អ៊ីរ៉ង់

ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ការ​គាំទ្រ​ពី​អាមេរិកឡាទីន ប្រឆាំង​ដាច់​ខាត​នឹង​សម្ពាធ​អន្តរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ Mahmud Ahmadinejad និង​លោក​Fidel Castro អតីត​ប្រធានាធិបតី​គុយបា
ប្រធានាធិបតី​អ៊ីរ៉ង់ Mahmud Ahmadinejad និង​លោក​Fidel Castro អតីត​ប្រធានាធិបតី​គុយបា ©Reuters.

លោក ម៉ាម៉ូត អាម៉ាតឌីនិន​ចាត ប្រធានាធិបតី​អ៊ីរ៉ង់ ​ទើប​បាន​បញ្ចប់​ទស្សនកិច្ច​មួយ​ជុំ​នៅ​ទ្វីប​អាមេរិក​ឡាទីន ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី ១២​ មករា ២០១២ ប្រកប​ដោយ​​ជោគ​ជ័យ​ ដូច​ការ​គ្រោង​ទុក។ ប្រទេស​វ៉េណេស៊ុយអេឡា នីការ៉ាហ្គា គុយបា និង​ប្រទេស​អេក្វាទ័រ​ សុទ្ធ​តែ​បាន​សម្តែង​ការ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ដោយ​បាន​បង្អែក​ពី​សម្ព័ន្ធមិត្ត ប្រធានាធិបតី​អ៊ីរ៉ង់​ បាន​ប្រកាស​ថា​នឹង​​​​តស៊ូ​ ជានិច្ច​ ប្រឈម​ទល់​នឹងសម្ពាធ​​របស់​បស្ចិម​លោក។ 

ផ្សាយពាណិជ្ជកម្ម

 

សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​ជា​លេស​នយោបាយ​​របស់​បស្ចិម​លោក និង​ជា​ការ​ម៉ាក់ងាយ​ប្រទេស​ ព្រម​ទាំង​ប្រជាជន​អ៊ីរ៉ង់ ! ដូច្នេះ​វា​ច្បាស់​ណាស់​ដែល​ថា​អ៊ីរ៉ង់​ត្រូវ​តែ​ងើប​ឡើង​តស៊ូ​ប្រឆាំងដាច់​ខាត​​នឹង​សម្ពាធ​របស់​លោក​ខាង​លិច​ ! នេះ​ជា​ប្រសាសន៍របស់​លោក​ម៉ាមូត​អាម៉ាឌីនិនចាត ក្នុងសន្និសីទ​កាសែត​​ ​ទីក្រុង​គីតូ ប្រទេស​អេក្វាទ័រ ដំណាក់​កាល​ចុងក្រោយ​នៃ​​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិកឡាទីន។

ទស្សនកិច្ច​មួយ​ជុំ​នៅ​តាម​បណ្តា​ប្រទេស វ៉េណេស៊ុយអេឡា នីការ៉ាហ្គា គុយបា និង​ អេក្វាទ័រ ​ប្រទេស​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​តឹង​តែង​បំផុត​រវាង​អ៊ីរ៉ង់​និង​បស្ចិមលោក បាន​ទទួល​លទ្ធផល​គួរ​ទី​មោទនៈ​បំផុត​សម្រាប់​លោក​​ម៉ាមូត អាម៉ាឌីនិនចាត។

​វ៉េណេស៊ុយអេឡា បាន​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​អ៊ីរ៉ង់ ដោយ​ប្រកាស​​​បន្ត​ចាប់​​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​នយោបាយ​ចក្រពត្តិនិយម​ដែល​ចង់​គ្រប់​គ្រង​ពិភពលោក​ម្នាក់ឯង​របស់​អាមេរិក។ សម្រាប់​ប្រទេស​​ នីការ៉ាហ្គា និង​គុយបា ការ​អភិវឌ្ឍន៍​ថាមពល​​នុយក្លេអ៊ែរ​ស៊ីវិល គឺ​សិទ្ធិ​របស់​អ៊ីរ៉ង់ ស្រប​តាម​ច្បាប់​អន្តរជាតិ។ លើស​ពី​នេះ​ទៅ​ទៀត ប្រមុខ​ដឹកនាំ​ប្រទេស​អេក្វាទ័រ បាន​ស្នើ​សុំ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិសើ​រើ​រក្បួន​​វាយ​តម្លៃ​ កម្មវិធី​នុយក្លេអ៊ែរ។ អេក្វាទ័រ​មិន​ជឿ​លើ​របាយការណ៍​របស់​ AIEA ​កាលពី​ដើម​សប្តាហ៍​​​ដែល​ថា​អ៊ីរ៉ង់​កំពុង​ប៉ុន​ប៉ង​ផលិត​អាវុធ​នុយក្លេអ៊ែរនោះ​ទេ ព្រោះ​របាយការណ៍​នោះ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​មិន​ច្បាស់​លាស់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI