អានតួអត្ថបទ
ថៃ

របបសឹកថៃ​ប្រើ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​ចាប់ដាក់គុក​ក្រុម​អ្នកប្រឆាំង

នៅថ្ងៃ​ទី ២​ធ្នូ ទាហាន​ថៃ​ហាត់​សម​ធ្វើ​ព្យុហយាត្រា​ដើម្បី​ត្រៀម​រៀបចំ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ នៅថ្ងៃ​ទី​៥​ធ្នូ
នៅថ្ងៃ​ទី ២​ធ្នូ ទាហាន​ថៃ​ហាត់​សម​ធ្វើ​ព្យុហយាត្រា​ដើម្បី​ត្រៀម​រៀបចំ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ថៃ នៅថ្ងៃ​ទី​៥​ធ្នូ ©REUTERS/Chaiwat Subprasom
ដោយ៖ ឈាង បុប្ផា
១៥ នាទី

តុលាការ​ព្រហ្មទណ្ឌ​ថៃ​ នៅថ្ងៃ​ពុធ ទី ៣​ធ្នូ បាន​ផ្តន្ទាទោស អ្នកតំណាងរាស្រ្ត​ថៃ​ម្នាក់​ឲ្យ​ជាប់គុក ពីរឆ្នាំ​កន្លះ ក្រោម​បទ​ចោទប្រកាន់ ជេរប្រមាថ​ព្រះមហាក្សត្រ។ នៅថ្ងៃ​នេះដែរ មេប៉ូលិស​ថៃ បានអះអាងថា គេកំពុង​តាម​រកមុខ​​មហាសេដ្ឋី​ថៃ​ម្នាក់ ដែល​ព្រះរាជ​អាជ្ញា​បាន​ចេញ​ដីកា​ចាប់ខ្លួន ដោយ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និងជេរប្រមាថ​ព្រះជេស្តា។ 

ផ្សាយពាណិជ្ជកម្ម

លោក​ប្រាសីត ឆៃស្រ៊ីសា អាយុ ៤៩​ឆ្នាំ ជា​សមាជិក​សភា មក​ពី​គណបក្ស​ភឿថៃ គណបក្ស​របស់​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត ដែល​ត្រូវ​របបសឹក​បាន​ធ្វើ​រដ្ឋប្រហារ បណ្តេញ​ចេញ​ពី​អំណាច កាលពី​ខែ ឧសភា។ កាលពី​ថ្ងៃ​ពុធ អ្នកតំណាងរាស្រ្ត​មក​ពីខេត្ត​ក្រីក្រ​សុរិន្ទ​មួយនេះ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​ថៃ​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ពីរឆ្នាំ​កន្លះ ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ។ តាមមន្រ្តី​របស់​តុលាការ ចៅក្រម​បាន​សម្រាល​ទោស​ពី​ជាប់គុក​៥​ឆ្នាំ មក​២​ឆ្នាំ​កន្លះវិញ ដោយ​មកពី លោក​ប្រាសីត ឆៃ ស្រ៊ីសា​បាន​ទទួល​ឆ្លើយ​សារភាព​កំហុស។

 
លោក​ប្រាសីត ឆៃស្រ៊ីសា ត្រូវ​បាន​របបសឹក​ចាប់ខ្លួន នៅប៉ុន្មាន​ថ្ងៃ​ក្រោយ​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ។ លោក​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​និយាយ​ពាក្យ​ប៉ះពាល់​ដល់​ព្រះរាជបល្ល័ង្ក នៅក្នុង​ឱកាស​ថ្លែង​ទៅ​កាន់​ក្រុមគាំទ្រ​អាវក្រហម នៅ​ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋប្រហារ​យោធា។

ចាប់តាំងពី​ធ្វើ​រដ្ឋប្រហារ ដណ្តើម​អំណាច​ចេញ​ពី​រដ្ឋាភិបាល​ស៊ីវិល ប្រមុខ​យោធា​ថៃ លោក​ប្រាយុទ្ធ​ចាន់ អូចា បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​ចាប់ខ្លួន អ្នកដែល​ហ៊ាន​និយាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ថៃ។ អ្នកការពារ​សិទ្ធិមនុស្ស​វិញ​យល់ថា យោធា​កំពុង​ប្រើ​ច្បាប់​ជេរប្រមាថ​ព្រះជេស្តា ជា​អាវុធ​ដើម្បី​បិទសិទ្ធិសេរីភាព​បញ្ចេញ​មតិ ក្នុង​ប្រទេស​ថៃ។ តាម​អង្គការ​សហព័ន្ធ​អន្តរជាតិ ដើម្បី​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស ចាប់តាំងពី​ក្រុមយោធា​ធ្វើរដ្ឋប្រហារ ការចាប់ខ្លួន និង​ផ្តន្ទាទោស​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ចោទ​ប្រកាន់ ជេរប្រមាថ​ព្រះចេស្តា បាន​កើនឡើង គួរ​ឲ្យ​កត់សំគាល់ រហូត​ដល់​១៨​ករណី ក្នុង​រយៈពេល ៦​ខែ។

នៅថ្ងៃ​ពុធ​នេះដែរ មហាសេដ្ឋី​ដ៏​កំពូល​ម្នាក់​របស់​ថៃ ក៏​កំពុង​ត្រូវ​ប៉ូលិស​តាមរក​ចាប់ខ្លួន​ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ និង​ប្រព្រឹត្ត​អំពើពុករលួយ។ លោក​ណុបផន ស៊ុភីផាត់ ជា មហាសេដ្ឋី ជាប់ចំណាត់​ថ្នាក់​ទី ៣១ ក្នុង​ប្រទេស​ថៃ ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ថា បាន​បង្ឃាំង​មនុស្ស​ខុសច្បាប់ និង​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រឿងអាស្រូវ​ពុករលួយ ដ៏​ធំ​ក្នុង​ប្រទេស​ថៃ។ រឿង​អាស្រូវ​ពុករលួយ​បាន​បណ្តាល​ឲ្យ​សាច់ញាតិ​បីនាក់​របស់​ស្រ៊ីរស្ម៊ី ព្រះជាយា​របស់​ព្រះរាជបុត្រ​ដែល​ត្រូវ​ស្នងរាជ្យ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ជាបន្តបន្ទាប់។ ដោយសារ​រឿង​អាស្រូវ​ប៉ះពាល់​ដល់​ព្រះរាជវង្ស ព្រះរាជបុត្រ ស្នងរាជ្យ មហា វិជ្ជរ៉ាឡុងកន ទើប​បាន​ដក​មុខងារ​រាជវង្ស​ពីសាច់ញាតិ​របស់​ព្រះជាយា ដែល​ព្រះអង្គ​បាន​រួមរស់​ជាមួយ តាំងពី​ឆ្នាំ ២០០១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ