អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​​ស្តីទី​​អេហ្ស៊ីប​​សន្យា​​រៀបចំ​​ការ​​បោះឆ្នោត​មុន​​ឆ្នាំ​​២០១៤​

ប្រធានាធិបតីស្តីទី​អេហ្ស៊ីប Adly Mansour
ប្រធានាធិបតីស្តីទី​អេហ្ស៊ីប Adly Mansour REUTERS/Amr Abdallah Dalsh
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ប្រធានាធិបតី​ស្តី​ទី​អេហ្ស៊ីប Adly Mansour បាន​​ប្រកាស​ថា​នឹង​រៀបចំ​អោយ​មានការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អេហ្ស៊ីប​ អោយបាន​មុន​ឆ្នាំ​២០១៤​ខាង​មុខ​នេះ។ ខុស​ពី​​ពេល​ដែល​អតីត​ប្រធានាធិបតី​​​​អូស្ន៊ី មូបារ៉ាក់​ ទើប​ទំលាក់​​ចេញ​ពីតំណែង​ នៅ​លើក​នេះ អេហ្ស៊ីប​នឹង​រៀបចំ​​ការ​បោះឆ្នោត​ប្រជាមតិ​​លើ​រដ្ឋធម្មនុញ្ញ​ជាមុន​សិន​ ​មុន​​នឹង​អោយ​​ប្រជាជន​បោះឆ្នោត​រើស​ប្រធានាធិបតី។ គំរោង​​នយោបាយ​នេះ ​​ត្រូវ​បាន​​ក្រុម​ភាតរ​អ៊ីស្លាម​​​បរិហារ​រិះគន់ ដោយ​លើកឡើង​ថា​​ក្រិត្យ​ច្បាប់​រៀបរៀង​ដោយ​ក្រុម​បះបោរ​ប្រដាប់​អាវុធដែល​ទំលាក់​ប្រធានាធិបតី​មរស៊ី​នោះ​​​​​​ នឹង​​មិន​​ផ្លាស់​ប្តូរ​​ស្ថានភាព​​នៅ​អេហ្ស៊ីប​​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

គំរោង​បោះឆ្នោត​លើកនេះ គឺ​ខុស​ពី​ពេល​ដែល​អេហ្ស៊ីប​ទើប​នឹង​ទំលាក់​អតីត​ប្រធានាធិបតី អូស្ន៊ី មូបារ៉ាក់​រួច កាលពី​ឆ្នាំ​២០១១។ គឺថា​អេហ្ស៊ីប​នឹង​រៀបចំ​អោយ​មាន​ការ​បោះឆ្នោត​ប្រជា​មតិ​លើ​គំរោង​រដ្ឋធម្មនុញ្ញ​ជាមុន​សិន​ ទើប​អាច​អោយ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ប្រព្រឹត្ត​ទៅ​តាម​ក្រោយ។ ប្រធានាធិបតីស្តីទី​ Adly mansour បាន​​សន្យា​ថា នឹង​រៀប​អោយ​ការ​បោះឆ្នោត​ទាំងនេះ​ប្រព្រឹត្ត​ទៅ​បាន​នៅ​មុន​ឆ្នាំ​២០១៤។

នៅ​ពេល​នេះ រដ្ឋាភិបាល​បណ្តោះអាសន្ន​​​ត្រូវ​​​តែ​បង្កើតអោយបាន​នូវ​​​គណៈ​កម្មាធិការពីរ​ដែលមាន​សមាជិត​តំណាង​អ្នក​ជំនាញច្បាប់ និង​​​​​សង្គម​។​​ គណៈ​កម្មាធិការ​ទាំងពីរ​នេះ​ ​មាន​ពេល​៤ខែ​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញ។ ដោយឡែក​​ ​រដ្ឋធម្មនុញ្ញ​អេហ្ស៊ីប​នៅ​តែ​រក្សា​ទុក​នូវ​ច្បាប់​គ្រឹះ​អ៊ីស្លាម​​ដដែល។ នៅពេល​នេះ​ដែរ ប្រធានាធិបតី​ស្តីទី​​ជា​អ្នកកាន់កាប់​អំណាច​និតិបញ្ញត្តិ​​ហើយ​អាច​អនុម័ត​​ក្រិត្យ​ច្បាប់​ស្រប​ទៅ​តាម​រដ្ឋាភិបាល​។ ទោះ​យ៉ាងនេះ​ក្តី​​ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​អេហ្ស៊ីប​នៅ​មិន​ទាន់​មាន​នាយក​រដ្ឋមន្ត្រី​នៅឡើយ។

ការ​ប្រកាស​​គំរោង​បោះឆ្នោត​របស់​ប្រធានាធិបតី​ស្តីទី​អេហ្ស៊ីប​ ធ្វើឡើង​បន្ទាប់​ពី​អេហ្ស៊ីប​​បាន​ធ្លាក់​​ក្នុង​អំពើ​ហិង្សាសារជាថ្មី ​ដោយ​នៅព្រឹក​ថ្ងៃ​ចន្ទ​​ម្សិលមិញ​ ការ​ប្រឈមមុខ​គ្នា​រវាង​បាតុករក្រុម​ភាតរអ៊ីស្លាម​និង​ក្រុម​យោធា​ បាន​បង្ក​អោយ​មាន​​មនុស្ស​ស្លាប់​៥០​នាក់​។ ក្រុម​ភាតរ​អ៊ីស្លាម​បាន​អំពាវនាវ​​​សកម្មជន​របស់​ខ្លួន​អោយ​បះបោរប្រឆាំង​យោធា​​នៅ​ទូទាំង​ប្រទេស​។ នៅ​ល្ងា​ច​ថ្ងៃ​ចន្ទ​ដដែល ជនជាតិ​​អ៊ីស្លាម​​ជា​ច្រើន​នាក់​នៅ​បន្ត​បាតុកម្ម​ខ្លួន​នៅឡើយ។ អាមេរិក​បាន​​សុំ​អោយ​យោធាអេហ្ស៊ីប​​មាន​ការ​​​អត់ធ្មត់។ ប៉ុន្តែ​មិន​បាន​គ្រោង​នឹង​ផ្តាច់​ជំនួយ​ដល់​យោធា​​ប្រទេស​នេះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ