អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ត្រូវ​ឈប់​ប្រើ​ថ្នាំ Di-antalvic ដោយ​វិធី​​ណា ?

សំឡេង ០៨:២៦
ថ្នាំ​Di-antalvic នឹង​ត្រូវ​ដក​ចេញ​ពី​ទីផ្សារ​លែង​ឲ្យ​ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​នៅ​ចុង​ខែ​កុម្ភៈ​២០១១​
ថ្នាំ​Di-antalvic នឹង​ត្រូវ​ដក​ចេញ​ពី​ទីផ្សារ​លែង​ឲ្យ​ធ្វើ​ចរាចរណ៍ និង​ប្រើប្រាស់​នៅ​ចុង​ខែ​កុម្ភៈ​២០១១​ ©assafp
ដោយ៖ អៀង សុខម៉ិញ
២៤ នាទី

បារាំង​ជា​ប្រទេស​មួយ​ ដែល​មាន​ឈ្មោះ​បោះ​សំឡេង ខាង​វិស័យ​សុខាភិបាល។ ថ្នាំ​ផលិត​នៅ​ស្រុក​បារាំង ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ប្រសិទ្ធិភាព​ខ្ពស់។​ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ មាន​របាយ​ការណ៍​ជា​សាធារណៈ​បង្ហាញ​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន។ រឿង​អាស្រូវ​នេះ បាន​រីក​រាលដាល រហូត​លេច​ចេញ​បញ្ជី​វែង​អន្លាយ​ឈ្មោះ​ថ្នាំ​ “សង្ស័យ” ដែល​ត្រូវ​ទទួល​រង​ការ​តាមដាន​ និង​ត្រួត​ពិនិត្យ​​ យ៉ាង​សកម្ម។ហេតុ​អ្វី​បាន​ជា​ថ្នាំ​ទាំង​នោះ​ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​តាមដាន ? តើ​គេ​នៅ​តែ​អាច​បន្ត​ប្រើ​ប្រាស់​ថ្នាំ​ទាំង​នោះ​ទៀត​បាន​ដែរ​ឬទេ ? ​ ក្នុង​អ្នក​ជំងឺ​កំពុង​ទទួល​ព្យាបាល​ដោយ​ថ្នាំ​ទាំង​នោះ​ តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ? គេ​ត្រូវ​ឈប់​លេប​វា​ភ្លាម​ឬ យ៉ាងណា ? 

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​​មាន​រឿង​អាស្រូវ​ទាក់​ទង​នឹង​ថ្នាំ Médiator សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម បាន​បង្ក​ឲ្យ​អ្នក​ជំងឺ​ជា​ច្រើន​ស្លាប់​មក ថ្នាំ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​បញ្ជី​តាម​ដាន​ត្រួត​ពិនិត្យបន្ត​ទៅ​ទៀត។ អ្នក​ជំងឺ​ដែល​ទទួល​ទាន​ថ្នាំ​ប្រភេទ​នេះ​ ក្នុង​អំឡុង​ពេល​បី​ខែ​ចុងក្រោយ​ ត្រូវ​តែ​អញ្ជើញ​មក​ជួប​គ្រូពេទ្យ​វិញ ដើម្បី​ពិគ្រោះ​ជំងឺ​ឡើង​វិញ និងដើម្បី​តាម​ដានសុខភាព​ ដែល​អាច​បង្ក​ឡើងដោយ​ Mediator។​ មិន​តែ​ប៉ុណ្ណោះ រឿង​អាស្រូវ​នេះ បាន​ធ្វើ​ឲ្យ​រាល​ដាល​ដល់​ថ្នាំ​ជា​ច្រើន​ប្រភេទ​ទៀត។

ជាក់​ស្តែង កាលពី​ដើម​ខែ​​កុម្ភៈ​ ឆ្នាំ ២០១១ កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋាភិបាល​បារាំង​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​ថ្នាំ ដែល​ត្រូវ​បញ្ឈប់​លែង​ឲ្យ​ធ្វើ​ចរាចរណ៍ នៅ​លើ​ទី​ផ្សារ និង​បញ្ជី​ឈ្មោះ​ថ្នាំ​ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ។ ថ្នាំ​ខ្លះ​ ជា​ថ្នាំ​ដែល​យើង​ធ្លាប់​ស្គាល់ និង​ប្រើ​ប្រាស់​ញឹក​ញាប់​រាល់​ថ្ងៃ​ទៀត។

ព្រោះ​សូម​បញ្ជាក់​ថា នៅ​ប្រទេស​បារាំង រាល់​ថ្នាំ​ពេទ្យ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ទី​ផ្សារ​ហើយ​ នៅ​តែ​ត្រូវ​ទទួល​ការ​តាម​ដាន​ពិនិត្យ​ជា​បន្ត​ ដើម្បី​រក​ពី​ផល​ប៉ះពាល់ ពី​ប្រតិកម្ម​របស់​ថ្នាំ​មក​លើ​អ្នក​ប្រើ​ប្រាស់ ដែល​គេ​មិន​ចង់​បាន Effet indésirable។ ​

ថ្នាំ​មួយ​មុខ​ៗ អាច​ចេញ​លក់​លើ​ទី​ផ្សារ​ ទាល់​តែ​មាន​ការ​ទទួល​យល់​ព្រម​ពី​ក្រសួង​សុខាភិបាល ហើយ​ដើម្បី​​​បញ្ឈប់ ពី​ផ្សារ ក៏​ត្រូវ​តែ​​មាន​ដំណើរ​​​ការ​តាម​ដាន ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​សិនដែរ ​មុន​នឹង​ប្រកាស​ឈប់​ឲ្យ​ធ្វើ​ចរាចរណ៍​បាន។

ថ្នាំ​ទាំង​អស់​នោះ​មាន​ច្រើន​ប្រភេទ​ សរុប​ចំនួន​៧៧​មុខ និង​១២​ប្រភេទ ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​ថ្នាំ​​កំពុង​តាម​ដាន​ និង​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ដើម​ខែ​កុម្ភៈ​នេះ ដោយ​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង។

-          ថ្នាំ​សម្រាប់​បំបាត់​ការ​ឈឺ​ចាប់ ​ជំងឺ​ទឹក​នោម​ផ្អែម - បញ្ចុះ​ទម្ងន់ - ​ឈឺ​សន្លាក់​ដៃ​ជើង - ជំងឺ​បេះដូង -​ព្យាបាល​ជំងឺ​មហារីក -​ជំងឺ​ស៊ីដា -​បំបាត់​ទុក្ខព្រួយ -ការពារ​កើត​មុន -​ជំងឺឆ្កួត​ជ្រូក -​ជំនួយ​ដំណេក -​ការ​ពារ​ជំងឺ​សើ​​ស្បែក -​ការ​ពារ​មហារីក​ស្បូន​ ។ល។ និង​ ។ល។

ចំណែក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ Di-Antavic នឹង​ដក​ចេញ​ពីផ្សារ​ លែង​ឲ្យ​ធ្វើ​ចរាចរណ៍ ចាប់​ពី​ថ្ងៃ​ទី​១​មីនា២០១១​នេះ​ទៅ។ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ និង​ប្រតិកម្ម​ជា​ច្រើន​​ ដូចជា ៖ ក្អួត​ចង្អោរ- ឈឺ​ពោះ​អស់​កម្លាំង- វិលមុខ- ងងុយគេង- រលាក ឬ​រលួយ​​ថ្លើម- ក្នុងករណី​ប្រើ​ហួស​កំរិត​នឹង​អាច​នាំ​ឲ្យ​គាំង​បេះដូង​ស្លាប់។

ប៉ុន្តែ​​សូម​មេត្តា​កុំ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​​ទាំង​នោះ​ដោយឯកឯង ដោយ​​គ្មាន​បញ្ជា​ពី​វេជ្ជបណ្ឌិត និង​ឱសថការី៕

ផ្តល់​ព័ត៌មាន​ដោយ លោកស្រី​ឱសថ​ការី​បណ្ឌិត ឃុន វ៉ារី

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ