រុស្ស៊ីបើកធ្វើលំហាត់សឹកពេញមួយសប្តាហ៍ នៅប៉ែកខាងត្បូងប្រទេសខ្លួន
លំហាត់សឹកនេះ មានឈ្មោះថា “កូកាសឆ្នាំ២០១២” ដ្បិតវាប្រព្រឹត្តទៅ គឺនៅតំបន់ភ្នំកូកាស ប៉ែកខាងត្បូងប្រទេសរុស្ស៊ី។ វាចាប់ផ្តើម ថ្ងៃទី១៧ កញ្ញានេះ គឺក្រោមអធិបតីភាពនៃលោកប្រធានាធិបតីពូទីនផ្ទាល់។ រដ្ឋហ្ស៊័កហ្ស៊ី ដែលក្លាយជាសត្រូវនឹងរុស្ស៊ី ដោយខ្លួនស្ថិតនៅជាប់នឹងតំបន់សមយុទ្ធនេះ បានសំដែងទៅហើយ នូវក្តីព្រួយបារម្ភ ក្តីព្រួយបារម្ភដែលចែករំលែក ទាំងដោយពួកបស្ចិមប្រទេស។
ចុះផ្សាយនៅថ្ងៃ៖
ចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងពន្យារទៅរហូតដល់ថ្ងៃសៅរ៍ ទី២២ កញ្ញា គឺមានទាហាន និងនាយទាហាន ៨.០០០នាក់ រថក្រោះជាង២០០គ្រឿង កាំភ្លើងធំ ១០០គ្រឿង ព្រមទាំងនាវាចំបាំងធំតូច ចំនួន១០គ្រឿង។ សមយុទ្ធនឹងប្រព្រឹត្តទៅ នៅតាមវាលវង់ល្បងពិសោធ៤កន្លែងលើដីគោក ព្រមទាំងលើផ្ទៃទឹកសមុទ្រខ្មៅ និងសមុទ្រ Caspienne។ គោលដៅ គឺដើម្បីលើកគុណភាពនៃការប្រើកងទ័ព និងការល្បងមើលប្រព័ន្ធស្វ័យប្រវត្តដ៏ទំនើបៗ ខាងបញ្ជា និងគ្រប់គ្រងកងទ័ពក្នុងលក្ខណៈព្រៃភ្នំ។
ក្រសួងការពារជាតិរុស្ស៊ីគូសបញ្ជាក់ថា លំហាត់សឹកប្រព្រឹត្តទៅ គឺតែនៅលើដែនដីសហព័ន្ធរុស្ស៊ី ដោយដាក់ឲ្យសកម្មក្នុងសមយុទ្ធ គឹតែយោធារុស្ស៊ីសុទ្ធសាធ។ មូលហេតុ គឺដើម្បីរំសាយពាក្យចចាមអារ៉ាមដែលថា សមយុទ្ធនេះអាចវាតទាំងទៅលើដែនដីអូសេទីខាងត្បូង និងអាប់ខាហ្ស៊ីដែលត្រូវបានរុស្ស៊ីទទួលស្គាល់ឯករាជ្យផ្តាច់ចេញពីរដ្ឋហ្ស៊័កហ្ស៊ីកាលពី៤ឆ្នាំមុន ហើយសព្វថ្ងៃ មានអង្គភាពទ័ពរុស្ស៊ីឈរជើងនៅទីនោះ ទាល់តែត្រូវទីក្រុង Tbilissi ចាត់ទុកជាដែនដីហ្ស៊័កហ្ស៊ី កាន់កាប់ដោយទីក្រុងម៉ូស្គូតែម្តង។
ទោះបីលំហាត់សឹកប្រព្រឹត្តទៅតែនៅលើដែនដីរុស្ស៊ីក្តី ក៏អាជ្ញាធរហ្ស៊័កហ្ស៊ីថ្លែងថា សកម្មភាពម៉ូស្គូគម្រាមដល់អធិបតេយ្យរដ្ឋនានា នៅតំបន់ភ្នំកូកាស មានហ្ស៊័កហ្ស៊ីជាដើម។ ប្រមុខការទូតហ្ស៊័កហ្ស៊ី លោក Grigol Vashadze បញ្ចេញយោបល់ថា រុស្ស៊ីតាមរយៈលំហាត់សឹកនេះ សង្ឃឹមធ្វើសម្ពាធទៅលើស្ថានការណ៍នយោបាយផ្ទៃក្នុងហ្ស៊័កហ្ស៊ី ជាទីដែលនៅថ្ងៃទី១ តុលាខាងមុខ ត្រូវប្រព្រឹត្តទៅ ការបោះឆ្នោតរើសរដ្ឋសភានីតិកាលថ្មី។
តបនឹងសេចក្តីអំពាវនាវរបស់លោកអគ្គលេខាធិការបក្សសម្ព័ន្ធអូតង់ Rasmussen សុំឲ្យរុស្ស៊ីធានានូវតម្លាភាពនៃសមយុទ្ធនេះ តំណាងអចិន្ត្រៃយរបស់រុស្ស៊ីប្រចាំនៅទីស្តីការអូតង់ក្នុងក្រុង Bruxelles លោក Nicolai Korchunov ថ្លែងថា ក្រសួងការពារជាតិរុស្ស៊ីបានផ្តល់ទៅហើយ នូវព័ត៌មានលំអិតគ្មានសល់ចន្លោះណាទេ អំពីភារកិច្ច និងលក្ខណៈនៃសមយុទ្ធ ”កូកាស ឆ្នាំ២០១២” នៅប៉ែកខាងត្បូងប្រទេសរុស្ស៊ី។ ហើយសេចក្តីថ្លែងការណ៍របស់ពួកបស្ចិមប្រទេសដែលថា ហាក់បីគ្មានព័ត៌មានគ្រប់គ្រាន់អំពីលំហាត់សឹកនេះ គឺគ្មានអ្វីជាសំអាងឡើយ។ ចំណែកអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ីសង្កត់ធ្ងន់ថា សមយុទ្ធនេះ ឥតពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ផ្ទៃក្នុងប្រទេសឯទៀតឡើយ បូកទាំងនៅហ្ស៊័កហ្ស៊ីផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ