កូរ៉េខាងជើង-កូរ៉េខាងត្បូង

លោក Lee Myung-Bak៖« ការ​បង្រួបបង្រួម​កូរ៉េ​ទំាង​ពីរ ជា​រឿង​មួយ​មិន​អាច​ចៀស​រួច »

នៅ​ថ្ងៃ​ពុធ ទី១២ កញ្ញា​ម្សិលមិញ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-Bak បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​បង្រួបបង្រួម​កូរ៉េ​ទំាង​ពីរ​ដោយ​សន្តិវិធី គឺ​ជា​រឿង​មួយ​មិន​អាច​ចៀស​រួច។ លោក Lee បាន​និយាយ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស។

លោក​ប្រធានាធិបតីកូរ៉េ​ខាងត្បូង លីម្យ៉ុងបាក់​(Lee Myung-Bak)
លោក​ប្រធានាធិបតីកូរ៉េ​ខាងត្បូង លីម្យ៉ុងបាក់​(Lee Myung-Bak) REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ នៅ​សល់​តែ​ជាតិ​កូរ៉េ​មួយ​គត់​ដែល​កំពុង​ចែក​ជា​ពីរ​ចំណែក ដូច្នេះ វា​ជា​រឿង​មួយ​មិន​អាច​ចៀសផុត​ដែល​យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​នៅ​ថ្ងៃ​ណា​មួយ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-Bak នា​ពេល​ទស្សនកិច្ច​ក្នុង​ប្រទេស​ន័រវែស។ លោក Lee បាន​បន្ថែម​ថា « យើង​មិន​អាច​បង្រួបបង្រួម​គ្នា​ដោយ​ប្រើ​កម្លំាងបាយ​ទេ។ អាវុធ​នុយក្លេអ៊ែរ និង​មហាអំណាច​យោធា​មិន​មែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​កូរ៉េខាងជើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ »។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខរដ្ឋ​កូរ៉ខាងត្បូង​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​សង្រ្គាម​កូរ៉េ​ទំាង​ពីរ​បាន​បិទបញ្ចប់​តំាង​ពី​ឆ្នំា ១៩៥៣ ក្តី ក៏​ជា​ផ្លូវការ បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម​ដដែល ព្រោះ​ថា ភាគី​ទំាង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​​សន្ធិសញ្ញា​សន្តិភាព​រវាង​គ្នា​ទេ។

សូម​បញ្ជាក់​ថា តំាង​ពី​មរណៈភាព​អគ្គមគ្គុទ្ទេសក៍​កូរ៉េខាងជើង គីម ជុងអ៊ីល​កាល​ពី​ថ្ងៃទី ១៧ ធ្នូ ឆ្នំា ២០១១ និង​ការ​ឡើង​កាន់​តំណែង​របស់​អគ្គមគ្គុទ្ទេសក៍​ថ្មី គីម ជុងអុន​មក ទស្សនវិស័យ​នៃ​ការ​បង្រួមបង្រួប​ត្រូវ​បាន​ថ្នាក់ដឹកនំា​កូរ៉េខាងត្បូង​លើក​យក​ទៅ​ជែក​ជា​ថ្មី។ ប៉ុន្តែ​ទស្សនវិស័យ​នេះ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ ដោយសារ​តែ​ភាពតានតឹង​នៅ​តែ​បន្ត​កើត​មាន​ជា​ប្រចំា​រវាង​គ្នា។ កាល​ពី​ខែ​សីហា​កន្លង​ទៅ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ប្រកាស​ពី​ការ​បង្កើត​មូលនិធិ​មួយ​ទុក​សម្រាប់​ចំណាយ​លើ​ដំណើរការ​បង្រួបបង្រួម​ជា​យថាហេតុ។ មូលនិធិ​នោះ​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៧១ ០០០លានអឺរ៉ូ ឬ​ស្មើ​នឹង​១ភាគ៤​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក សម្រាប់​ការ​ចាយវាយ​ក្នុង​ឆ្នំា​ដំបូង។

ការ​ត្រៀមខ្លួន​ចាយវាយ​ដ៏​ច្រើន​សម្បើម​របស់​កូរ៉េខាងត្បូង​នៅ​ក្នុង​គម្រោង​បង្រួបបង្រួម​ជា​យថាហេតុ​នេះ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លំាង​ពី​សំណាក់​ពលរដ្ឋ​កូរ៉េខាងត្បូង​ជាទូទៅ។ ប៉ុន្តែ​កូរ៉េខាងជើង​បាន​ព្រមាន​រួច​ហើយ​ថា វា​គ្មាន​ប្រយោជន៍​អ្វី​ដែល​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​រង់ចំា​ការ​ធ្វើ​កំណែទម្រង់​ណា​មួយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI