កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​ផ្តើម​បើក​មហា​សន្និបាត​វិសាមញ្ញ​របស់​ខ្លួន​

គណបក្ស​​​ត្រូវ​ពិនិត្យឡើងវិញ​​ពី​ការងារ​ពង្រឹង​គណបក្ស ​ដើម្បី​បន្ត​ពង្រីក​ប្រៀប​ខ្លាំង​ខាង​នយោបាយ
គណបក្ស​​​ត្រូវ​ពិនិត្យឡើងវិញ​​ពី​ការងារ​ពង្រឹង​គណបក្ស ​ដើម្បី​បន្ត​ពង្រីក​ប្រៀប​ខ្លាំង​ខាង​នយោបាយ RFI/Siv Channa

បួន​ខែ​មុន​ការបោះឆ្នោត​ចូលមក​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់​អំណាច​ បា​ន​បើក​​មហាសន្និបាត​វិសាមញ្ញ​ រយៈពេល​ពីរ​ថ្ងៃ​ ដែល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​នៅ​ទីក្រុង​ភ្នំពេញ។ មហាសន្និបាត​វិសាមញ្ញ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា​ និង​អនុម័ត​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ ក្នុងនោះ​ក៏មាន​ការពិភាក្សា​អំពី​កិច្ចការសំខាន់ៗ សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ នា​ខែកក្កដា​ខាងមុខ​ផងដែរ។ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេ​រំពឹងថានឹងត្រូវ​មហាសន្និបាត​ប្រកាស​គាំទ្រ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ សម្រាប់​ការបោះឆ្នោត​អាណត្តិ​ថ្មី​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​ទាំងបី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ទូទាំងប្រទេស ប្រមាណ​ជាជាង ៤.០០០ នាក់ បាន​ជួបជុំគ្នា​នៅ​ថ្ងៃ​​សៅរ៍​នេះ នៅឯ​កោះ​ពេជ្រ ​ក្នុង​រាជធានី​ភ្នំពេញ​​ ដើម្បី​ប្រារព្ធ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ខ្លួន។

អង្គ​មហាសន្និបាត​វិសាមញ្ញ​ដែលមាន​រយៈពេល​ពីរ​ថ្ងៃនេះ ​ត្រូវបាន​បើក​ធ្វើឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​របៀបវារៈ​សំខាន់​មួយចំនួន​ ដូចជា​ពិនិត្យ​របាយការណ៍​និង​គោលនយោបាយ​របស់​គណ​បក្ស​ក្នុង​រយៈពេល៥ឆ្នាំ​​កន្លងទៅ និង​លើក​ទិសដៅ​ថ្មី​សម្រាប់៥ឆ្នាំ​ខាងមុខ។ ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោតជាតិ នៅ​ថ្ងៃទី២៨ ខែកក្កដា ​ខាងមុខនេះ ​ក៏​ជា​របៀបវារៈ​ដ៏​សំខាន់​មួយ​ដែរ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ត្រូវគេ​រំពឹងថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​មហាសន្និបាត ​ដើម្បី​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​កាន់អំណាច​ដដែល។

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​គូស​បញ្ជាក់​ក្នុង​សុន្ទរកថា​បើក​មហាសន្និបាត ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា កម្មវិធី​នយោបាយ​ថ្មី​គឺជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់បំផុត​របស់​គណ​បក្ស​កាន់អំណាច​សម្រាប់​ការឃោសនា​រក​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ប៉ុន្មាន​ខែ​ទៀត​នេះ។

លោក ជា ស៊ីម ក៏បាន​លើកឡើង​ពី​ជោគជ័យ​គ្រប់​វិស័យ​របស់រាជ​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា ​ក្នុង​រយៈពេល៥ឆ្នាំ​កន្លងទៅ ទាំង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ការ​ការបរទេស។ ទោះជា​យ៉ាងនេះ​ក្តី មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់ថា គណបក្ស​នេះ​ត្រូវ​ពិនិត្យឡើងវិញ​អំពី​ការងារ​ពង្រឹង​គណបក្ស ​ដើម្បី​បន្ត​ពង្រីក​ប្រៀប​ខ្លាំង​ខាង​នយោបាយ ធ្វើយ៉ាងណា​ឲ្យ​គណបក្ស​នេះ​មាន​សមត្ថភាព​ពេញលេញ ​រឹងមាំ ​ក្នុងការ​ដឹកនាំ​គ្រប់គ្រង​ប្រទេស​ នៅក្នុង​បរិបទ​នៃ​សភាពការណ៍​ថ្មី។

គួរ​កត់​សម្គាល់​ថា មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ធ្វើឡើង​ដោយ​បិទទ្វារ​រយៈពេល​ពីរ​ថ្ងៃនេះ ​ត្រូវគេ​រំពឹងថា នឹង​ផ្តោត​សំខាន់​ទៅលើ​ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ខាងមុខ ​ក្នុង​បរិបទ​ដែល​គណបក្សប្រឆាំង​ពីរ​រួមគ្នា​ជា​គណបក្ស​តែមួយ។ ទោះជា​យ៉ាងនេះ​ក្តី គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់អំណាច​ជាង ៣០​ឆ្នាំ​មកហើយ​នោះ ​នៅតែ​រំពឹងថា ខ្លួន​នឹង​បន្ត​ឈ្នះឆ្នោត​កាន់អំណាច​សារ​ជាថ្មី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI