រុស្ស៊ី

ប្រតិកម្ម​លោក​មេដវេដេវ​​ចំពោះ​មីទ្ទិញ​ភ្លូក​ទឹក​ភ្លូកដី​​នៅ​ម៉ូស្គូ​កាលពី​ម្សិលម៉្ងៃ​

នៅ​ថ្ងៃ​សៅរ៍​១០ធ្នូ​ ប្រជាពលរដ្ឋ​រាប់ម៉ឺន​​នាក់​​​ធ្វើ​បាតុកម្មពេញប្រទេស​​​​ដើម្បី​​សំដែង​​កំហឹង​​របស់​​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​នា​ពេល​ថ្មីៗ​
នៅ​ថ្ងៃ​សៅរ៍​១០ធ្នូ​ ប្រជាពលរដ្ឋ​រាប់ម៉ឺន​​នាក់​​​ធ្វើ​បាតុកម្មពេញប្រទេស​​​​ដើម្បី​​សំដែង​​កំហឹង​​របស់​​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សភា​នា​ពេល​ថ្មីៗ​ REUTERS/Denis Sinyakov

ក្នុង​ប្រតិកម្ម​នេះ ​លោក​ប្រធានាធិបតី ​មេដវេដេវ​ ថ្លែង​ថា ​គាត់​មិន​ ឯកភាព​ទេ ​ទាំង​ជា​មួយ​ការ​ទាមទារ​ទាំង​ជាមួយ​ពាក្យ​ស្លោក​ផង​ទាំង​ឡាយ ​ដែល​មាន​បន្លឺ​ឡើង​ក្នុង​មីទ្ទិញនោះ​ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្តី​ក៏​គាត់​ផ្ទុក​ផ្តាក់​ទៅ​ហើយ​ ឲ្យ​ធ្វើ​អង្កេត​អំពី​រាល់​ដំណឹង​លេច​ចេ​ញ​មក​ពី​ការិយាល័យ​​​បោះ​ឆ្នោត​ ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ទាំង​អម្បាលម៉ាន​ដែល​កើត​មាន ក្នុង​ការ​បោះ​ឆ្នោត​សភា​កន្លង​ទៅ​និង​ករណី​នានា​មិន​គោរព​តាម​ច្បាប់​បោះ​ឆ្នោត។​

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​មេដវេដេវ​ ក៏​គូស​បញ្ជាក់​ដែរ​ថា៖ ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ ប្រជាពល​រដ្ឋរុស្ស៊ី​ មានសេរីភាពបញ្ចេញវោហារ មានសេរីភាពរួមប្រជុំ។ គេមានសិទ្ធិសំដែងនូវគោលជំហរគេ ដូចដែលបានកើតឡើង ក្នុងមីទ្ទិញកន្លងទៅ។ ជាការល្អ ដែលរាល់អ្វីៗ បានប្រព្រឹត្តទៅ គឺតែ ក្នុងបរិវេណច្បាប់។

គួររំលឹកថា​ មីទ្ទិញកាលពីថ្ងៃសៅរ៍កន្លងទៅ ប្រឆាំងទល់នឹងការក្លែងបន្លំសន្លឹកឆ្នោត ក្នុង​ការ​បោះ​ឆ្នោតនោះ គ្រាន់តែតាមតួលេខអាជ្ញាធរ គឺមានប្រជាពលរដ្ឋរុស្ស៊ីចូលរួម២ម៉ឺន ៥.០០០​នាក់​រួច​តាមតួលេខបក្សប្រឆាំងវិញ គឺមិនតិចជាង៥ម៉ឺននាក់ឡើយ។ វាជាមីទ្ទិញ​ខ្លាំងក្លា មិន​ធ្លាប់​មានដូចទេ ក្នុង១៨ឆ្នាំចុងក្រោយ បើគិតតាំងពីឆ្នាំ១៩៩៣មក គឺក្នុងប្រវត្តិថ្មីទៅហើយ នៃ​ប្រទេស​រុស្ស៊ី ពេលដែលប្រធានាធិបតីទី១របស់រុស្ស៊ីឈ្មោះ Yeltsin បានបញ្ជាឲ្យរថក្រោះ បាញ់​​បង្ក្រាប សភា”ក្រហម” ទាល់តែបាក់ស្បាតទៅ។

ហើយការទាមទារ ដែលមានបន្លឺឡើងក្នុងអង្គមីទ្ទិញ ដូចតទៅ ៖
- ត្រូវលុបចោលទៅលទ្ធផលនៃការបោះឆ្នោតសភាកាលពីថ្ងៃទី៤ធ្នូ។
- ត្រូវធ្វើការស៊ើបអង្កេត អំពីរាល់តែករណី នៃការក្លែងបន្លំសន្លឹកឆ្នោត។
- ត្រូវប្រកាសធ្វើការបោះឆ្នោតសាឡើងវិញ ដើម្បីរើសសភាឌូម៉ានីតិកាលថ្មី។
- ត្រូវទម្លាក់រូបប្រធានគ.ជ.ប.សព្វថ្ងៃ ចេញពីតំណែងទៅ។
- ត្រូវឲ្យបក្សប្រឆាំងណា ដែលនៅមិនទាន់មានលទ្ធភាពចូលប្រឡូកក្នុងការបោះឆ្នោត បាន ទទួលការចុះបញ្ជីដោយក្រសួងយុត្តិធម៌ទៅ ដើម្បីអាចដំណើរការស្របច្បាប់ទៅកើត។

ចំណែកពាក្យស្លោកមិនថ្នមសំដី ដែលមានបន្លឺឡើងក្នុងមីទ្ទិញនោះ ដោយ​បក្ស​ប្រឆាំង​ណា​ដែល​គ្មាន​អាសនៈប្រចាំក្នុងសភាឌូម៉ា គឺដូចតទៅ ៖ “ ពូទីនជាចោរ មេដវេដេវ​លា​ចេញ​ពី​តំណែង​ទៅ”, “ពូទីនជាមេបោកប្រាស់ សមតែជាប់គុកនៅស៊ីបេរីទៅ”, “ប្រទេសរុស្ស៊ី គ្មាន​ត្រូវ​ការ​​រូបពូទីនឡើយ” ,” មានតែពួកឆ្កួតទេ ដែលបោះឆ្នោតឲ្យពូទីន”, “ចាប់ពីឆ្នាំថ្មីទៅ ប្រទេស​រុស្ស៊ី​ត្រូវតែរំដោះខ្លួន ឲ្យ ផុត ពីពូទីន”, “បរាជ័យបក្សកាន់អំណាចឈ្មោះ ប្រទេស​រុស្ស៊ី​រួម​ធ្លុង​មួយ​  ដែលជាបក្ស របស់ ពួកកេងប្រវ័ញ្ច និងពួកចោរ“។

រីឯ បក្យកាន់អំណាចវិញ បានប្រកាសថា នៅថ្ងៃទី១២ធ្នូនេះ ដែលជាទិវារដ្ឋធម្មនុញ្ញនឹង ធ្វើ​មីទ្ទិញចាប់ពីម៉ោង៤រសៀលទៅ ដោយនឹងមាន បក្សពួកខ្លួនចូលរួមយ៉ាងហោចណាស់ ២ម៉ឺន​នាក់​ដើម្បីការពាររដ្ឋធម្មនុញ្ញ និងគាំទ្របេក្ខភាពលោកពូទីន ឲ្យឈ្នះឆ្នោតតាំងពី ក្នុងជុំទី១ តែ​ម្តង នាពេលបោះឆ្នោតប្រធានាធិបតី ថ្ងៃទី៤មីនាឆ្នាំក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI