អានតួអត្ថបទ
កម្ពុជា

ច្បាប់​ធានា​ទូទាត់​សាងសង់​ទំនប់​វារីអគ្គិសនី​ សេសាន​ក្រោម២​ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​

ច្បាប់​ដែល​មាន ៣​មាត្រា​នោះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។
ច្បាប់​ដែល​មាន ៣​មាត្រា​នោះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ RFI/Ly Menghour
ដោយ៖ លី ម៉េងហួរ
៣២ នាទី

ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​រាជ​​រដ្ឋាភិបាល​ធានា​ទូទាត់​ដល់​ក្រុមហ៊ុន​ឯកជន សាងសង់​ទំនប់​វារីអគ្គិសនី សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​រដ្ឋ​សភា​ប្រជុំ​អនុម័ត ដោយ​សំឡេង​គាំទ្រ ៨២ លើ ៩០​សំឡេង ក្នុង​កិច្ច​ប្រជុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ​កុម្ភៈ​នេះ។ សមាជិក​សភា​គណបក្ស​ប្រឆាំង មិន​បាន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ​ទេ ដោយ​ថា​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី សេសាន​ក្រោម​២ ដែល​មាន​តម្លៃ​ជាង ៧៨០​លាន​ដុល្លារ មិន​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ រី​ឯ​សំណង​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ក៏​មិន​ទាន់​ច្បាស់​លាស់។ តែ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន​២ (Hydro Power Lower Sesan 2) ត្រូវ​បាន​រដ្ឋសភា​ប្រជុំ​អនុម័ត នៅ​ថ្ងៃ​១៥​កុម្ភៈ​នេះ។ ច្បាប់​ដែល​មាន ៣​មាត្រា​នោះ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។

កាលពី​ចុង​ឆ្នាំ​មុន រាជ​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​អនុវត្ត​គម្រោង ដោយ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ការ​ធានា​ពីរ​ប្រភេទ​ដល់​ក្រុមហ៊ុន​វិនិយោគ​វារី​អគ្គិសនី ​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង។ ទី​១-​ការ​ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទិញ​ថាមពល​អគ្គិសនី ក្នុង​ករណី​អគ្គិសនី​កម្ពុជា​មិន​ធ្វើ​ការ​ទូទាត់ និង​ទី​២-​ការ​ធានា​លើ​ការ​ទូទាត់​ថ្លៃ​ទិញ​មធ្យោបាយ​គម្រោង ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អាច​អនុវត្ត​គម្រោង​បាន ដែល​បណ្តាល​មក​ពី​ព្រឹត្តិការណ៍​ប្រធាន​សក្តិ​ផ្នែក​នយោបាយ។​

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល ដែល​ជា​តំណាងរាជ​​រដ្ឋាភិបាល ចូល​ការពារ​សេចក្តី​ព្រាងច្បាប់ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ព្រឹកមិញ​ថា គម្រោង​វា​រី​អគ្គិសនី សេសាន​ក្រោម​២ ជា​គម្រោង​មួយ​សំខាន់​ដែល​មាន​ប្រសិទ្ធិភាព​សេដ្ឋកិច្ច​ខ្ពស់ ហើយ​មាន​ការ​សិក្សា​ល្អិតល្អន់ និង​យកចិត្ត​ទុកដាក់​ខ្ពស់​ណាស់ ចាប់​តាំងពី​ឆ្នាំ​២០០៦។​

លោក ស៊ុយ សែម បាន​គូស​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​ថា “​ការសិក្សា​ផ្អែក​លើ​ជំនាញ បច្ចេកទេស ហើយ​អ្នក​សិក្សា​និង​អ្នក​ពិចារណា សុទ្ធ​តែ​ជា​អ្នក​ដែល​សិក្សា​ប្រកប​ដោយ​វិជ្ជាជីវៈ​ច្បាស់លាស់។ គេ​គិត​គ្រប់​បញ្ហា​ទាំងអស់ ដែល​ជា​ផល​ប៉ះពាល់​នៅក្នុង​តំបន់​នៃ​ការ​អនុវត្តន៍​​គម្រោង ដូចជា​លើ​បញ្ហា​បរិស្ថាន ជីវសាស្ត្រ បញ្ហា​សង្គម សេដ្ឋកិច្ច ជាដើម។ ក្នុង​នោះ ក៏​មាន​ការ​គិតគូ​ពី​ការ​ផ្លាស់ប្តូរ​ទី​លំនៅ​របស់​ប្រជាជន ដែល​នៅ​ក្នុង​អាង​”​ ផង​ដែរ។​

លោក​រដ្ឋមន្ត្រី ស៊ុយ សែម បាន​បន្ត​ថា គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ធ្វើឡើង​នៅ​លើ​ចំណុច​ប្រសព្វ​នៃ​ទន្លេ​សេសាន និង​ទន្លេ​ស្រែពក ហើយ​នៅ​លើ​ទន្លេ​ទាំង​ពីរ​នេះ នៅ​ខាង​ទឹកដី​វៀតណាម គេ​បាន​សាងសង់​ទំនប់​វារី​អគ្គិសនី​ដល់​ទៅ ១១ កន្លែង ដោយ​នៅ​លើ​ទន្លេ​សេសាន ៧​គម្រោង ហើយ​ដំណើរការ​រួច​ហើយ។​

អំពី​ចំនួន​ប្រជាជន​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​វារី​អគ្គិសនី សេសាន​ក្រោម​២ ដែល​ពីមុន ការ​សិក្សា​បង្ហាញ​ថា​មាន ១.០២៥​គ្រួសារ តែ​នៅ​ពេល​នេះ​តួលេខ​បង្ហាញ​ថា មាន​តែ​៧៩៧​គ្រួសារ។ លោក ស៊ុយ សែម ពន្យល់​រដ្ឋសភា​ថា មក​ពី​ការ​សិក្សា​ដំបូង​រកឃើញ​ថា មាន​ឃុំ​ចំនួន ៤ ដែល​រង​ផល​ប៉ះពាល់ តែ​ការ​សិក្សា​ល្អិតល្អន់​ចុង​ក្រោយ​នេះ គឺ​មាន​តែ ៣​ឃុំ​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ សមាជិក​រដ្ឋសភា​គណ​បក្សប្រឆាំង ចង់ឲ្យ​រដ្ឋសភា​ពន្យារ​ពេល អនុម័ត​លើ​ច្បាប់ ដែល​បើកផ្លូវ​ឲ្យមាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹងត្រែង ដោយសារ​តែ​មាន​សំណើ​ពី​ប្រជា​ពលរដ្ឋ​រងគ្រោះ បាន​ដាក់​លិខិត​មក​កាន់​រដ្ឋសភា។ មួយវិញ​ទៀត ដំណើរការ​ដេញ​ថ្លៃ​គម្រោង​សាងសង់​វារី​អគ្គិសនី​នោះ ត្រូវ​បាន​សមាជិក​សភា​បក្សប្រឆាំង​អះអាង​ថា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី។​

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “​ជា​រួម យើង​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​វារី​អគ្គិសនី។ តែ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​អគ្គិសនី​ត្រូវ​តែ​មាន​តម្លាភាព និង​ត្រូវ​តែ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​គិតគូរ​​លើ​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ និង​បរិស្ថាន ហើយ​ធានា​ថា​ការ​អភិវឌ្ឍន៍​នោះ មិន​ទទួល​រង​ការ​កេងប្រវ័ញ្ច អំពើ​ពុករលួយ ដែល​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ការ​អភិវឌ្ឍន៍​នោះ​បាត់បង់​ផល​ប្រយោជន៍​ប្រទេសជាតិ។​

លោក សុន ឆ័យ បាន​បន្ថែម​ថា ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី សេសាន​ក្រោម​២ គឺ​ត្រូវ​បាន​ដោះស្រាយ​មិន​ច្បាស់​លាស់ និង​អាច​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ នៅ​ក្នុង​គម្រោង​នោះ។​

យ៉ាងណា​ក៏ដោយ លោក​រដ្ឋមន្ត្រី ស៊ុយ សែម បាន​ឆ្លើយ​តប​ថា គម្រោង​វារី​អគ្គិសនី​តម្លៃ​ជាង ៧៨០ លានដុល្លារ មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់ព័ន្ធ និង​មាន​ការ​សម្រេច​ឯកភាព​ពី​គ្រប់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុង​នោះ​ក៏មាន​អង្គការ​ក្រៅ​​​រដ្ឋាភិបាល​ដែរ។ ចំណែក​ការ​វាយតម្លៃ​លើ​ផល​ប៉ះពាល់ គឺ​ធ្វើ​ឡើង​ពីរ​ដង ដោយ​គិតគូរ​​ជ្រាលជ្រៅ​ណាស់។​

ទោះជា​យ៉ាងណា​ក៏ដោយ សង្គម​ស៊ីវិល ប្រជា​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ នៅ​តែ​មិន​ទាន់​អស់​ចិត្ត ចំពោះ​ការ​សិក្សា​ពី​ផល​ប៉ះពាល់ ជា​ពិសេស​គោលនយោបាយ​ផ្តល់​សំណង និង​ការ​រុះរើ​ភូមិ​ផ្ទះ ទៅ​កាន់​ទីតាំង​ថ្មី ដែល​មិន​ទាន់​ត្រូវ​បាន​កំណត់​ជាក់លាក់​នៅឡើយ។​

គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វារី​អគ្គិសនី សេសាន​ក្រោម​ទី​២ មាន​កម្លាំង ៤០០ មេហ្កាវ៉ាត់ នៅ​ខេត្ត​ស្ទឹងត្រែង អនុវត្ត​ដោយ​ក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន​២ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប។

គម្រោង​សាងសង់​ទំនប់​វារី អគ្គិសនី សេសាន​ក្រោម​២ មាន​តម្លៃ​ជាង ៧៨០ លាន​ដុល្លារ វិនិយោគ​ក្រោម​រូបភាព​ សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (Build-Operate-Transfer BOT) ក្នុង​រយៈ​ពេល​សម្បទាន ៤៥​ឆ្នាំ (សាងសង់​៥​ឆ្នាំ និង​ធ្វើ​អាជីវកម្ម​៤០​ឆ្នាំ)។ ក្រុមហ៊ុន​ក៏​នឹង​ត្រូវ​កាប់​ឈើ សម្អាត​អាង​ទំនប់​វារី​អគ្គិសនី លើ​ផ្ទៃដី ៣៦.០០០​ហិកតា​ផង​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ