​ យូសាហ្វហ្សៃ មាន​អាយុ​ ១៥ ឆ្នាំ បាន​ទទួល​នូវ​កិត្តិ​យស​ខ្ពស់​ដោយ​បាន​ប្រធានាធិបតី​បារាំង​ បង្ហាញ​ការ​គោរព​ និង​កោត​សរសើរ​ចំពោះ​ភាព​ក្លាហាន​មោះ​មុត​ របស់​​នាង​ ក្នុង​ការ​តស៊ូ​​​ទាមទារ​សិទ្ធិ​អោយ​ក្មេង​ស្រី​​ទាំង​ឡាយ​បាន​ចូល​រៀន​​ នៅ​សាលា។ ការ​តស៊ូ​​ទាំង​នេះ​ បាន​ធ្វើ​អោយ​​ កុមារី ម៉ាឡាឡា​ បាន​ធ្លាក់​រង​គ្រោះ​ក្នុង​ការ​វាយប្រហារ​​របស់​ពួក​តាលីបង់ កាល​ពី​ដើម​ខែ​ តុលា​ ឆ្នាំ ២០១២ ដោយ​នាង​បាន​​​រង​របួស​ដោយ​​គ្រាប់​កាំ​ភ្លើង​របស់​ពួក​តាលីបង់ ​​​​​ប៉ះ​ត្រូវ​ក្បាលយ៉ាង​ធ្ងន់​ធ្ងរ។

ផ្សាយពាណិជ្ជកម្ម

“តំណាង​អោយ​ប្រទេស​​បារាំង​​ ខ្ញុំ​សូម​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ការ​​កោត​សរសើរ​ ការ​គោរព និង​​ការ​ដឹង​គុណ​​ចំពោះ​ការ​តស៊ូ​​ផ្ទាល់​ខ្លួន​​របស់​​អ្នក។” នេះ​ជា​​ខ្លឹម​សារ​​នៃ​​លិខិត​មួយ​ច្បាប់​ ដែល​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រង់ស៊័រ​ ហូឡង់ បាន​​ប្រគល់​ដោយ​​ផ្ទាល់​ដៃ​ដល់​កុមារី​ជនជាតិ​ប៉ាគីស្ថាន ឈ្មោះ​ ម៉ាឡាឡា​ យូសាហ្វហ្សៃ។

ក្មេងស្រី​ ម៉ាឡាឡា​ យូសាហ្វហ្សៃ មាន​អាយុ​ ១៥​ឆ្នាំ ​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​​មួយ​រូប​ ដ៏​អង់​អាច​ក្លាហាន។ នាង​បាន​​តស៊ូ​ការពារ​សិទ្ធិ​​ក្មេងស្រីទាំង​ឡាយ ទាមទារ​អោយ​​ក្មេងស្រី​បាន​ចូល​​សាលារៀន​ ដូច​ជា​ក្មេង​ប្រុស​​ដែរ។  នាង​​មាន​​ដើម​កំណើត​នៅ​ក្រុង​ មីនហ្កូរ៉ា ស្ថិត​នៅ​​ភាគខាង​ជើង ប្រទេស​ប៉ាគីស្ថាន ក្នុង​តំបន់​ដែល​រង​​ឥទ្ធិពល​​ពី​​ពួក​តាលីបង់។

នាង​ត្រូវ​បាន​សាធារណៈ​ជន​ចាប់​អារម្មណ៍​ កាល​ពី​ដើម​ឆ្នាំ ២០០៩ នៅ​ក្នុង​​គេហទំព័រ​អាំងទែរណែត​​មួយ​របស់​ទូរទស្សន៍អង់គ្លេស​ BBC ដែល​នៅ​ពេល​នោះ នាង​បាន​​ធ្វើ​សាក្សី​​ពី​អំពើ​ហិង្សាដុតសាលារៀន​របស់​ក្មេងស្រី ដែល​បង្ក​ឡើង​ដោយ​​ពួក​តាលីបង់។ ក្នុង​​គេហទំព័រ​អាំង​ទែរ​ណែត​នោះ គេ​បាន​ឃើញ​រូបភាព​កុមារី​ ម៉ាឡាឡា​ មាន​ទឹក​ភ្នែក​រហាម​ ហើយ​បាន​​និយាយ​ថា​ចង់​ក្លាយ​ខ្លួន​ជា​គ្រូពេទ្យ។

ដោយសារ​​​​សកម្មភាព​​តស៊ូ​​​​របស់​នាង​ក្នុង​ការ​លើក​តំកើង​សិទ្ធិ​ក្មេងស្រី​​ ម៉ាឡាឡា​ យូសាហ្វហ្សៃ បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់។ ​​ កាល​ពី​ថ្ងៃ ០៩ ​​​​ខែ​​តុលា​ ឆ្នាំ ២០១២ ​កុមារី ម៉ាឡាឡា​ បាន​​​រង​របួស​​ក្នុង​ការ​វាយ​ប្រហារ​​​​​របស់​ពួក​តាលីបង់​​​​ទៅ​លើ​រថយន្ត​​ដឹក​សិស្ស​សាលា​មួយ​​​​​គ្រឿង​ ដោយ​នាង​​បាន​រ​ង​នូវ​គ្រាប់​​កាំ​ភ្លើង​ប៉ះ​ត្រូវ​ក្បាល យ៉ាង​ធ្ងន់​​ធ្ងរ។ ​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​​​​​ទាំង​អស់ នៅ​ប៉ាគីស្ថាន ​​​បាន​​ថ្កោលទោស​​យ៉ាង​ខ្លាំង​ដល់​ការ​វាយ​ប្រហារ​នេះ។

​​ជា​ម្ចាស់​ពាន​រង្វាន់​សន្តិភាព​​​ជាតិ​នៅ​ប៉ាគីស្ថាន និង​ម្ចាស់​​ពាន​រង្វាន់​​​ Simone de Beauvoir ​​​ ​​​
​​​​ដែល​ជា​ពាន​រង្វាន់​ផ្នែក​សេរីភាព​​ស្ត្រី​​ដែល​ប្រគល់​ដោយ​ប្រទេស​បារាំង​ ​កុមារី ម៉ាឡាឡា យូសាហ្វហ្សៃ​ ប្រហែល​ជា​អាច​នឹង​​ជាប់​ឈ្មោះ​ជា​ម្ចាស់​ពាន​រង្វាន់​សន្តិភាព​​ក្នុង​លោក​ នា​ខែ​តុលា​ខាង​មុខ​នេះ។

“អ្នក​ដឹង​ទេ​ថា​ប្រទេស​បារាំង ​​ស្ថិត​នៅ​​​ក្បែររូប​​អ្នក​ជានិច្ច​​ ក្នុង​ការ​តស៊ូ​​ដែល​អ្នក​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដើម្បីទាមទារ​​​​​​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ និង​ការ​​ទទួល​បាន​ការ​សិក្សា។” នេះ​ជា​​​ឃ្លា​​ប្រយោគ​កោត​សរសើរ​បន្ថែម ​របស់​ប្រធានាធិបតី​បារាំង​ នៅ​ក្នុង​លិខិត​របស់​លោក។ ​ប្រធានាធិបតី​បារាំង​ ក៏​បាន​​​សរសេរ​ផង​ដែរ​ថា ប្រជាជន​បារាំង​រាប់​​លាន​នាក់ ​គាំ​ទ្រ​​សកម្មភាព​តស៊ូ​របស់​កុមារី ម៉ាឡាឡា​ យូសាហ្វហ្សៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI