ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកប្រហែលជាបានគ្រោងទុកជាមុន
កាលទេសៈនៃមរណភាពនៃឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសលីប៊ីនៅមានលក្ខណៈពុំទាន់ច្បាស់លាស់នៅឡើយ។ លោក Jay Christopher Stevens ប្រហែលជាបានប៉ុនប៉ងរត់គេចចេញពីអគារដែលកំពុងឆាបឆេះសន្ធោសន្ធៅ។ នៅទីក្រុងវ៉ាស៊ីនតោនឯណោះ សម្មតិកម្មមួយបានត្រូវគេលើកឡើងថា គឺជាប្រតិបត្តិការដែលបានប្រុងប្រៀបរៀបចំជាមុន ហើយអាចជាស្នាដៃរបស់ពួកភេរវជនអាលកៃដា ពុំមែនកើតចេញពីកំហឹងរបស់ក្រុមបាតុករឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Benghazi នៅប្រទេសលីប៊ី ប្រហែលជាបានរៀបចំគ្រោងទុកជាមុន ហើយអាចជាស្នាដៃរបស់ពួកភេរវជនអាលកៃដា។ នេះជាសម្មតិកម្មរបស់អាជ្ញាធរអាមេរិកាំងបច្ចុប្បន្ននេះ។ បើយោងតាមប្រភពជាច្រើនដែលបានផ្សាយឲ្យដឹងដោយសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនយល់ថា ទាំងនេះពុំមែនកើតចេញពីកំហឹងរបស់បាតុករដែលខឹងក្រេវក្រោធប្រឆាំងទល់នឹងខ្សែភាពយន្តជេរប្រមាថសាសនាអ៊ីស្លាមឡើយ។ បាតុកម្មនិងកំហឹងទាំងនោះគ្រាន់តែជាលេសសម្រាប់យកមកធ្វើការវាយប្រហារតែប៉ុណ្ណោះ។
រីឯប្រធាននៃគណៈកម្មការខាងយកការណ៍នៅសភាអ្នកតំណាងអាមេរិកលោក Mike Rogers មកពីគណបក្សសាធារណរដ្ឋបានប្រកាសថា ពិតជាស្នាដៃរបស់ពួកភេរវជនអាលកៃដា ដោយគេសំអាងទៅលើសព្វាវុធដ៏ធ្ងន់ៗនិងដ៏ទំនើបរបស់អ្នកមកធ្វើការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Benghazi នៃប្រទេសលីប៊ី។
សព្វាវុធទាំងនោះមានដូចជា កាំភ្លើងបាញ់គ្រាប់រ៉ុកកែត វាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិក ដែលនៅក្នុងអគារនោះមានរូបលោកឯកអគ្គរដ្ឋទូតអាមេរិក Christopher Stevens ។ ក៏ប៉ុន្តែគឺការធ្លាក់ចំថ្ងៃទី១១កញ្ញាដែលបានធ្វើឲ្យអាមេរិកាំងមានចំណាប់អារម្មណ៍ជាងគេ ដោយហេតុថា នៅថ្ងៃអង្គារទី១១កញ្ញាឆ្នាំ២០១២គឺជាថ្ងៃដែលស.រ.អា.ប្រារព្ធធ្វើបុណ្យខួបរំលឹកឆ្នាំទី១១នៃថ្ងៃមហាភេរវកម្ម១១កញ្ញាឆ្នាំ២០០១។ ហើយម្យ៉ាងទៀត ទីក្រុងបេងហ្គាហ្ស៊ីបានត្រូវគេចាត់ទុកជាដែនអំណាចនៃពួកអ៊ីស្លាមជ្រុលនិយមនៅលីប៊ី។
គួរកត់សម្គាល់ថា អង្គការ Ansar al-Sharia ដែលគេដឹងថាមានទំនាក់ទំនងស្និទ្ធជាមួយនឹងពួកអាលកៃដា មានទីតាំងរបស់គេនៅប៉ែកខាងកើតនៃប្រទេសលីប៊ី។ នេះជាការប្រកាសឲ្យដឹងនៅល្ងាចថ្ងៃពុធម្សិលមិញនៅតាមទូរទស្សន៍ CNN ដោយអតីតទីប្រឹក្សាខាងបញ្ហាសន្តិសុខជាតិរបស់លោកអតីតប្រធានាធិបតីអាមេរិក George W Bush ។
ហើយលោកស្រីអតីតទីប្រឹក្សាខាងបញ្ហាសន្តិសុខជាតិបានបន្ថែមទៀតថា ការវាយប្រហារនៅថ្ងៃអង្គារទី១១កញ្ញាឆ្នាំ២០១២គឺជាស្នាដៃរបស់ពួកភេរវជន។
ចំណែកឯមន្ទីរប៉ង់តាហ្គោនវិញបានប្រកាសថា គេបានបញ្ជូននាវាចម្បាំងពីរគ្រឿងទៅប្រទេសលីប៊ីដើម្បីការពារខ្លួន។ ក៏ប៉ុន្តែ នាវាចម្បាំងពីរគ្រឿងនេះ មានប្រដាប់ទៅដោយកាំជ្រួចមីស្ស៊ីល Tomahawk ដែលបញ្ជាដោយផ្កាយរណប ហើយដែលគេអាចយកទៅប្រើប្រយុទ្ធប្រឆាំងនឹងពួកភេរវជន។
រីឯបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋ លោកMitt Romney វិញ បានធ្វើការវាយប្រហារទៅលើរដ្ឋបាលរបស់លោកអូបាម៉ាថា បានបង្ហាញឲ្យឃើញនូវភាពទន់ខ្សោយរបស់ខ្លួន នៅខណៈពេលដែលគេបានវាយប្រហារមកលើអាមេរិក ដោយហេតុថា នៅខណៈពេលដែលភាពតានតឹងកើនឡើង នៅថ្ងៃអង្គារកន្លងទៅនៅទីក្រុងគែរឯណោះ ស្ថានទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍ បរិហារពីការវាយប្រហារទៅលើសាសនាអ៊ីស្លាម ដែលជាមូលហេតុនាំឲ្យកើតមានកំហឹងក្រេវក្រោធរបស់ពួកបាតុករ។
ក៏ប៉ុន្តែ ទាំងនេះកើតមានមុនការវាយប្រហារទៅលើស្ថានទូតហើយនិងមុនព្រឹត្តិការណ៍នៅទីក្រុងបេងហ្គាហ្ស៊ី។ នេះជាការថ្លែងការពារខ្លួនរបស់រដ្ឋបាលអូបាម៉ា ដែលបានបរិហារផងទៀតពី ការវាយប្រហារយកចំណេញនយោបាយរបស់បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោកMitt Romney។
លោកបារ៉ាក់អូបាម៉ាបានថ្លែងប្រកាសប្រាប់ទៀតថា ទង្វើបែបនេះរបស់លោក Mitt Romney គឺជាទង្វើពុំត្រឹមត្រូវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ