តុលាការកំពូលដោះលែងបុរសជាប់ចោទក្នុងសំណុំរឿងសម្លាប់មេដឹកនាំសហជីព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅព្រឹកថ្ងៃពុធនេះ លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលបានសម្រេចដោះលែងបុរស ជាប់ចោទម្នាក់ ឈ្មោះ ថាច់ សាវ៉េត ហៅ ចាន់ សុភ័ក្ត្រ ក្នុងសំណុំរឿងសម្លាប់មេដឹកនាំសហជីពកម្មករកាលពីឆ្នាំ២០០៤។ ក្នុងពេលប្រកាសសាលដីកានៅព្រឹកមិញលោកចៅក្រមក៏បានសម្រេចបង្វិល សំណុំរឿងទៅកាន់តុលាការសាលាឧទ្ធរណ៍ដើម្បីបើកការស៊ើបអង្កេតលើ សំណុំរឿងឃាតកម្មដ៏រសើបនេះឡើងវិញផងដែរ។
សេចក្តីរាយការណ៍របស់លី ម៉េងហួរ
បន្ទាប់ពីសវនាការកាលពីដើមខែកុម្ភៈ ចៅក្រមតុលាការកំពូល បានសម្រេចដោះលែងបុរសជាប់ចោទ ថាច់ សាវ៉េត ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។ លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដែលមានចៅក្រម ៥ រូប របស់តុលាការកំពូលក៏បានសម្រេច បង្វិលសំណុំរឿងឃាតកម្មលើមេដឹកនាំសហជីពកាលពីឆ្នាំ២០០៤ ទៅឲ្យតុលាការសាលាឧទ្ធរណ៍បើកការស៊ើបអង្កេតឡើងវិញ។
យុវជនថាច់ សាវ៉េត ហៅ ចាន់ សុភ័ក្ត្រ អាយុ ២៨ ឆ្នាំ ត្រូវបានចោទប្រកាន់ថា ជាឃាតករបាញ់សម្លាប់លោក រស់ សុវណ្ណារ៉េត ប្រធានសហជីពសេរីកម្មករ ប្រចាំរោងចក្រ ទ្រីណុងហ្គា កុមារា កាលពីថ្ងៃទី៤ឧសភា ឆ្នាំ២០០៤ នៅម្តុំតោពីរ ជិតពេទ្យលោកសង្ឃក្រុងភ្នំពេញ។
ក្រោយអំពើឃាតកម្ម អាជ្ញាធរប៉ូលីសបានចាប់ខ្លួនលោក ថាច់ សាវ៉េត កាលពីថ្ងៃទី២៧ឧសភា ឆ្នាំ២០០៤។ តុលាការក្រុងភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍ បានកាត់ទោសឲ្យយុវជន ថាច់ សាវ៉េត ជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ ២០០០ ដុល្លារ។
យ៉ាងណាក៏ដោយ ជនជាប់ចោទ ថាច់ សាវ៉េត បានបដិសេធចំពោះការចោទប្រកាន់ ដោយថា នៅពេលកើតមានអំពើឃាតកម្មលើមេដឹកនាំសហជីព ខ្លួនមិនមានវត្តមាន នៅក្រុងភ្នំពេញឡើយ។
សំណុំរឿងឃាតកម្មនេះត្រូវបានក្រុមអ្នកតាមដានសិទ្ធិមនុស្ស លើកឡើងថា មានទម្រង់ប្រហាក់ប្រហែលនឹងសំណុំរឿងឃាតកម្មលើលោក ជាវិជ្ជា អតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញ កាលពីខែមករា ឆ្នាំ២០០៤។ នោះគឺបុរសជាប់ចោទ ជាឃាតករសិប្បនិម្មិត ហើយត្រូវតុលាការថ្នាក់ក្រោមកាត់ទោសដាក់ពន្ធនាគារ។ រីឯឃាតករពិតប្រាកដ រកមិនឃើញឡើយ រហូតមកដល់សព្វថ្ងៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ