ONU-អ៊ីរ៉ង់

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ដៀលត្មះ​ប្រទេស​អ៊ីស្រាអែល និង​ស្តីបន្ទោស​បស្ចិមលោក

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ដៀលត្មះ​ប្រទេស​អ៊ីស្រាអែល និង​ស្តីបន្ទោស​បស្ចិមលោក
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ដៀលត្មះ​ប្រទេស​អ៊ីស្រាអែល និង​ស្តីបន្ទោស​បស្ចិមលោក REUTERS/Mike Segar

ក៏​ដូច​ជា​រៀងរាល់​ឆ្នំា មហាសន្និបាត​អង្គការសហប្រជាជាតិ​គឺ​ជា​ឱកាស​តែ​មួយ​គត់​ដែល​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនំា​ប្រទេស​នីមួយៗ​ក្នុង​លោក​ឡើង​ថ្លែង​សុន្ទរកថា​ម្នាក់ម្តងៗ។ សម្រាប់​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​Mahmoud Ahmadinejad បាន​ឡើង​ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​របស់​ខ្លួន។ សុន្ទរកថា​ដែល​នៅ​ឆ្នំា​នេះ លោក Ahmadinejad ហាក់​ដូច​ជា​បាន​ប្រើ​សម្លេង​ស្លូត​ជា​មុន។ តែ​យ៉ាង​ណា​ក៏​ដោយ និង​ក៏​ដូច​ជា​សព្វ​មួយ​ដង ប្រមុខរដ្ឋ​អ៊ីរ៉ង់​មិន​ញញើត​នឹង​និយាយ​វាយប្រហារ​ក្រុមប្រទេស​មហាអំណាច-ត្រួតត្រា ពិសេស​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ចុង​ក្រោយ​របស់​ខ្លួន​នៅ​លើ​វេទិកា​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នំា ២០១២ នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad បាន​ថ្លែង​នូវ​សុន្ទរកថា​មួយ​ដែល​មិន​សូវ​មាន​លក្ខណៈ​វាយប្រហារ​បស្ចិមលោក​ខ្លំាងៗ​​ដូច​ឆ្នំា​មុនៗ​ឡើយ។ ក៏​ប៉ុន្តែ និង​ក៏​ដូច​ជា​សព្វ​មួយ​ដង ក្រុមគណៈប្រតិភូ​អាមេរិកំាង និង​អ៊ីស្រាអែល​បាន​សម្រេចចិត្ត​មិន​ចូល​ស្តាប់​សុន្ទរកថា​របស់​លោក Mahmoud Ahmadinejad ទេ។ ដោយ​បាន​ចាត់​ទុក​អ៊ីរ៉ង់ ជា​ប្រទេស​ដែល​មាន​អារ្យធម៌​បុរាណ លោក Mahmoud Ahmadinejad បាន​ឧទ្ទិស​សន្តិភាព​ក្រោម​ការ​ឧបត្ថម្ភ​ពី​ព្យាការី Mahomet។ យោង​តាម​លោក Ahmadinejad គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​ក្រុមប្រទេស​មហាអំណាច​មួយ​ចំនួន​មិន​មាន​សីលធម៌​នៅ​ក្នុង​ទង្វើ​របស់​ខ្លួន និង​គិត​តែ​ស្វែង​រក​ឧត្តមភាព​ដើម្បី​ត្រួតត្រា​ប្រទេស​ដទៃ។

ជា​ថ្មី​ម្តង​ទៀត លោក​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បញ្ជាក់​ពី​សិទ្ធិ​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​បំពាក់​នុយក្លេអ៊ែរស៊ីវិល។ ទន្ទឹម​គ្នា​នេះ លោក Ahmadinejad ក៏​បាន​ឆ្លៀត​និយាយ​វាយប្រហារ​អ៊ីស្រាអែល ថា​ជា​អ្នក​គ្មាន​អារ្យធម៌ និង​ដែល​តែងតែ​គំរាម​អ៊ីរ៉ង់​​តាម​ផ្លូវយោធា។ អ្វី​ជា​ការ​កត់សម្គាល់ សុន្ទរកថា​របស់​លោក​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ឆ្នំា​នេះ​ហាក់​ដូច​ជា​ពុំ​សូវ​មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​ប៉ុន្មាន​ទេ។ ក្រៅ​ពី​អវត្តមាន​របស់​ក្រុមគណៈប្រតិភូ​អាមេរិកំាង និង​អ៊ីស្រាអែល ក្រុមគណៈប្រតិភូ​អឺរ៉ុប​មាន​បារំាង អង់គ្លេស និង​អាល្លឺម៉ង់​បាន​អង្គុយ​ស្តាប់​សុន្ទរកថា​របស់​លោក Mahmoud Ahmadinejad រហូត​ដល់​ចប់។

ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​កំពុង​ត្រៀម​អនុម័ត​ទ័ណ្ឌកម្ម​ថ្មី​ទៀត​ប្រឆំាង​ប្រទេស​អ៊ីរ៉ង់ រីឯ​ប្រទេស​អ៊ីស្រាអែល​វិញ ក៏​នៅ​គំរាម​វាយប្រហារ​តាម​ផ្លូវយោធា​លើ​ទីតំាង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដែរ។

នៅ​ទីបញ្ចប់​នៃ​សុន្ទរកថា លោក Mahmoud Ahmadinejad បាន​ប្រាប់​ពី​បំណង​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី មុន​នឹង​បួងសួង​ជា​ថ្មី​ម្តង​ទៀត​ពី​ព្យាការី Mahomet និង​បន្ទាប់​មក លោក Ahmadinejad បាន​ចាក​ចេញ​ពី​សាលប្រជុំ​ក្រោម​ស្នូរ​ទះដៃ​ពី​សំណាក់​គណៈប្រតិភូ​ជា​ច្រើន​រូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI