រុស្ស៊ី

ប្រជុំកោះ Kouriles​នៅ​ជា​ដែនដី​ជាប់វិវាទ​រវាង​ជប៉ុន និង​រុស្ស៊ី

ប្រជុំកោះ​គូរីល​មាន​កោះ​តូចៗ ជាង ៣០ និង​មាន​ផ្ទៃក្រឡា១០៦០០គីឡូម៉ែត្រ​ការ៉េ
ប្រជុំកោះ​គូរីល​មាន​កោះ​តូចៗ ជាង ៣០ និង​មាន​ផ្ទៃក្រឡា១០៦០០គីឡូម៉ែត្រ​ការ៉េ National Oceanic and Atmospheric Administration

ការរកដំណោះស្រាយ​ជុំវិញ​បញ្ហាប្រជុំកោះ​គូរីល​នឹង​ក្លាយ​ជាកម្មវត្ថុ​ធំ​ចំបង នៃ ជំនួប​ទ្វេភាគី រវាង​លោក​ប្រធានាធិបតីរុស្ស៊ី Dmitri Medvedev និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Naoto Kan ដែល​នឹង​ប្រព្រឹត្ត​ទៅ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូលអង្គការ APEC នៅ​ទីក្រុង Yokohama ក្នុង​ប្រទេស​ជប៉ុន នៅ​ថ្ងៃ១៣-១៤ វិច្ឆិកាខាងមុខ។ សេចក្តី​នេះ​ទើប​ប្រកាស​​ ដោយ​ លោកស្រី Natalia Timakova អ្នកនាំពាក្យ​របស់​វិមាន​ក្រេមឡាំង។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់​កែវ ឆាយា​ពី​ទីក្រុង​ម៉ូស្គូ

អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​លំអិត​ថា រដ្ឋ​បុរស​ប្រទេស​ទាំងពីរ​គ្រោងលើក​យក​ទៅ​ពិភាក្សា អំពី​ការវិវឌ្ឍន៍ ជាទូទៅ​នៃ​ទំនាក់ទំនង​រុស្ស៊ី-ជប៉ុន។ ប៉ុន្តែ ជា​ទម្លាប់​ទៅហើយ ដែល ក្នុង ជំនួប​បែបនេះ ភាគី​ជប៉ុន​តែងលើក​យកមក​និយាយ គឺ​រឿង​ប្រជុំកោះ​ចំនួន៤ នៅ​ប៉ែក​ខាងត្បូង នៃ​ប្រជុំកោះ Kouriles ពោល​គឺកោះ Iturup Kunashir Shikotan Habomai។

សំរាប់​ភាគី​ជប៉ុន កោះ​ទាំង​៤នេះ បន្ត​ស្ថិតនៅ​ជា​ដែនដី​ជាប់​វិវាទ ដែល​ទីក្រុងTokyo មកទល់ សព្វថ្ងៃ នៅតែ​ទាមទារ​ពី​រុស្ស៊ី​ឲ្យ​​ប្រគល់​ទៅ​ឲ្យ​ជប៉ុន​វិញ។ រឿងរ៉ាវ​នេះ​បាន​ផ្ទុះ​ឡើង​ដោយ​កម្រិត​តានតឹង​ជាថ្មី ក្រោយ​ពី​ថ្ងៃ​ទី ១ វិច្ឆិកា លោក Medvedev ក្នុង​ឋានៈ​ជា​មេដឹកនាំ​មុន​គេ​បង្អស់​នៃ​ប្រទេស​រុស្ស៊ី ហ៊ាន​បំពេញ​ទស្សនកិច្ច​​នៅលើ​កោះមួយ ក្នុង​ចំណោម​កោះ​ទាំង​៤នោះ គឺកោះ Kunashir ដែល​ស្ថិតនៅ​ចម្ងាយ​តែ​១០គម ប៉ុណ្ណោះ ពីកោះHokkaido របស់​ជប៉ុន។

គោលជំហរ​ទីក្រុង Tokyo គឺ​នៅតែ​បន្ត​ចាត់ទុក​កោះ​ទាំង​៤​នោះ ថា ជា “ដែនដី​ប៉ែក​ខាងជើង“​ របស់​ជប៉ុន ទោះបី​កោះ​ទាំងនោះ បាន​ត្រូវ​សហភាពសូវៀត ភ្ជាប់​ជាដែនដី​ឧបសម្ពន្ធ តាំង​ពី ឆ្នាំ១៩៤៥ ក្រោយ​ពី​ជប៉ុន​ចាញ់​សង្គ្រាម​លោកលើក​ទី២​ក្តី។ ម្ល៉ោះហើយ បាន​ជា​កាលណោះ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Naoto Kan បាន​ថ្លែងថា ទស្សនកិច្ច​ប្រមុខរដ្ឋ​រុស្ស៊ី នៅកោះ Kourile នោះ​គឺ​នាំ​ឲ្យ ”របួស​ដល់​ទឹកចិត្ត“ ប្រជាជន​ជប៉ុន​តែម្តង។ ទីក្រុង Tokyo ថែម​ទាំង​បាន​កោះ​ហៅ ឯក​អគ្គរាជទូត​ខ្លួន ឲ្យ​ចាកចេញ​ពីក្រុង​ម៉ូស្គូ អស់​មួយ​រយៈពេល​ទៅផង។ ចំណែក​រដ្ឋមន្ត្រី​ ការបរទេស​រុស្ស៊ី លោកSerguei Lavrov ​កាលណោះ​បានថ្លែងបក​ទៅវិញថា ប្រមុខរដ្ឋ​រុស្ស៊ី​មាន សិទ្ធិ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់ណា​ក៏ដោយ​នៃ​ប្រទេស​ខ្លួន ​ដោយ​មិន​បាច់​សួរ​យោបល់​អ្នកណា​ឡើយ។

អ្នកនាំពាក្យវិមាន​ក្រមឡាំង ថ្ងៃនេះ បានថ្លៃង​បញ្ជាក់​ថា គោលជំហរ​របស់​ម៉ូស្គូ​ ក្នុង​រឿង​វិវាទ​កោះ នោះ គឺ​ស្ថិតនៅ​ដដែល​ឥត​ប្រែប្រួល​ទេ ៖ កោះ Kouriles ខាងត្បូង​ចំនួន​៤​នោះ គឺ​ស្ថិតនៅ​ក្រោម​អធិបតេយ្យភាព របស់​សហព័ន្ធរុស្ស៊ី ក្នុង​ឋានៈ​ជា​ប្រទេស​បន្ត​កេរ្តិ៍ពី​សហភាព​សូវៀត។ ម៉ូស្គូ​នឹង​បន្ត​បញ្ចូល​វិនិយោគទុន ទៅ​ក្នុងការ​អភិវឌ្ឍន៍​កោះ​ទាំង​៤​នោះ រួច​គ្មាន​គម្រោង​បង្វែរ​ប្រជុំ​កោះនោះ​ទៅ​ឲ្យ​ប្រទេស​ណាឡើយ។

តួលេខ​​អំពី​ជួរកោះ Kouriles គឺថា៖ វាមាន​ចំនួនសរុប​ដល់​៣២កោះតូចៗ រាយ​ជា​ខ្សែ​ម្យ៉ាង ​ប្រវែង ១.២០០គីឡូម៉ែត្រ ផ្ទៃក្រឡា​សរុប ១៥.៦០០គម ក្នុង​ខេត្ត Sakhaline នៅ​ចុងបូព៌ា រុស្ស៊ី ដោយ បែកចេញ​ពី​ជ្រោយ Kamchatka រុស្ស៊ី លុះជិតដល់ កោះ Hokkaido របស់ជប៉ុន។ ពីក្នុង ៣២កោះ នោះ កោះ៤ នៅប៉ែកខាងត្បូង​បង្អស់​ដែល​ជាប់​ក្នុង​វិវាទ មាន​ផ្ទៃក្រឡា​ប្រមាណ ៥.០០០គមរស់នៅ​ដោយ​បណ្តាជន​សរុប​តែ ជាង១ម៉ឺន ៤ពាន់នាក់ ប៉ុន្តែ គ្រាន់តែ ជលផល​ក្នុង​ដែនទឹក សេដ្ឋកិច្ច ​របស់វា ក្នុង​១ឆ្នាំៗ គឺ​មាន​ទំហំ​ដល់​ជាង ២.០០០​លាន​ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​និយាយ​អំពី​សម្បត្តិ​ប្រេងកាត និង​ឧស្ម័ន​ដែល​បង្កប់ នៅទីនោះ​ផង៕.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI