កម្ពុជា

គណបក្ស​សម រង្ស៊ី តែងតំាង​តំណាងរាស្រ្ត​ថ្មី​ជំនួស​លោក​ម៉ៅ មុនីវណ្ណ

លោក​ ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​ចុះចូល​ជាមួយ​​គណបក្ស​សិទ្ធិមនុស្ស​កម្ពុជា
លោក​ ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី ដែល​ចុះចូល​ជាមួយ​​គណបក្ស​សិទ្ធិមនុស្ស​កម្ពុជា ©ម៉េងហួរ/RFI

ភ្លាមៗ​បន្ទាប់ពី​លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិ​​មនុស្ស គណបក្ស សម រង្ស៊ី​បាន​សម្រេច​តែងតំាង​បេក្ខភាព​តំណាងរាស្រ្ត ថ្មី​អោយ​​ទៅ​​អង្គុយ​​កៅអី លោក ម៉ៅ នុមីវណ្ណ​ក្នុងសភា​នៅព្រឹកថ្ងៃ​សុក្រ​នេះ។ ​លោក​ម៉ៅ មុនីវណ្ណ​ដែល​អស់​តួនា​​ទីជា​​អ្នកតំណាង​រាស្រ្ត ចាប់ពី​ពេលនេះតទៅ បាន​បង្ហើប​ថា ចលនា​ចាកចេញ​ពី​បក្ស​សម រង្ស៊ី​​នឹង​មាន​បន្តបន្ទាប់​ទៀត។ តែមន្រ្តីជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី​ មិន​ព្រួយបារម្ភ​ជាមួយ​ចល​នា​ចាកចេញ​ពីគណបក្ស ម្នាក់ ​ពីរ​នាក់នោះទេ ពីព្រោះ​គណបក្ស​​ទទួល​ត្រលប់មកវិញ នូវ​សកម្មជន​រាប់រយ​នាក់​ឯណោះ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់​អ៊ឹម ណាវិន​ពី​ទីក្រុង​ភ្នំពេញ

គណបក្សសម រង្ស៊ី បាន​ដាក់​សំណើ​ភ្លាមៗ​ទៅ​រដ្ឋសភា​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​តំណាងរាស្រ្ត​មណ្ឌល​កំពង់ចាម បន្ទាប់ពី លោក​ម៉ៅ មុនីវណ្ណ​ដើរ​ចេញ​ពី​គណបក្ស។ គេ​បាន​ស្នើ​ឲ្យ​ដក​លោក ម៉ៅ មុនីវណ្ណ​ចេញ និង​ដាក់​លោក​នូ ពិសាខា ចូលជំនួស​វិញ។

សំណើ​របស់​គណបក្ស​សម រង្ស៊ី ក្នុង​ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្រ្ត​នេះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្រ្តៃយ៏​រដ្ឋសភា​យល់ព្រម​ភ្លាមៗ កាល​ពី​ព្រឹកថ្ងៃ​សុក្រ​ទី ២៥ មីនា​នេះ។ លោក​ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៏​រដ្ឋសភា បាន​និយាយ​ថា តំណាងរាស្រ្ត​ថ្មី របស់​​គណបក្ស​សម រង្ស៊ី ​លោក នូ ពិសាខា នឹង​ត្រូវ​ប្រកាស​ពេញ​សិទ្ធិ​ជា​អ្នកតំណាងរាស្រ្ត នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មេសា​​ខាងមុខ​នេះ។ លោក​ជាម យៀប​បន្ត​ថា នីតិវិធី​ផ្លាស់ប្តូរ​តំណាង នៅ​ក្នុងសភា គ្មានអ្វី​ស្មុគស្មាញ​នោះ​​ទេ សំខាន់​អាស្រ័យ​លើ​ការសម្រេច​របស់​គណបក្ស​នីមួយៗ​តែ​ប៉ុណ្ណោះ។
ចេញមុខ​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្រ្ត​វ័យក្មេង របស់​គណបក្ស សម រង្ស៊ី បានរិះគន់​ការដឹកនាំ​គណបក្ស​ប្រឆំាង​ថា ស្ថិតនៅ​ក្រោម​គំនាប​បក្ស​ពួក​និយម​ គ្រួសារ​​និយម និង​គ្មាន​ប្រជាធិបតេយ្យ។ ពី​ខេត្តកណ្តាល​ក្នុង​ពេល​ចុះ​មូលដ្ឋាន​បម្រើ​​សក​ម្មភាព​នយោបាយ គណបក្ស​ថ្មី​របស់​លោក គឺ គណបក្ស​សិទ្ធិ​មនុស្ស នៅព្រឹកនេះ លោក ម៉ៅ មុនី​វណ្ណ ថ្លែងថា លោក​មិន​សោក​ស្តាយ​ចំពោះ​ការបាត់បង់​តួនាទី​ជា​អ្នកតំណាង​រាស្រ្ត​ ក្នុង​គណបក្ស​សម រង្ស៊ី​នោះទេ។

លោក ម៉ៅ មុនីវណ្ណ​បាន​បង្ហើប​អោយដឹង​ផងដែរ​ថា សមាជិក​គណបក្ស​សម រង្ស៊ី ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ចាម ជា​ច្រើននាក់​ទៀត​នឹង​ដើរ​ចេញ​ពី​គណបក្ស​សម រង្ស៊ី តាមលោក។ សកម្មជន​គណបក្ស​សម រង្ស៊ី​ចុះចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស នឹង​មាន​ចំនួន​ប៉ុន្មាន នោះ លោក ម៉ៅ មុនីវណ្ណ  ​នឹងប្រកាស​ឲ្យ​ដឹង ​នៅសប្តាហ៍​ក្រោយនេះ។

ការបែកបាក់​សមាជិក​គណបក្ស​សម រង្ស៊ី​ក្នុងពេលនេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហៅថា ជាការបែកបាក់​ក្នុង​ទ្រង់ទ្រាយ​ធំមួយ។ កាលពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក​នាយ​​ករដ្ឋមន្រ្តី​បានព្យាករ​ថា គណបក្សប្រឆំាង​នឹង​បន្ត​បែកបាក់​ទៅមុខ​ទៀត។

“មិនមែន​ដូច​ការលើកឡើង​របស់​លោក​នាយក​រដ្ឋមន្រ្តី​នោះទេ គណបក្ស សម រង្ស៊ី គ្មាន​ការបែកបាក់​ទ្រង់ទ្រាយ​ធំ​ឡើយ” នេះជា​ការឆ្លើយតប​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សម រង្ស៊ី។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសម​រង្ស៊ី អះអាង​ថា គណ​បក្ស សម រង្ស៊ី មិនខ្វល់​ពី​ការចាកចេញ​បុគ្គលមួយ​ចំនួនតូច ដែល​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ មានមនុស្ស​ម្នាក់ ឬ​ពីរនាក់​ដើរចេញ តែនឹង​មាន​អ្នក​ចូល​វិញ​រាប់រយនាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI