ភូមា-អាមេរិក

លោកស្រី ហ៊ីលឡារី គ្លីនតុន​ជំរុញ​ភូមា​ឲ្យ​បន្ត​ធ្វើ​កំណែទម្រង់​ឆ្ពោះ​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ

លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន និង​លោក​ប្រធានាធិបតី​ភូមា ថេន សេន
លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន និង​លោក​ប្រធានាធិបតី​ភូមា ថេន សេន REUTERS/Saul Loeb/Pool

ថ្ងៃ​ព្រហស្បតិ៍ ទី១ ធ្នូ ឆ្នំា ២០១១ ជា​ថ្ងៃ​ទី២​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​របស់​លោកស្រី​ប្រមុខការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន​នៅ​ក្នុង​ប្រទេស​ភូមា។ ទស្សនកិច្ច​ក្នុង​គោលដៅ​ស្ទាបស្ទង់​ឆន្ទៈ​របស់​រដ្ឋាភិបាល​ថ្មី​ភូមា​ដែល​ទើប​បាន​អនុវត្ត​នយោបាយ​បើក​ចំហ និង​ដើម្បី​ជំរុញ​​ភូមា​ឲ្យ​បន្ត​នយោបាយ​កំណែទម្រង់​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ថ្ងៃ​នេះ ជំនួប​ដោយ​បិទទ្វារ​រវាង​លោកស្រី គ្លីនតុន និងលោក​ប្រធានាធិបតី​ភូមា ថេន សេន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ណៃពិដោរ។

ផ្សាយពាណិជ្ជកម្ម

 

ជំនួប​រវាង​លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក​ប្រធានាធិបតី​ភូមា ថេន សេន​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ចំហ​ទេ ប៉ុន្តែ​នេះ​ពិត​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ​ឡើយ​ កាល​ពី​ប៉ុន្មាន​ឆ្នំា ឬ​ប៉ុន្មាន​ខែ​មុន​នេះ។ លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន​បាន​ចាប់ដៃ និង​អង្គុយ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ថេន សេន ។ លោក ថេន សេន​ដែល​ក្នុង​អតីតកាល​ជា​ឧត្តមសេនីយ ព្រម​ទំាង​ធ្លាប់​កាន់​តំណែង​ជា​នាយករដ្ឋមន្រ្តី​ក្នុង​សម័យ​របបសឹក និង​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​ចាត់​ទុក​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ។ ក៏​ប៉ុន្តែ អ្វីៗ​​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​នា​ចុង​ឆ្នំា ២០១០ និង​បន្ទាប់​ពី​ភូមា​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។ ជា​មួយ​នឹង​រដ្ឋាភិបាល​ថ្មី ភូមា​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ប្រទេសជាតិ តាម​រយៈ​ការ​អនុវត្តន៍​នយោបាយ​បើក​ចំហ ទំាង​ជាមួយ​គណបក្សប្រឆំាង និង​សហគមន៍​អន្តរជាតិ។ គឺ​ក្នុង​ន័យ​នេះ​ហើយ ដែល​បាន​ជំរុញ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អាមេរិក​ម្នាក់​នៅ​ក្នុង​ប្រទេស​ភូមា។

« ខ្ញុំ​កំពុង​ស្ថិត​នៅ​ទីនេះ ក៏​ដោយសារ​តែ​លោក​ប្រធានាធិបតី អូបាម៉ា និង​រូបខ្ញុំ​ផ្ទាល់​បាន​សម្លឹង​ឃើញ​នូវ​វិធានការ​កែទម្រង់​ល្អ​មួយ​ចំនួន​ដែល​រូប​លោក និង​រដ្ឋាភិបាល​របស់​លោក​បាន​អនុវត្ត​នា​ពេល​កន្លង​មក » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី គ្លីនតុន ទៅ​កាន់​លោក ថេន សេន។ ជា​ចម្លើយ​តប​វិញ លោក ថេន សេន​បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​ការទូត​អាមេរិក​ពេល​នេះ​ថា មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត និង​ជា​ការ​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ណៃពីដោរ។ សូម​ជម្រាប​ជូន​ថា ទស្សនកិច្ច​របស់​ប្រមុខការទូត​អាមេរិក​ក្នុង​ប្រទេស​ភូមា​ពេល​នេះ គឺ​ជា​លើកទី ១​ក្នុង​រយៈពេល​ជាង ៥០ឆ្នំា​កន្លង​ទៅ។

គេ​ពិត​ជា​មិន​អាច​ដឹង​អំពី​ខ្លឹមសារ​លម្អិត​នៃ​ជំនួប​រវាង​លោកស្រី គ្លីនតុន និង​លោក ថេន សេន​បាន​ទេ។ ទន្ទឹម​គ្នា​នេះ គេ​ក៏​មិន​ត្រូវ​រង់ចំា​នូវ​ការ​ប្រកាស​អ្វី​ជា​ធំដុំ​ពី​លោកស្រី គ្លីនតុន​ដែរ ពិសេស ពី​ការ​លើក​ចេញ​វិញ​នូវ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​បាន​ដាក់​លើ​ភូមា​តំាង​ពី​ឆ្នំា ១៩៩០ មក​នោះ។ អ្វី​ដែល​គេ​ដឹង ទស្សនកិច្ច​របស់​លោកស្រី គ្លីនតុន គឺ​គ្រាន់​តែ​ដើម្បី​ស្ទាបស្ទង់​មើល​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ថ្មី​ភូមា និង​ជំរុញ​ភូមា​ឲ្យ​ធ្វើ​កំណែទម្រង់​នយោបាយ​របស់​ខ្លួន​ជា​បន្ត​ទៀត។ ក្រៅ​ពី​បញ្ហា​ផ្ទៃក្នុង​របស់​ភូមា លោកស្រី​គ្លីនតុន​ក៏​ចង់​ស្វែង​យល់​ពី​សំណុំរឿង​រសើប​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ភូមា និង​កូរ៉េខាងជើង។ ទីក្រុង​វ៉ាស៊ីនតោន​កំពុង​សង្ស័យ​ពី​វត្តមាន​កម្មវិធី​នុយក្លេអ៊ែរ​យោធា​រវាង​ទីក្រុង​ណៃពិដោរ និង​ទីក្រុង​ព្យុងយ៉ាង។ ជា​មួយ​គ្នា​នេះ នៅ​មាន​អាទិភាព​មួយ​ទៀត​ដែល​លោកស្រី គ្លីនតុន​មិន​អាច​ធ្វើ​ព្រងើយ​បាន​នោះ គឺ​វាស់ស្ទង់​ពី​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​ភូមា ទំាង​នៅ​លើ​វិស័យ​នយោបាយ និង​សេដ្ឋកិច្ច ពីព្រោះ​ភូមា​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ចិន​ក្នុង​រយៈពេល ២០ឆ្នំា​ចុង​ក្រោយ​នេះ។

នៅ​ថ្ងៃ​សុក្រ ទី២ ធ្នូ​ស្អែក​ដែល​ជា​ថ្ងៃ​ទស្សនកិច្ច​ចុង​ក្រោយ លោកស្រី គ្លីនតុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​រ៉ង់ហ្គូន។ នៅ​ទីនោះ លោកស្រី​គ្លីនតុន​នឹង​ចូល​ជួប​លោកស្រី​ប្រធាន​គណបក្ស​ប្រឆំាង​ភូមា អ៊ុង សានស៊ូជី។ លោកស្រី ស៊ូជី​ដែល​នឹង​ស្នើ​លោកស្រី គ្លីនតុន​ឲ្យ​ជួយ​ជម្រុញ​រដ្ឋាភិបាល​ភូមា​ឲ្យ​បន្ត​អនុវត្ត​នយោបាយ​បើក​ចំហ​ឆ្ពោះ​ទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI