អានតួអត្ថបទ
រុស្ស៊ី

ប្រធានាធិបតី​ប្រើ​សិទ្ធិ Veto ប្រឆាំង​វិសោធនកម្ម ដែល​បន្ថែម​ទៅ​លើ ”ច្បាប់​ធ្វើ​មីទិញ”

ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev
ប្រធានាធិបតី​រុស្ស៊ី Dmitri Medvedev REUTERS/Hoang Dinh Nam
ដោយ៖ កែវ ឆាយា
២១ នាទី

តាម​មតិ​លោក​ប្រមុខ​រដ្ឋ Medvedev ទោះបី​វិសោធនកម្ម​នេះ បាន​ត្រូវ​អនុម័ត​ដោយ​សភា​ទាំងពីរ​ជាន់​ក្តី ក៏​ចំណុច​ខ្លះ​របស់​វា​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទេ​តើ ដ្បិត​វា​បង្កើត​ជា ឧបសគ្គ​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ សំរាប់​ធ្វើ​មីទិញ សិទ្ធិ​ដែល​ធានា គឺ​ពិត​ជា​ដោយ​ច្បាប់​គោល​របស់​ប្រទេស​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ប្រធាន​សភា​ទាំងពីរ​ជាន់ លោក​ប្រធានាធិបតី Dmitri Medvedev សរសេរ​ថា ៖ “ក្នុង​វិសោធនកម្ម​ដែល​រៀប​រយ​សណ្តាប់​ធ្នាប់ សំរាប់​ប្រជាជន​ប្រព្រឹត្ត​ទង្វើ​សាធារណៈ នៅ​តាម​កន្លែង​នានា​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ស្រាប់​តែ​មាន​ចំណុច​ខ្លះ បែរ​ទៅ​ជា​​រាំងរា​មិន​ឲ្យ​គេ​សមិទ្ធិ​ទៅ​កើត នូវ​សិទ្ធិ​របស់​គេ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ធ្វើ​មីទិញ ធ្វើ​បាតុកម្ម រួម​ប្រជុំ និង​ដើរ​ដង្ហែ​ជា​ក្បួន​ដោយ​សេរី”។

លោក​ប្រមុខ​រដ្ឋ Medvedev ក៏​លើក​ឡើង​ថា ៖ “ទង្វើ​សាធារណៈ​នោះ ជា​តម្រូវការ​ចាំបាច់​សំរាប់​សម្តែង​ឲ្យ​ឃើញ​នូវ​មតិ​ប្រជាពលរដ្ឋ​ ហើយ​ជា​រូបភាព​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ក្រៃលែង ខាង​ជះ​ចំហាយ​ទៅ​លើ​សកម្មភាព​អង្គការ​រដ្ឋ​អំណាច។ រីឯ​សិទ្ធិ​ធ្វើ​ទង្វើ​សាធារណៈ​នេះ គឺ​ពាក់ព័ន្ធ​ត្រង់​ផ្ទាល់​ទៅ​នឹង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ចូលរួម​ក្នុង​ការ​គ្រប់គ្រង​កិច្ចការ​រដ្ឋ។ ក្នុង​ន័យ​នេះ លោក Medvedev ទូន្មាន​ពួក​អ្នក​តាក់តែង​ច្បាប់​នៃ​សភា​ទាំងពីរ​ជាន់ ឲ្យ​កែ​តម្រូវ​វិសោធនកម្ម​ក្នុង​ទម្រង់​យ៉ាងណា លុះ​ទាល់​តែ​វា​ឆ្លើយ​បាន​​សម​ស្រប​នឹង​ការ​ទាមទារ​ដែល​មាន​ចែង​ក្នុង​ច្បាប់​គោល​របស់​ប្រទេស ទើប​គាត់​អាច​ចុះ​ហត្ថលេខា​ឲ្យ​វា​ចូល​ជា​ធរមាន។

គួរ​កត់​សំគាល់​ថា នេះ​ជា​ករណី​កម្រ​ដែល​នៅ​រុស្ស៊ី ប្រធានាធិបតី​ប្រើ​សិទ្ធិ Veto ប្រឆាំង​វិសោធនកម្ម ដែល​បាន​ត្រូវ​អនុម័ត​ទៅ​ហើយ​ ដោយ​សភា​ទាំង​ជាន់​ក្រោម ទាំង​ជាន់​លើ។ ហេតុ​ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​ផ្នត់​គំនិត​ថ្មី​របស់​ប្រធានាធិបតី​សព្វ​ថ្ងៃ គឺ​លោក Medvedev ដែល​ល្បី​ខាង​ប្រកាន់​យក​ទស្សនៈ​ប្រជាធិបតេយ្យ សេរីនិយម ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី​លើ​គ្រប់​វិស័យ។

តាម​ការ​សង្កេត​ឃើញ​នៃ​ពួក​នយោបាយវិទូ ទស្សនៈ​លោក Medvedev កាល​ដែល​រំកិល​ជិត​ដល់​​ឆ្នាំ​២០១២ ជា​ឆ្នាំ​បោះឆ្នោត​លើក​បន្តបន្ទាប់​រើស​ប្រធានាធិបតី​នៅ​រុស្ស៊ី គឺ​កាន់តែ​ម្ចាស់​ការ ដក​ខ្លួន​ចេញ​ដោយ​សន្សឹមៗ​ពី “ក្រោម​ម្លប់” នៃ​គ្រូ​របស់​គាត់​គឺ​លោក Poutine ជា​អតីត​ប្រធានាធិបតី និង​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី ហើយ​ដែល​ជា​លទ្ធផល​នៃ​បោះឆ្នោត​នោះ​លោក​Poutine អាច​នឹង​វិល​ត្រលប់​ទៅ​កាន់​អំណាច​កំពូល​វិញ។

អស្ចារ្យ ត្រង់​វិសោធនកម្ម ដែល​ត្រូវ​លោក Medvedev ប្រើ​សិទ្ធិ Veto ប្រឆាំង​ គឺ​បាន​ត្រូវ​ស្នើ​ដោយ​ក្រុម​តំណាងរាស្ត្រ​ខាង​បក្ស​កាន់​អំណាច​តែ​ម្តង ក្រោយពី​ពួក​កម្មករ​អណ្តូង​រ៉ែ ដោយ​តវ៉ា​ទល់​នឹង​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​នៃ​ពលកម្ម​ខ្លួន​បាន​ខ្ទប់​ឲ្យ​រាំង​ស្ទះ​ទៅ​ចរាចរណ៍ នៅ​លើ​ខ្សែ​ផ្លូវដែក​មួយ។

ប៉ុន្តែ Veto លោក Medvedev បាន​ញ៉ាំង​មេដឹកនាំ​ “ចលនា​ការពារ​សិទ្ធិមនុស្ស” នៅ​រុស្ស៊ី គឺ​លោក Ponomaerv ឲ្យ​ថ្លែង​ដោយ​អបអរ​ថា នេះ​ជា​ជំហាន​ដែល​នឹង​នាំ​ប្រទេស​រុស្ស៊ី​ទៅ​កាន់​​ស្តង់ដារ​ប្រជាធិបតេយ្យ ដែល​បាន​ចាក់​ឫស​ជាប់​ទៅ​ហើយ​នៅ​សហភាព​អឺរ៉ុប និង​នៅ​ស.រ.អា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ