ប៉ាគីស្ថាន

Malala Yousafzai ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​​ប្រទេស​ប៉ាគីស្ថាន​

នាង​ Malala Yousafzai វ័យ ១៦​ឆ្នាំ ដែលទើប​នឹង​ទទួលបាន​ពានរង្វាន់​ ​Sakharov ​ពី​សភាអឺរ៉ុប ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍ ជាមួយ​កម្មវិធី​ទូរទស្សន៍ CNN ដ៏​មាន​ប្រជាប្រិ​យ​ភាព​ថា នាង​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសប៉ាគីស្ថាន។ នាង​ ​Malala ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជា​អ្នក​ត្រូវ​ទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​ដែរ​នោះ បាន​និយាយ​​​ថា ប្រសិន​បើ​នាង​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បាន​ នាង​នឹង​អាច​ជួយ​ប្រជាជន​ប៉ាគីស្ថាន​ ដែល​កំពុង​រស់នៅ​ក្នុង​របប​ដ៏​យង់ឃ្នង​ជា​ពេល​បច្ចុប្បន្ន​បាន។

នាង Malala Yousafzai
នាង Malala Yousafzai REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

នាង​ Malala Yousafzai បាន​​ទទួល​ពានរង្វាន់ ​Sakharov ​របស់​សភា​អឺរ៉ុប សម្រាប់​សេរីភាព​ក្នុង​ការ​ពិចារណា​ ​កាល​ពី​ថ្ងៃព្រហស្បតិ៍។ នៅថ្ងៃ​ដដែល​នាង​បាន​ប្រាប់​ទូរទស្សន៍​ CNN ទៀតថា ​នាង​មាន​មោទនភាព​ចំពោះ​ពានរង្វាន់​ Sakharov នេះ ហើយ​ថា ប្រសិនបើ​នាងពិត​ជា​ទទួល​បាន​ពានរង្វាន់​ណូបែល​សន្តិភាព​ វាគឺ​កាន់តែ​​ជា​មោទនភាព​ដ៏​ធំ​បំផុត សម្រាប់​នាង។ នាង​បានបន្ត​ប្រាប់​ទស្សនិកជន​ ដែល​ទស្សនា​នៅ​ទីនោះ​ថា នាង​ពិត​ជា​ចង់​ជួយ​ប្រជាជន​នាង​ខ្លាំងណាស់ ដូច្នេះ​ទៅថ្ងៃអនាគត នាង​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្រ្តី ក្នុង​ប្រទេស​ប៉ាគីស្ថាន ដើម្បី​កែប្រែ​របប​ផ្តាច់​ការ​មួយ​នេះ ទៅជា​របប​ដែល​ប្រជាជន អាចមាន​សិទ្ធ​គ្រប់​គ្រាន់វិញ។

ប៉ុន្តែ មុននឹងក្លាយជានាយករដ្ឋមន្ត្រី ​ នាង​ចង់​ក្លាយ​ជា​អ្នក​នយោបាយជាមុន​សិន ហើយ​ពេល​នេះនាង​កំពុង​តែ​សម្របខ្លួន​ជា​បណ្តើរៗហើយ។ ប្រសិនបើក្តីស្រមៃនេះបានសម្រេច​មែន នាង​នឹងចំណាយ​កញ្ចប់​ថវិកា​ជួយគាំទ្រ​ដល់​វិស័យ​អប់​រំ ហើយ​និង​ផ្តល់​សិទ្ធិ​ឲ្យ​គ្រប់​នារី ទោះ​បី​ជា​អ្នក​កាន់​សាសនា​ណា​ក៏​ដោយ​ ដើម្បីឲ្យពួកគេមាន​សិទ្ធិចូលរៀន និង​រៀន​បាន​ខ្ពង់​ខ្ពស់​ដូចគ្នា។

សូម​បញ្ជាក់​ថា នាង MalalaYousafzaiមាន​ឈ្មោះ​បោះសំឡេង​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​នាង​បាន​ឡើង​និយាយ​ពី​ករណី​រំលោភសិទ្ធិ​កុមារ​នៅ​ប៉ាគីស្ថាន នៅ​ក្នុង​អង្គប្រជុំ អង្គការ​សហ​ប្រជាជាតិ។​ Malala​ត្រឹម​ជា​កុមារី​ម្នាក់​បាន​និយាយ​ខ្លាំងៗ​ជា​សាធារណៈ ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​ក្មេងស្រី គ្រប់​សាសនា បាន​មាន​សិទ្ធិ​ចូលរៀន​ ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ជាមួយ​នឹង​ក្មេងស្រី​ប៉ាគីស្ថាន​ផ្សេងទៀត នាង Malalaធ្លាប់​ត្រូវ​បាន​ពួកឧទ្ទាម​តាលីបង់ នៅ​ប៉ាគីស្ថាន បាញ់​មួយ​គ្រាប់ត្រូវ​កណ្តាល​ក្បាល នៅក្នុង​រថយន្តក្រុង កាលពី​ឆ្នាំ ២០១២ បន្ទាប់ពី​នាង​បាន​បញ្ចេញ​សកម្មភាពតស៊ូ​មតិនៅ​ប៉ាគីស្ថាន។

ភ្លាមៗ នាង​ត្រូវ​ដឹក​យក​ទៅ​ព្យាបាល នៅ​ប្រទេស​អង់គ្លេស ជាទី​ដែល​នាង​បន្ត​ស្នើសុំ​ទៅគ្រប់​ស្ថាតទូត​ជា​សាកលដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​កុមារ។ នៅ​ក្នុង​គ្រានោះ នាង​ក៏​បាន​សរសេរ​សៀវភៅមួយ​ក្បាល និយាយ​ពី​ជីវិត​របស់​នាង​ក្នុង​ប្រទេសប៉ាគីស្ថាន ដើម្បី​ស្វែងរក​ជំនួយពីអង្គការ​សហប្រជាជាតិ តាម​រយៈមូលនិធិ ម៉ាឡាឡា។ 

មានឈ្មោះល្បីនិង​ត្រូវ​បាន អន្តរជាតិ​ទទួលស្គាល់​ចំពោះ​សេចក្តីក្លាហាន ប៉ុន្តែនៅក្នុង​ស្រុក​វិញ នាង​ Malala នៅ​តែ​ទទួល​ការគំរាមកំហែង ពី​ពួកក្រុម​ឧទ្ទាម​តាលីបង់។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ Malalaបាន​និយាយ​ដោយ​ក្លាហាន​ថា «ពួកគេ​អាច​បាញ់​រាងកាយ​នាង តែគេ​មិនអាច​បាញ់សម្លាប់​ក្តី​ស្រមៃ​របស់​នាងបានទេ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI