អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺឈឺពោះ និងជនបរទេស

សំឡេង ០៧:០៤
គេ​អាច​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្លង​មួយ​ចំនួន​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​កន្លែង​ដែល​ខ្វះ​អនាម័យ
គេ​អាច​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្លង​មួយ​ចំនួន​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ទី​កន្លែង​ដែល​ខ្វះ​អនាម័យ
ដោយ៖ អៀង សុខម៉ិញ

នៅ​សប្តាហ៍​មុន​ អស់​លោកអ្នក​នាង​បាន​ជ្រាប​អំពី​ភាព​ខុស​គ្នា​នៃ​ជំងឺឈឺ​ពោះ និង​ការ​ប្រុង​ប្រយ័ត្ន​ទាំង​ឡាយ នៅ​ពេល​អាការៈ​ឈឺ​ពោះ​ស្តែង​ឡើង​នៅ​ម្តុំ​​ខាង​ស្តាំ ផ្នែក​ខាង​ក្រោម​នៃ​ពោះ​ ព្រោះ​វា​អាច​បណ្តាល​មក​ពី​ជំងឺ​ពោះ​វៀន​ដុះ​ខ្នែង។ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ លោក​វេជ្ជបណ្ឌិត ឡោ គីមសុង សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​មូល​ហេតុ​ផ្សេងៗ​នៃ​ការ​ឈឺ​ពោះ​របស់​បណ្តាជន​បរទេស​ និង​បណ្តា​ជន​ខ្មែរ ដែល​បាន​ចាក​ចេញ​​ពី​ស្រុក​កំណើត​យូរ​ ពេល​ត្រឡប់​ទៅ​វិញ​ភាគ​ច្រើន​ តែ​ងនាំ​យក​ជំងឺ​ឈឺ​ពោះមក​ជាមួយ។ ពេល​ខ្លះ​វា​មិន​មែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ទេ ប៉ុន្តែ​ដោយហេតុ​តែ​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ ជាពិសេស​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ “Antibiotique » បាន​ធ្វើ​ឲ្យ​មេរោគ​មួយ​ចំនួន​ស្គាល់​ ព្រម​ទាំង​ធន់​នឹង​ប្រសិទ្ធិភាព​របស់​ថ្នាំ​នោះ។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​ពេល​ដែលការ​គោរព​​អនាម័យ មិនទាន់​បាន​ត្រឹមត្រូវ និង​គ្រប់​គេ​សង្កេត​ឃើញ​ថា​មេរោគ​ឆ្លង ប៉ារ៉ាស៊ីត មាន​វត្តមាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដូច​ជា​នៅតាម​បន្លែ ផ្លែឈើ សាច់ ជាពិសេស​ទឹក​។ ដូច្នេះ​សម្រាប់​បណ្តាជន​ដែល​ធ្លាប់​រស់​នៅទី​ស្អាត មាន​អនាម័យ​គ្រប់​គ្រាន់ នៅ​ពេល​បាន​ជួប​មេរោគ ឬ​មីក្រុប​ភ្លាម ពួក​គាត់​ងាយ​នឹង​​ធ្លាក់​ខ្លួន​ឈឺ​ណាស់។

និយាយ​បែប​នេះ មិន​មែន​បាន​ន័យ​ការ​រក្សា​អនាម័យ​គ្មាន​ប្រយោជន៍​ទេ ប៉ុន្តែ​ពាក្យ​ថា “មាន​អនាម័យ ឬ​រក្សា​អនាម័យ​” ត្រូវ​ធ្វើ​ឡើង​គ្រប់​ពេល​វេលា និង​ទីកន្លែង ពោល​គឺ​ ខ្លួន​ប្រាសយើង​ក៏​ស្អាត រីឯ​​បរិស្ថានដែល​នៅ​ជ​ជុំ​វិញ​ខ្លួន​ក៏ត្រូវ​តែ​​ស្អាតដែរ ! នោះ​ទើប​អាច​ចាត់ទុក​ថា​មាន​អនាម័យ និងនាំ​មក​នូវ​សុខភាព​ល្អ។ ការ​ទម្លាប់​នៅ​ក្នុង​ទី​មិន​ស្អាត ទោះ​បី​ជា​ពេល​ខ្លះ​គេ​អាច​ទ្រាំ​ទ្រ​នឹង​ប្រឈម​នឹង​មីក្រុម ឬ​មេរោគ​ខ្លះ​បាន​ ព្រោះ​ខ្លួន​ប្រាណ​មាន​អង្គបដិបក្ខ​ប្រាណ Anticorps ​ក៏​ដោយ ក៏​ក្នុង​ករណី​មាន​មេរោគ​សាហាវ​ គេ​មិន​អាច​ទប់​ទល់​បាន​ទេ។ ឧទាហរណ៍​ជំងឺ​អាសន្នរោគ និង​គ្រុន​ពោះវៀន។

ដូច្នេះ ត្រូវ​ចេះ​ការពារ​ប្រសើរ​ជាង​ព្យាបាល​ វិធីការពារ​ដែល​សាមញ្ញា​ និង​ងាយ​ស្រួល​បំផុត គឺ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ជាពិសេស​មុន​ពេល​ទទួល​ទាន។ សូម​ពិសារ​តែ​អាហារ​ឆ្អិន ទឹក​ដាំ​ពុះ។ ផ្លែ​ឈើ​ត្រូវ​លាង និង​ចិត​សំបក​មុន​នឹង​បរិភោគ។ នៅ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រីក្រ អន់​ថយ ផ្នែក​អនាម័យ យើង​អាច​រក​ចាក់​ថ្នាំ​ការពារ មាន​ជាអាទិ៍​ជំងឺ​គ្រុន​ចាញ់ គ្រុន​ពោះ​វៀន អាសន្ន​រោគ។

កំណត់​សម្គាល់​មួយ​ដែល​គួរ​ចង​ចាំ គឺ​ការ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ នៅ​ក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍ ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ ប្រព្រឹត្ត​ទៅ​គ្រប់​ទិសទី និង​ទិញ​ដូរ​បាន​ដោយ​សេរី ហើយ​ដោយ​ហេតុ​បញ្ហា​ថវិកា អ្នក​ជំងឺ​​មិន​បាន​ប្រើ​ប្រាស់​ថ្នាំ​តាម​កំរិត​​បរិមាណ និង​ពេល​វេលា​កំណត់​ទេ។ កាយ​វិការ​នេះ​បាន​ជំរុញ​ឲ្យ​យើង​ជួប​ផល​វិបាក​​នៅ​ថ្ងៃ​ក្រោយ មាន​នោះ​គឺ​ខ្លួន​ប្រាណ​យើង​មាន​សភាព​ធន់​នឹង​ថ្នាំ។ ថ្នាំ​ខ្លាំង​ និង​ពូកែ​យ៉ាង​ណា​ ក៏​លែង​មាន​ប្រសិទ្ធិភាព​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ