លោកម៉ម សូណង់ដូ ត្រៀមខ្លួនឡើងសវនាការថ្ងៃទី១១ កញ្ញា
លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត បានត្រៀមខ្លួនរួចរាល់ហើយក្នុងការឡើងសវនាការនៅថ្ងៃអង្គការដើមសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមលោកសុក សំអឿន មេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យនេះ។ លោកសុក សំអឿន សង្ឃឹមថានឹងការពារកូនក្តីឲ្យរួចផុតពីការចោទប្រកាន់ ប៉ុន្តែ លោកបានសម្តែងក្តីបមន្ទិលសង្ស័យចំពោះឯករាជ្យភាពរបស់តុលាការក្នុងការសម្រេចរឿងក្តីនេះ។
ចុះផ្សាយនៅថ្ងៃ៖
សវនាការរឿងក្តីលោកម៉ម សូណង់ដូ នឹងបើកធ្វើនៅថ្ងៃទី១១កញ្ញាដើមសប្តាហ៍ក្រោយនេះទៅតាមការគ្រោងទុក។ លោកម៉ម សូណង់ដូ ក៏ដូចជាមេធាវីការពារក្តី និងភាគីពាក់ពន្ធ័នានា រួមទាំងអ្នកតាមដានរឿងនេះផងដែរបានត្រៀមខ្លួនជាចស្រេចហើយដើម្បីចូលរួមតទល់ និងតាមដានសវនាការនេះ។ លោកសុក សំអៀន មេធាវីការពារក្តីឲ្យលោកម៉ម សូណង់ដូ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា លោកទើបតែបានចូលជួបលោកម៉ម សូណង់ដូ ក្នុងពន្ធនាគារព្រៃសកាលពីថ្ងៃសៅរ៍ម្សិលមិញដើម្បីសួរសុខទុក្ខនិងពិភាក្សាការងារមួយចំនួនទាក់ទងនឹងរឿងក្តីនេះ។
លោកអះអាងថា កូនក្តីរបស់លោកមានសុខភាពល្អធម្មតា និងបានត្រៀមខ្លួនរួចហើយដើម្បីឡើងតទល់រឿងក្តីនេះនៅចំពោះមុខអង្គសវនាការ។ លោកសុក សំអឿន អះអាងថា លោកមានជំនឿចិត្តខ្លាំងណាស់ក្នុងការការពារក្តីសំណុំរឿងនេះ ប៉ុន្តែ លោកហាក់គ្មានជំនឿចិត្តប៉ុន្មានទេថានឹងឈ្នះពីព្រោះតែអ្វីៗអាស្រ័យលើតុលាការជាអ្នកសម្រេច។
លោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM 105 MHz ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ខែកក្កដា រួចហើយត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារពីបទចោទប្រកាន់ថាបាននៅពីក្រោយចលនាបង្កើតតំបន់អបគមន៍នៅក្នុង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលជាបទព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ។ ប៉ុន្តែ លោក ម៉ម សូណង់ដូ បានបដិសេធថា លោកមិនបានជាប់ពាក់ពន្ធ័ក្នុងរឿងនេះទេ ហើយក៏គ្មានភស្តុតាងអ្វីដែលគេអាចចោទរូបលោកអំពីរឿងនេះបានដែរ។
យ៉ាងណាក៏ដោយ អាជ្ញាធបានបញ្ជូនសាសក្សីជាច្រើនដែលជាប្រជាពលរដ្ឋក្នុងភូមិកើតហេតុឲ្យមកធ្វើជាសាក្សីដាក់បន្ទុកលើលោកម៉ម សូណង់ដូ។ ជនជាប់ចោទមួយចំនួនដែលបានចូលសារភាពចំពោះមុខអាជ្ញាធរក៏នឹងក្លាយជាសាក្សីដាក់បន្ទុកលើលោកម៉ម សូណង់ដូដែរ។
ទាក់ទងនឹងសំណុំរឿងនេះដែរ លោកចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺពីបទផ្តល់មធ្យោបាយឲ្យជនសង្ស័យមួយចំនួនរត់គេចខ្លួន។ ប៉ុន្តែ លោកចាន់ សូវ៉េត មិនទាន់បានឡើងបំភ្លឺតុលាការទេដោយសារជាប់បេសកកម្មនៅក្រៅប្រទេស នេះបើយោងតាមហេតុផលដែលផ្តល់ដោយសមាគមអាដហុក។ ក្រុមអ្នកតាមដានរឿងនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលទៅស្តាប់សវនាការលោកម៉ម សូណង់ដូ នៅថ្ងៃអង្គារក្រោយនេះ។ គេរំពឹងថា សវនាការនោះនឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ