អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​​យល់ព្រម​​លើ​​ការ​​កែប្រែ​​ច្បាប់​​ស្តីពី​​ការ​ប្រឆាំង​​ការ​សម្អាត​​ប្រាក់​​ និង​​ហិរញ្ញប្បទាន​​ភេរវកម្ម​​

លុយរៀល​ខ្មែរ
លុយរៀល​ខ្មែរ Leopard Capital
ដោយ៖ លី ម៉េងហួរ
២១ នាទី

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ រដ្ឋសភា​បាន​អនុម័ត​យល់ព្រម​លើ​ការកែប្រែ​មាត្រា​មួយចំនួន​ក្នុង​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ច្បាប់​ស្តីពី​ការប្រឆាំង​ការ​សម្អាត​​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវបាន​អនុម័ត​និង​ប្រកាស​ឲ្យប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០០៧។​

ផ្សាយពាណិជ្ជកម្ម

សមាជិក​រដ្ឋសភា ៨៣ រូប ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ៨៩​ រូប ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ បាន​លើកដៃ​អនុម័ត​លើ​ការកែប្រែ​វិសោធនកម្ម​​ មាត្រា​៣ មាត្រា​២៩ និង​មាត្រា ៣០ នៃ​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។​

​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​បាន​ប្រកាស​ឲ្យប្រើ​ប្រាស់ កាលពី​ឆ្នាំ​២០០៧ នៅ​មាត្រា​៣ និយាយ​ពី​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស មាត្រា​២៩ កំណត់​ពី​ទណ្ឌកម្ម​ខាង​ព្រហ្មទណ្ឌ និង​មាត្រា​៣០ និយាយ​ពី​ការឃាត់ទុក​និង​រឹបអូស​ទ្រព្យ​សម្បត្តិ។​

ការកែប្រែ​មាត្រា ២៩​ថ្មី បាន​កំណត់​ថា ការសម្អាត​ប្រាក់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤០ លាន​រៀល រហូត​ដល់ ១០០ លាន​រៀល។ ចំណែក​ការ​បដិសេធ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​ការសម្អាត​ប្រាក់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ថ្ងៃ ដល់ ១ ខែ និង​ពិន័យ​ជា​ប្រាក់ ១ សែន​រៀល ដល់ ១ លាន​រៀល ឬក៏​ផ្តន្ទាទោស​ទាំងពីរ។​
​ក្នុងការ​កែប្រែ​មាត្រា ២៩ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​នឹង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏​បាន​កំណត់​ពី​ការផ្តល់​លុយ​សម្រាប់​បម្រើ​អំពើ​ភេរវកម្ម ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ ពី ១០ ឆ្នាំ ដល់ ២០ ឆ្នាំ។​

​ទេសាភិបាល​ធនាគារជាតិ​កម្ពុជា លោក ជា ចាន់តូ ដែល​បាន​ចូល​ការពារ​ច្បាប់​នៅ​រដ្ឋសភា ព្រឹក​មិញ បាន​ថ្លែងថា ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​បាន​ប្រកាស​ឲ្យប្រើ​ប្រាស់ កាលពី​ឆ្នាំ​២០០៧ គឺ​មុនពេល​ដែល​បង្កើត​ក្រម​ព្រហ្មទណ្ឌ​។ ម្យ៉ាងទៀត ច្បាប់​ក្រម​ព្រហ្មទណ្ឌ​និង​ច្បាប់​ស្តីពី​ការប្រឆាំង​នឹង​ភេរវកម្ម នៅ​ពុំទាន់​បាន​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ដូច្នេះ​ហើយរាជ​រដ្ឋាភិបាល​ក៏​សម្រេច​ធ្វើការ​កែសម្រួល។​

​តាម​រាជរដ្ឋាភិបាល ការ​កែប្រែ​មាត្រា​៣ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​សម្អាត​​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ការពារ គ្រប់គ្រង និង​ទប់ស្កាត់​ឲ្យបាន​នូវ​រាល់​ប្រតិបត្តិការ ឬ​បទល្មើស​ទាក់ទង​នឹង​សកម្មភាព​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​អាច​រក្សា​មុខមាត់​របស់​ប្រទេស​កម្ពុជា នៅក្នុង​តំបន់ និង​អន្តរជាតិ ថា​កម្ពុជា​ជា​កន្លែង​ស្អាតស្អំ និង​មាន​សុវត្ថិភាព​សម្រាប់​ការ​បោះទុន​​និង​ការ​វិនិយោគ។​

​ការកែប្រែ​ច្បាប់​នោះ​ក៏​សម្រាប់​ការពារ​ហានិភ័យ​នៃ​ការនិយាយ​បំផ្លើស​ថា កម្ពុជា​ជា​ឋានសួគ៌​សម្រាប់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រម​ទាំង​ការពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​និង​ពិភពលោក លើ​ការងារ​​ប្រឆាំង​និង​ទប់ស្កាត់​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម។​

​ក៏ប៉ុន្តែ​​សម្រាប់​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បទឧក្រិដ្ឋ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា កើត​ចេញពី​អំពើពុករលួយ ការជួញដូរ​មនុស្ស និង​ការជួញដូរ​គ្រឿងញៀន ព្រម​ទាំង​អំពើ​ឧក្រិដ្ឋ​ផ្សេងៗ​ទៀត​។ លោក​បន្តថា សង្គម​ស៊ីវិល អ្នកវិភាគ​ឯករាជ្យ និង​គណបក្ស​​ប្រឆាំង បាន​រកឃើញថា នៅ​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​បាត់​លុយ​ពី ៥០០ ទៅ ១.០០០ លាន​ដុល្លារ ហើយ​ត្រូវបាន​បង្វិល​ទៅ​ជា​ការរកស៊ី​ដើម្បី​លាង​លុយ។​

​លោក​ យឹម ​សុវណ្ណ ក៏​ស្នើ​ឲ្យរាជរដ្ឋាភិបាល ចាត់​វិធានការ​លុបបំបាត់​អំពើពុករលួយ​ ហើយតាំង​ចិត្ត​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការលាង​លុយ​កខ្វក់​ និង​កាត់បន្ថយ​ភាពក្រីក្រ ឲ្យ​ស្រប​​តាម​កំណើន​សេដ្ឋកិច្ច នា​ពេល​បច្ចុប្បន្ន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ