បាតុកម្មដ៏ធំគ្រោងធ្វើដោយពួកប្រឆាំងនៅចំទិវាបុណ្យជាតិរុស្ស៊ីថ្ងៃ១២មិថុនា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បាតុកម្មនេះដែលមានឈ្មោះថា “ក្បួនយាត្រាលាននាក់” ជាបាតុកម្មស្របច្បាប់ដោយបានទទួលសេចក្តីអនុញ្ញាតរបស់សាលាក្រុងម៉ូស្គូ ហើយត្រូវចូលរួមដោយពលរដ្ឋកុំឲ្យលើសពី៥ម៉ឺននាក់។ ប៉ុន្តែ តាំងពីម្សិលមិញម៉្លេះអាជ្ញាធរបានវាតប្រតិបត្តិការឆែកឆេរនៅតាមលំនៅ ចំនួនជាង១០កន្លែងរបស់ពួកមេចាត់ចែងក្បួនយាត្រានេះ ក្រោមលេសស្វែងរកតឹកតាងពាក់ព័ន្ធនឹងអំពើហិង្សាប្រព្រឹត្តដោយបាតុករខ្លះក្នុងមីទ្ទិញថ្ងៃ៦ ឧសភា ទៅលើពួកប៉ូលីសដែលជាតំណាងនៃអង្គការរដ្ឋអំណាចរុស្ស៊ី។ ហើយថ្ងៃនេះ ពួកមេៗទាំងនោះ ត្រូវចូលខ្លួនទៅឆ្លើយនឹងសំនួរក្រុមស៊ើបអង្កេតគឺនៅម៉ោង១១ព្រឹក ចំណែកបាតុកម្មត្រូវចាប់ផ្តើមគឺនៅម៉ោង១២ទៅហើយ។ ទោះយ៉ាងណាក៏ដោយក៏ពួកប្រឆាំងនៅតែប្តេជ្ញាធ្ចើបាតុកម្មថ្ងៃនេះ។ ចំណុចសម្គាល់ក្បួនយាត្រាលើកនេះរបស់ពួកប្រឆាំង គឺប្រព្រឹត្តទៅ ក្រោមធរមាននៃច្បាប់ថ្មីដែលរឹតបន្តឹងទណ្ឌកម្ម ចំពោះការរំលោភបំពានលើរបៀបរបបធ្វើមីទ្ទិញ។ ទាំងច្បាប់ថ្មីនេះ ទាំងការឆែកឆេរម្សិលមិញបានញ៉ាំងឲ្យមានប្រតិកម្មទៅហើយពីខាងបស្ចិមលោក។