ឥទ្ធិពលនៃ «ដាវអាជ្ញាសឹក» របស់នាយករដ្ឋមន្ត្រី !
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃពុធ លោកលឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងជាប្រធានអាជ្ញាធរបឹងទន្លេសាបបានប្រកាសប្រើ«ដាវអាជ្ញាសឹក»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអនាធិបតេយ្យនៅក្នុងវិស័យនេសាទនៅក្នុងតំបន់បឹងទន្លេសាប។ «ដាវអាជ្ញាសឹក» ដែលប្រមុខដឹកនាំរដ្ឋាភិបាលខ្មែរបានប្រគល់ឲ្យសេនាធិការរបស់ខ្លួនដើម្បីកម្ចាត់ក្រុមល្មើសច្បាប់នៅពេលនេះគឺសំដៅលើបទល្មើសនេសាទដែលជាបញ្ហារ៉ាំរ៉ៃមួយមិនដែលមានអ្នកណាកម្ចាត់បាន។ តើ«ដាវអាជ្ញាសឹក»របស់បុរសខ្លាំងកម្ពុជាមានឥទ្ធិពលប៉ុណ្ណាសម្រាប់កម្ចាត់ជនល្មើសនៅកម្ពុជា?
មនុស្សជាច្រើនបានអបអរសាទរចំពោះការបញ្ចេញ«ដាវអាជ្ញាសឹក»របស់លោកនាយករដ្ឋមន្ត្រីសម្រាប់កម្ចាត់ជនល្មើសដែលកំពុងតែបំផ្លិចបំផ្លាញជាតិ។ បទល្មើសទាំងនោះមិនមែនជារឿងថ្មីថ្មោងឡើយ តែវាជាជំងឺរ៉ាំរ៉ៃដែលមិនធ្លាប់ព្យាបាលជា ដោយសារតែថ្នាំខ្វះប្រសិទ្ធិភាព ឬក៏ថាគ្រូពេទ្យព្យាបាលគ្មានសមត្ថភាព។ នេះជាមូលហេតុសំខាន់ពីរដែលត្រូវពិចារណា។
ឥឡូវនេះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញ«ដាវអាជ្ញាសឹក» ដើម្បីកម្ចាត់មេរោគសង្គមដ៏រ៉ាំរ៉ៃមួយទៀតក្នុងបឹងទន្លេសាប។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ«ដាវអាជ្ញាសឹក»របស់លោកនាយករដ្ឋមន្ត្រីសម្រាប់កម្ចាត់បទល្មើសនេសាទមិនត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលជលផលទេ តែដាវនេះបែរជាធ្លាក់ទៅលើក្រសួងធនធានទឹក និងអាជ្ញាធរបឹងទន្លេសាបទៅវិញ។ ចំណុចនេះត្រូវគេមើលឃើញថា បើមិនមែនជាការមិនទុកចិត្តទៅលើប្រសិទ្ធិភាពនៃរដ្ឋបាលជលផលទេ ក៏ជាការសាកល្បងសមត្ថភាពរបស់ស្ថាប័នថ្មីមួយដែលទើបតែបង្កើតឡើង។
ជាការពិតណាស់ នេះមិនមែនជាលើកទី១ទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យប្រើវិធានការក្តៅប្រឆាំងនឹងបទល្មើសរ៉ាំរ៉ៃដែលពិបាកបង្រ្កាប។ ដោយគ្រាន់តែរាប់ត្រួសៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេប្រាកដជានៅចាំបាន វិធានការកណ្តាប់ដៃដែកប្រឆាំងមន្ត្រីតុលាការពុករលួយ បទបញ្ជាក្តៅគគុកប្រឆាំងនឹងកុងត្រូលជជុះ និងក្រុមបងធំ វិធានការបង្ក្រាបទ្រង់ទ្រាយធំប្រឆាំងបទល្មើសព្រៃឈើនៅទូទាំងប្រទេស និងឥឡូវនេះ គឺការបញ្ចេញ«ដាវអាជ្ញាសឹក»ប្រឆាំងនឹងបទល្មើសក្នុងដែននេសាទបឹងទន្លេសាប។ នេះបានបង្ហាញពីការអស់ភាពអត់ធ្មត់របស់ប្រមុខដឹកនាំរដ្ឋាភិបាលចំពោះភាពអសកម្មរបស់អាជ្ញាធរថ្នាក់ក្រោមដែលទាមទារឲ្យនាយករដ្ឋមន្ត្រីត្រូវចេញវិធានការគ្រប់បែបយ៉ាងដោយខ្លួនឯង។
បទបញ្ជារបស់នាយករដ្ឋមន្ត្រី ទោះជាធ្វើឡើងក្រោមរូបភាពណាក៏ដោយចុះ សុទ្ធតែមានប្រសិទ្ធិភាពដូចផ្លេកបន្ទោរ ពោលគឺក្រោយបទបញ្ជាចេញតែប៉ុន្មានម៉ោងប៉ុណ្ណោះ ការអនុវត្តន៍ក៏ចាប់ផ្តើមភា្លមៗនៅទូទាំងប្រទេស។ បទល្មើសក៏បានស្ងប់ស្ងាត់មួយរយៈ ប៉ុន្តែ មិនយូរប៉ុន្មាន ជំងឺចាស់ក៏លាប់ឡើងវិញ អាជ្ញាធរថ្នាក់ក្រោមក៏ហាក់ទម្លាក់ដៃចុះដែលអនុញ្ញាតឲ្យជនល្មើសផ្តើមសកម្មភាពឡើងវិញដែរ។ ជាក់ស្តែង ទោះជាមានវិធានការជាបន្តបន្ទាប់ ក៏មន្ត្រីតុលាការមួយចំនួននៅតែរងការរិះគន់ពីអំពើពុករលួយ កុងត្រូលជជុះនៅតែមានតាមដងផ្លូវ ក្មេងទំនើងនៅតែបង្កការអុកឡុកជាហូរហែ រីឯបទល្មើសព្រៃឈើក៏នៅតែកើតមានជារៀងរាល់ថ្ងៃ។ តើហេតុអ្វីបានជាដូច្នេះ?
ដើម្បីឆ្លើយសំណួរនេះ ជាបឋម គេគួរយល់កត្តាសត្យានុម័តមួយ នោះគឺគ្មានសង្គមណាមួយដែលគ្មានបទល្មើសសោះនោះឡើយ ទោះជាអ្នកដឹកនាំនោះខ្លាំងពូកែយ៉ាងណាក្តី មានន័យថា បទល្មើស «បើមិននេះក៏នោះដែរ»តែងកើតឡើងជារឿងធម្មតា។ ប៉ុន្តែ បញ្ហារបស់កម្ពុជាសព្វថ្ងៃគឺបទល្មើសជាច្រើនមានជាប់ពាក់ព័ន្ធនឹងការឃុបឃិតរបស់អាជ្ញាធរមានសមត្ថកិច្ច។ នេះជារឿងសាមញ្ញតែវាជារឿងគួរឲ្យតក់ស្លុត។ ដើមហេតុរបស់វា គឺបញ្ហាផលប្រយោជន៍នេះឯង។ ផលប្រយោជន៍ដែលធ្វើឲ្យ «ដាវអាជ្ញាសឹក» របស់នាយករដ្ឋមន្ត្រីចុះខ្សោយឥទ្ធិពល។
សរុបមកវិញ បទបញ្ជាទាំងឡាយរបស់ប្រមុខដឹកនាំប្រទេសបានឆ្លុះឲ្យឃើញពីការយកចិត្តទុកដាក់លុបបំបាត់បាតុភាពអសកម្មនៅក្នុងសង្គម ពីព្រោះថា នៅលើលោកនេះប្រហែលជាគ្មានមេដឹកនាំប្រទេសណាមួយដែលមិនប្រាថ្នាចង់ឃើញវឌ្ឍនភាពប្រកបដោយភាពសុខដុមរមនាក្នុងសង្គមនៅក្រោមការដឹកនាំរបស់ខ្លួននោះឡើយ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីម្នាក់ឯងមិនអាចចេញបញ្ជាគ្រប់បញ្ហាបានទេ។ ប្រសិទ្ធិភាពពិតប្រាកដក្នុងការបំបាត់បទល្មើសទាំងឡាយគឺស្ថិតនៅលើសមត្ថភាព និងមនសិការជាតិរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលជាសេនាធិការរបស់រដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ