ហ្វីលីពីន

បោះឆ្នោត​សភា​នៅ​ហ្វីលីពីន​

ប្រជាជន​ហ្វីលីពីន​តំរង់ជួរគ្នា​ដើម្បី​បោះ​ឆ្នោត
ប្រជាជន​ហ្វីលីពីន​តំរង់ជួរគ្នា​ដើម្បី​បោះ​ឆ្នោត REUTERS/Erik De Castro

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រជាជន​ហ្វីលីពីន​បាន​នាំគ្នា​ទៅបោះឆ្នោត​រើស​តំណាង​រាស្ត្រ​ ​សមាជិក​ព្រឹទ្ធសភា​​ និង​អភិបាល​ខេត្ត-ក្រុង​​របស់​ខ្លួន​ សំរាប់​ពាក់កណ្តាល​អណត្តិសភា។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោតអាច​នឹង​ត្រូវ​បាន​ដឹង​ នៅ​ល្ងាច​ថ្ងៃ​ចន្ទនេះ។ គេ​រំពឹង​​​ថា ប្រធានាធិបតី​ បេនីញ៉ូ អាគីណូ ​​ដែល​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការ​​ធ្វើ​អោយ​មាន​​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស នឹង​ទទួល​បាន​ជោគជ័យ។ ដោយឡែក ការ​ឃោសនា​ក្នុង​ការ​បោះឆ្នោត​កន្លង​​មក​ បាន​ប្រព្រឹត្ត​ទៅ​​​​ក្នុង​​​អំពើ​ហិង្សា ​បណ្តាល​អោយ​​មនុស្ស​ជាង​៣០​នាក់​បាត់បង់ជីវិត។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនហ្វីលីពីន​​ដែលមាន​ឈ្មោះ​បោះឆ្នោត សំរាប់​ពាក់កណ្តាល​អណត្តិ​សភា​​​ នៅ​ថ្ងៃ​ចន្ទនេះ មាន​ចំនួន​ជាង​៥២​លាននាក់។ ​ពួកគេ​ត្រូវ​ជ្រើសរើស​​តំណាង​រាស្ត្រ​ សមាជិក​ព្រឹទ្ធសភា​​ និង​អភិបាល​ខេត្ត-ក្រុង​​ សំរាប់​​តំណែងសរុប​​ចំនួន​​ ១៨០០០ តំណែង នៅទូទាំង​ប្រទេស​។

គេ​រំពឹង​ថា ការបោះឆ្នោត​នេះ​​​អាច​នឹង​ផ្តល់​ជោគជ័យ​ដល់​​ប្រធានាធិបតី បេនីញ៉ូ អាគីណូ ដែល​បាន​ដើរ​​តួនាទី​សំខាន់​ក្នុង​ការ​លើកកំណើន​សេដ្ឋកិច្ច​ហ្វីលីពីន។ កំណើន​សេដ្ឋកិច្ច​ហ្វីលីពីន​​ក្នុង​ឆ្នាំ២០១២កន្លង​ទៅ ​​​មាន​​រហូត​​​ដល់​ទៅ​ជាង​៦,៦ ភាគរយ​ ជា​អត្រា​មួយ​​​​​ខ្ពស់​នៅ​អាស៊ី។ គេសង្កត​ឃើញថា អ្នកវិនិយោគ​បរទេស​​ផ្តល់​​ទំនុកចិត្ត​ខ្ពស់​​ដល់​ប្រទេស​នេះ។

លោក​​អាគីណូ​ ដែល​បាន​ជាប់​ឆ្នោត​ជាប្រធានាធិបតី កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០​នោះ បាន​​​​ព្យាយាម​ធ្វើ​អោយ​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អណត្តិ​​​នេះ ក្លាយ​ជា​ការបោះឆ្នោត​ប្រជាមតិ​​មួយ​ជាប្រយោជន៍​ដល់​​រូប​លោក។ គួ​ររំលឹក​ថា កាលពី​ឆ្នាំ​២០១០ គណបក្ស​សេរី​របស់​លោក​​​អាគីណូមិន​បាន​ទទួល​សមាសភាព​ភាគច្រើន ​នៅ​ព្រឹទ្ធ​សភា​ហ្វីលីពីន​នោះទេ។ នៅពេលនេះ ប្រសិន​បើ​លោកអាគីណូ​​ទទួល​បាន​សមាសភាព​​នេះ លោក​នឹង​មាន​អំណាច​ខ្ពស់​ក្នុង​ការ​អនុម័ត​​ច្បាប់។​

ទោះយ៉ាងណា​​ក្តី​ ដូច​ជា​រាល់​ដង​ដែរ ​​ការ​ឃោសនា​បោះឆ្នោត​កន្លង​មក ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មិន​អាច​ចៀស​ផុត​ពី​​អំពើ​ហិង្សានានាបានឡើយ។ ហើយ​អំពើ​ហិង្សានៅពេល​​នេះ បាន​សម្លាប់​មនុស្ស​ជាង​៣០​នាក់​ ដែល​ភាគច្រើន​​​​​​ជា​សកម្មជន​ប្រឆាំង​ រឺ​ក៏​​ជា​អ្នក​សារព័ត៌មាន។ យោងតាម​ប្រភពព័ត៌មាន​ខ្លះ អំពើហិង្សា​ក្នុង​ការ​ឃោសនាបោះឆ្នោត​​កន្លង​មក បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ទ្វេ​ដង​លើស​នេះ​ទៅទៀត។

ក្រៅពីនេះ​ បេក្ខជន​នានា​បានព្យាយាម​​ទិញ​សន្លឹក​ឆ្នោត​ពី​ប្រជាជន​​ ដោយ​បានធ្វើការ​លួចលាក់​​​ផ្តល់​​ប្រាក់កាស​ និង​កាដូ​ផ្សេងៗ​ដល់​ពួកគេ។ វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ព្រោះ​ថា ថ្វីដ្បិត​តែ​ហ្វីលីពីន​មាន​កំណើន​​សេដ្ឋកិច្ច​​គួរ​អោយកត់សម្គាល់ក្តី​​ វិសមភាព​រវាង​អ្នក​មាន​និង​អ្នកក្រ​នៅ​មាន​គម្លាត​គ្នា​ឆ្ងាយ​ស្រឡះ។ ប្រជាជន​ភាគច្រើន​នៅ​តែ​​​មាន​ចំណូល​​តិច​ជាង​មួយដុល្លារ​ ក្នុង​មួយថ្ងៃ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​​ប្រហែល​ជា​អាច​ចេញ​ជា​ផ្លូវការ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទនេះ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI