កម្ពុជា

សវនាការ​កាត់ទោស​លោក​ម៉មសូណង់ដូ ចូលដល់ថ្ងៃទី២៖ ជនរងគ្រោះ និង​សាក្សី​ឆ្លើយបំភ្លឺ

សវនាការ​កាត់ទោស​លោ​ក​ម៉ម​សូណង់ដូ បាន​ចូល​ដល់​ថ្ងៃទី​២​ហើយ នៅ​ថ្ងៃ​ពុធ ទី​១២​កញ្ញា​នេះ​។ សវនាការ​ពេញ​មួយ​ថ្ងៃនេះ មាន​ជនរងគ្រោះ ដែល​ជា​អាជ្ញាធរ​ភូមិ​ឃុំ និង​សាក្សី​ជាច្រើន​នាក់ បាន​ចូល​ឆ្លើយបំភ្លឺ ចំពោះមុខ​តុលាការ​។ ចំណែក​នៅ​ក្រៅរបង​តុលាការក្រុង​ភ្នំពេញ ប៉ូលិស​នៅ​បន្ត​ដាក់​របាំង បិទ​ផ្លូវ​មុខ​តុលាការ ខណៈ​ដែល​ពលរដ្ឋ​អ្នកគាំទ្រ​លោក ម៉ម សូណង់ដូ មក​ប្រមូលម្តុំ​តវ៉ា មាន​តិច​ជាង​ថ្ងៃ​ម្សិលមិញ​។

សវនាការ​កាត់ទោស​លោក​ម៉មសូណង់ដូ ចូលដល់ថ្ងៃទី២៖ ជនរងគ្រោះ និង​សាក្សី​ឆ្លើយបំភ្លឺ
សវនាការ​កាត់ទោស​លោក​ម៉មសូណង់ដូ ចូលដល់ថ្ងៃទី២៖ ជនរងគ្រោះ និង​សាក្សី​ឆ្លើយបំភ្លឺ
ផ្សាយពាណិជ្ជកម្ម

សវនាការ​កាត់ទោស​លោ​ក​ម៉ម​សូណង់ដូ និង​ជនជាប់ចោទ ១៣ នាក់​ផ្សេង​ទៀត បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២​។ សវនាការ នៅ​ថ្ងៃ​ទី​២ នៃ​ការកាត់ទោស​លោក​ម៉ម​សូណង់ដូ មាន​ការសាកសួរ​បន្ថែ​ម​លើ​ជនជាប់ចោទ​ម្នាក់​ទៀត ខណៈ​ដែល​តុលាការ​បាន​ស្តាប់​ចម្លើយ​សាក្សីដោះបន្ទុក​លោក​ម៉ម​សូណង់ដូ ៣ នាក់ និង​ជនរងគ្រោះ ដែល​ជា​អាជ្ញាធរ​ភូមិ​ឃុំ និង​សាក្សី​ជាច្រើន​នាក់ ក៏បាន​ផ្តល់​ចម្លើយ​ដាក់បន្ទុក​លើ​សមាគម​អ្នកប្រជាធិបតេយ្យ​។ សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ ដែល​បាន​តាមដាន​សវនាការ លោក អំ សំអាត បានឲ្យដឹងថា ជនរងគ្រោះ ៤ នាក់ ដែល​តុលាការ​បាន​សាកសួរ ក្នុង​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា​នេះ គឺ​ជា​អាជ្ញាធរ ដែល​រួមមាន ជំទប់​ឃុំ មេភូមិ និង​ជា​ប៉ូលិស នៅក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ជា​កន្លែង​មាន​ទំនាស់​ដីធ្លី កាលពី​ខែ​ឧសភា​។

លោក អំ សំអាត បាន​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២ នៃ​សវនាកា​រលោក​ម៉ម​សូណង់ដូ គេ​ឃើញ​មាន​ជនជាប់ចោទ​ម្នាក់​ទៀត ត្រូវបាន​តុលាការ​សាកសួរ ដែល​នាំឲ្យ​ចំនួន​ជនជាប់ចោ​ទ ក្នុង​សំណុំរឿង​ក្តី​ជាមួយ​លោក​ម៉ម​សូណង់ដូ ឡើងដល់ ១០ នាក់ ដែល​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ ក្នុងចំណោម​ជនជាប់ចោទ​សរុប​ចំនួន ១៤ នាក់ ដែល​រាប់​ទាំង​ឈ្មោះ ប៊ុន រដ្ឋា កំពុង​គេចខ្លួន។ ជនរងគ្រោះ ដែល​ជា​អាជ្ញាធរ និង​សាក្សី​ដាក់បន្ទុក​ជាច្រើន​នាក់ បាន​ប្រាប់​តុលាការ នៅ​ថ្ងៃ​នេះ​ថា សមាគម​អ្នកប្រជាធិបតេយ្យ បាន​បង្ខិតបង្ខំ​អ្នកភូមិ ឲ្យចូល​ជា​សមាជិកសមាគម ដែល​មាន​លោក​ម៉ម​សូណង់ដូ ជា​ប្រធាន និង​ចាប់ដី បង្កើតជា​តំបន់អបគមន៍ ដោយ​រារាំង មិន​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ និង​ធ្វើ​រដ្ឋបាល​លើ​ទឹកដី​ជម្លោះ​នោះឡើយ​។

ក៏​ប៉ុន្តែ​សាក្សី លោក ជា ចំ​រុង អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ បាន​ច្រានចោល​នូវ​ការលើកឡើង​ទាំងនោះ ហើយ​ថា សមាគម​របស់​លោក​ម៉ម​សូណង់ដូ បង្កើតឡើង ក្នុង​បំណង​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ដោយ​មិន​មាន​បំណង​ទៅ​ប្រឆាំង​ជំទាស់​នឹង​រដ្ឋាភិបាល​ទេ​។​
​លោក​ម៉ម សូណង់ដូ ត្រូវបាន​ចោទប្រកាន់​ថា ជា​មេក្លោង បង្កើត​តំបន់​អបគមន៍ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី នៅក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ ប៉ុន្តែ​ក្នុង​សវនាការ លោក​ម៉ម​សូណង់ដូ បាន​បដិសេធ​។ នៅ​ថ្ងៃ​ពុធ​នេះ លោក​ម៉ម​សូណង់ដូ ត្រូវបាន​គេ​នាំ​មក​ស្តាប់​សវនាការ ដែល​មាន​អង្គទូត អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកកាសែត​មួយចំនួន​។​

ដោយឡែក​នៅ​ក្រៅរបង​តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ តាំងពី​ព្រឹក​ព្រលឹម​ស្រ៊ាង ប៉ូលិស​បាន​បន្ត​ពង្រាយ​កម្លាំង បិទ​កំណាត់​ផ្លូវ ខាងជើង ជាប់​របង​ស្តា​ត​អូឡាំពិក ចាប់ពី​ភ្លើងស្តុប​អាងទឹក រហូត​ដល់​ភ្លើងស្តុប​នាង​គ​ង្ហី​ង​។ ក្រុម​ប្រជាពលរដ្ឋ អ្នកគាំទ្រ​លោក​ម៉ម​សូណង់ដូ ក៏​បាន​ប្រមូលផ្តុំ​នៅមុខ​បា​រ៉ាស់រប​ស់​ប៉ូលិស ដោយសារ​តែ​ប៉ូលិស​រារាំង មិន​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ចំនួន​តិច​ជាង​ថ្ងៃ​ម្សិលមិញ ចូល​ទៅ​កាន់​តុលាការ​ទេ​។ សវនាការ​លើ​ករណី​លោក​ម៉ម​សូណង់ដូ នឹង​បន្ត​ធ្វើ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI