ណូបែលសន្តិភាព

ស្រ្តីអាហ្រ្វិក​ពីររូប និង​អ្នកកាសែត​យេម៉ែន​ជា​ជ័យ​លាភី​ណូបែល​សន្តិភាព ២០១១

​ជ័យ​លាភី​ណូបែល​សន្តិភាព​ទាំងបី​ឆ្នាំ ២០១១ ដែលមាន​ប្រធានាធិបតី​លីបេរីយ៉ា (រូបកណ្តាល)
​ជ័យ​លាភី​ណូបែល​សន្តិភាព​ទាំងបី​ឆ្នាំ ២០១១ ដែលមាន​ប្រធានាធិបតី​លីបេរីយ៉ា (រូបកណ្តាល) ©Reuters

នៅថ្ងៃ​សុក្រ​នេះ នៅទីក្រុង​អូស្លូ​ប្រទេស ន័រវែស គណៈកម្មាធិការ​ណូបែល​បាន​ប្រកាស​ឈ្មោះ​ជ័យលាភី​ណូបែល​សន្តិភាព ឆ្នាំ ២០១១។ លោកស្រី​ប្រធានាធិបតី​លីបេរីយ៉ា សកម្មជនការពារ​សិទ្ធិ​ស្រ្តី​លីបេរីយ៉ា និង​អ្នកកាសែត​ស្រ្តី​យេម៉ែន ត្រូវ​ទទួល​រង្វាន់​ណូបែល​សន្តិភាព​រួមគ្នា នៅថ្ងៃ​ទី ១០ ខែ​ធ្នូខាងមុខនេះ។ នេះជា​លើកទី ១២ ដែលស្រ្តី​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព ដែល​បង្កើត​ឡើង​ដោយ​លោក Alfred Nobel នៅឆ្នាំ ១៩០១។

ផ្សាយពាណិជ្ជកម្ម

មនុស្ស​ច្រើន បាន​រំពឹង​ទុកមុន​ថា រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​នេះ​នឹង​អាច​ធ្លាក់​ទៅក្នុង​ដៃ​យុវជន​អារ៉ាប់ នៅក្នុង​ប្រទេស​អេហ្ស៊ីប និង​ទុយនីស៊ី ព្រោះ​ពួកគេ​មាន​ស្នាដៃ ក្នុង​ការប្រមែប្រមូល​មនុស្ស​ឲ្យចេញធ្វើ​បាតុកម្ម ផ្តួលរំលំ​មេដឹកនាំ​ផ្តាច់ការ។ ចំណែក​ប្រធាន​គណៈកម្មាធិការ​ណូបែល វិញ​បាន​បង្ហើប កាល​ពី​ម្សិលមិញ ពីលទ្ធភាព​ដែល​បេក្ខជន​មកពី​អឺរ៉ុប អាច​ទទួល​រង្វាន់​ណូបែល​សន្តិភាព។

 
ប៉ុន្តែ លទ្ធផល​ចេញមក​ពីការបោះឆ្នោត​របស់​គណៈកម្មាធិការ​ណូបែល​បាន​បង្ហាញថា គឺ​ប្រធានាធិបតី និង​សកម្មជន​ការពារសិទិ្ធ​ស្រ្តី​អាហ្រ្វិកពីររូប និង​អ្នកកាសែត​យេម៉ែនម្នាក់​ដែល​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំនេះ។ បើតាម​ប្រធាន​គណៈកម្មាធិការ​ណូបែល ស្រ្តីទាំងបីរូប បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ពីព្រោះ​ពួកគេ​មាន​ស្នាដៃ​ប្រយុទ្ធប្រឆាំង​ដោយ​អហិង្សា ដើម្បី​សន្តិសុខ​របស់​ស្រ្តី និង​ដើម្បីស្តី្រ​ចូលរួមក្នុង​ដំណើរការ​ស្វែងរក សន្តិភាព។

ក្នុង​ករណី​របស់​លោកស្រី Ellen Johnson Sirleaf ប្រធានាធិបតី​លីបេរីយ៉ា លោកស្រីជា​ប្រធានាធិបតី​ស្រ្តី​ទីមួយ ក្នុង​ទ្វីបអាហ្រ្វិក។ Ellen Johnson Sirleaf អាយុ ៧២ឆ្នាំ ត្រូវ​បានគេទទួល​ស្គាល់​ថា បាន​ចូលរួម​កសាង​សន្តិភាព ដោយ​ស្រោចស្រង់​លីបេរីយ៉ា​ចេញពី​សង្រ្គាម​ស៊ីវិល នៅឆ្នាំ ២០០៣។ ការជ្រើសរើស​លោកស្រី​ឲ្យ​ជា​ជ័យលាភី​ណូបែល​សន្តិភាព ធ្វើ​ឡើង នៅតែ​៤ថ្ងៃ​មុន​ការបោះឆ្នោត ប្រធានាធិបតី​នៅលីបេរីយ៉ា។ មើលទៅ​រង្វាន់ណូបែល​នឹង​អាចជួយ​ជម្រុញ​ឲ្យ​លោកស្រី​ជាប់ជា​ប្រធានាធិបតី សម្រាប់​អាណត្តិ​ទីពីរទៀត។ ជោគជ័យ​របស់លោកស្រី​ប្រធានាធិបតី​ Ellen Johnson ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល នៅលីបេរីយ៉ា មិន​មានទៅរួច​ទេ បើ​គ្មាន​លោកស្រី Leymah Gbowee​ដែល​ជាអ្នក​ត្រួសត្រាយ នៅទីលាន ជាក់ស្តែង។ Leymah Gbowee​ត្រូវ​គណៈកម្មាធិការ​ណូបែល​បោះឆ្នោត​ឲ្យ​ជាប់​ជា​ជ័យលាភី​ណូបែលដែរ ដោយមក​ពី​លោកស្រី​ជាអ្នកផ្តួចផ្តើម​ប្រមូល​ប្រជាជន​ចេញមុខ​តវ៉ា ដើម្បី​ទាមទារ​សន្តិភាព​នៅលីបេរីយ៉ា។

មួយវិញទៀត រង្វាន់ណូបែល​មិន​បាន​ធ្លាក់ទៅក្នុង​ដៃ​យុវជន​ដែល​បាន​ជម្រុញ​ឲ្យ​មាន​បដិវត្តន៍​នៅអេហ្ស៊ីប និង​ទុយនីស៊ី មែន ប៉ុន្តែ នៅប៉ុន្មាន​នាទីក្រោយ​ប្រកាសលទ្ធផល Tawakkol Karman អ្នកកាសែត​ស្រី​យេម៉ែន ដែល​ទើប​ដឹងថា ខ្លួន បាន​ទទួល​រង្វាន់​ណូបែលសន្តិភាព ២០១១ បាន​និយាយ​ថា រង្វាន់​ណូបែល​សន្តិភាព​សម្រាប់​លោកស្រី គឺ​ក៏ដូចជា​សម្រាប់​សកម្មជន​ទូទៅ​ដែល​បាន​ធ្វើ​បដិវត្តន៍​អារ៉ាប់ ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​អំណាចផ្តាច់ការ​របស់​មេដឹកនាំ។ គួរដឹងថា ក្នុង​ប្រទេស​យេម៉ែន ដែល​កំពុង​ត្រាំត្រែង​នឹង​អំពើហិង្សា និង​បាតុកម្ម​មហាជន អ្នកកាសែត Tawakkol Karman ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកដឹកនាំ​សំខាន់មួយ ក្នុងចំណោម​អ្នកដឹកនាំ​បាតុកម្ម​និស្សិត​ផ្សេងទៀត ដើម្បី ទាមទារ​ឲ្យ​ប្រធានាធិបតី​Abdallah Saleh ចុះចេញ​ពី​តំណែង​ប្រធានាធិបតី។

លោក​លី ស៊ាវប៉ូ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១០ ប៉ុន្តែ នៅតែជាប់ឃុំ​ក្នុង​គុក​របស់​រដ្ឋអំណាចចិន
លោក​លី ស៊ាវប៉ូ សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចិន​បាន​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១០ ប៉ុន្តែ នៅតែជាប់ឃុំ​ក្នុង​គុក​របស់​រដ្ឋអំណាចចិន REUTERS

លោក​លី ស៊ាវប៉ូ ម្ចាស់រង្វាន់​ណូបែល​សន្តិភាព​២០១០​ នៅតែជាប់​ក្នុង​គុក ប្រទេស​ចិន​

ប្រសិន​បើ​គេសង្ឃឹម​ថា រង្វាន់​ណូបែល​សន្តិភាព​នឹង​ជម្រុញ​ឲ្យ​អាជ្ញាធរ​ចិន​ដោះលែង លោក​លី ស៊ាវប៉ូ នោះគេ​ប្រាកដ​ជា​គិត​ខុស។ មុន​នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ទទួល​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំមុន សកម្មជន​ការពារសិទ្ធិ​មនុស្ស រូបនេះ ត្រូវ​រដ្ឋអំណាច​ចិន​ចាប់​ដាក់គុក ដោយ​ចោទ​ពី​បទ​បង្ក​វិទ្ធង្សនា។

ការផ្តល់​រង្វាន់​ដ៏​កិត្តិយស ណូបែល​សន្តិភាព មិន​ត្រឹមតែ មិន​បាន​ជួយ​ដល់លោក​ លី ស៊ាវប៉ូ ឲ្យ​ចេញពីគុក ប៉ុន្តែ វា​រឹតតែ​ទៅ​ទម្លាក់​លើ​ទុក្ខ​របស់​គ្រួសារ​របស់​លោក​ លី ស៊ាវប៉ូ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៅទៀត។ ក្រោយ ពេលគេ​ប្រកាស​ផ្តល់​រង្វាន់​សន្តិភាព ប្រពន្ធ​របស់​លោក​​ លី ស៊ាវប៉ូ ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ដាក់ឃុំ ក្នុង​គេហដ្ឋាន និងផ្តាច់​ទំនាក់ទំនង​របស់​គាត់ ជាមួយ​ពិភពខាងក្រៅ។

ភរិយា​របស់​លោក​លី ស៊ាវប៉ូ ធ្លាប់​បាន​និយាយ​ប្រាប់​អ្នកកាសែត​លោកខាងលិចថា ខុសពី​ប្រទេស​ដទៃទៀត នៅប្រទេស​ចិន រង្វាន់​ណូបែល​សន្តិភាព​បាន​ធ្វើ​ឲ្យ​សកម្មជន​រឹតតែ​បិទ​មាត់ មិន​ហ៊ាន​បញ្ចេញមតិ។

ក្នុង​រយៈពេល​មួយឆ្នាំ​ទៅនេះ រដ្ឋអំណាច​ចិន ដែល​កំពុង​ខ្លាច​បដិវត្តន៍​អារ៉ាប់ ឆ្លង​ចូល​ក្នុង​ប្រទេស​របស់ខ្លួន កំពុងតាម​​ចាប់ដាក់គុក ​រាល់អ្នកដែល​ហ៊ាន​កម្រើក​ខ្លួន​តវ៉ា។ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មេធាវី និង​អ្នកបង្កើតBlog ចិន បាន​បាត់ខ្លួន ជា​បន្តបន្ទាប់។ គេ​សង្ស័យ​ថា ពួកគេ​ទាំងនោះ​ត្រូវ​អាជ្ញាធរ​ចាប់ឃុំ​ដោយ​សម្ងាត់។ បារម្ភ​មាន​កាន់តែខ្លាំង ​ ​នៅពេលគេ​បាន​ដឹងថា ​រដ្ឋាភិបាល​ចិន​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់ ដែល​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចាប់មនុស្ស​ឃុំខ្លួន ដោយ​សម្ងាត់ និង​ដោយ​ស្របច្បាប់។

បើតាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ក្នុង​ទីក្រុង​ហុងកុង ក្តីសង្ឃឹម ដែល​ថា ​រង្វាន់​ណូបែល​សន្តិភាព​ដល់​ជនជាតិ​ចិន​លើកដំបូង នឹង​ជម្រុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ និង​ការគោរព​សិទ្ធិមនុស្ស ត្រូវ​រលាយ​ដូចផ្សែង។ ប៉ុន្តែ សម្រាប់​អ្នកផ្តល់រង្វាន់​ណូបែល​សន្តិភាពវិញ វាគ្មានអ្វី​ដែល​ភ្ញាក់ផ្អើលទេ ដែល​គេ​ឃើញ​ប្រតិកម្ម​កំរោល​ចូលរបស់​អាជ្ញាធរ​ចិន។

បើទោះបី​ជា​រង្វាន់​ណូបែល​សន្តិភាព​មិន​បាន​ជួយ​ឲ្យ​គេ​ដោះលែង​លោក​លី ស៊ាវប៉ូ មែន ប៉ុន្តែ វា​បាន​ជម្រុញ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​និយាយ ​ផ្តោតខ្លាំង​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន។ ដូចករណី​របស់​លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​បក្ស​ប្រឆាំង​ភូមា ដែល​ពិភពលោក​ទាំងមូល​បាន​រិះគន់ និង​ដាក់គំនាប​រហូត​ដល់​រដ្ឋាភិបាល​សម្រេច​ដោះលែង​លោកស្រី​មេដឹកនាំ​ប្រឆាំង។ ជាថ្មីម្តងទៀត គណៈកម្មាធិការ​នឹង​រង់ចាំ ដោយ​អត់ធ្មត់ ឲ្យ​លោក​លី ស៊ាវប៉ូ ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព រហូត​គាត់​បាន​ទទួល​សេរីភាព និង​មកទទួល​រង្វាន់​ដោយខ្លួនឯង បើទោះ​ជា​ការរង់ចាំ មាន​រយៈពេល​វែង យ៉ាងណា​ក៏ដោយ ព្រោះថា លោក​លី ស៊ាវប៉ូ​ត្រូវ​តុលាការ​ចិន​ចាប់​ដាក់គុក ដល់​ទៅ ១១​ឆ្នាំ​ឯណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI