រុស្ស៊ី

Merrill Lynch​ ព្យាករ​អំពី​ការ​អភិវឌ្ឍន៍​ប្រទេស​រុស្ស៊ី​ ទៅ​ទល់​ឆ្នាំ​២០២០​

ធនាគារ​ខាង​ធ្វើ​វិភាគ Merrill Lynch ទើប​ព្យាករ​អំពី​ការអភិវឌ្ឍន៍​នៅ​ប្រទេស​រុស្ស៊ីទៅទល់​២០២០
ធនាគារ​ខាង​ធ្វើ​វិភាគ Merrill Lynch ទើប​ព្យាករ​អំពី​ការអភិវឌ្ឍន៍​នៅ​ប្រទេស​រុស្ស៊ីទៅទល់​២០២០ RFI/Keo Chhaya

ធនាគារ​ខាង​ធ្វើ​វិភាគ​ Merrill​ Lynch​ ជា​សាខា​មួយ​របស់​ Bank​ of​ America​ ទើប​ព្យាករ​ ៖ តើ​ទៅ​ទល់​ឆ្នាំ​២០២០ ​​អ្វី​ទៅ​ដែល​គំរាម​ដល់​សេដ្ឋកិច្ច​រុស្ស៊ី ​ហើយ​តើ​នរណា​ដែល​នឹង​ឡើង​កាន់​អំណាច​ ជា​ប្រធានាធិបតី​រុស្ស៊ី​ក្នុង​៨​ឆ្នាំ​ទៀត?​

ផ្សាយពាណិជ្ជកម្ម

 

តាម​ដែល​កាសែត​មជ្ឈដ្ឋានធុរកិច្ចរុស្ស៊ីឈ្មោះ Vedomosti លេខថ្ងៃ​នេះ លើក​យក​ព្យាករណ៍​ខាង​លើ​មកចុះផ្សាយ ៖ ក្នុងអំឡុងទាំង៨ឆ្នាំទៅមុខ សេដ្ឋកិច្ចរុស្ស៊ី នឹងកើនឡើង ដោយ​ចង្វាក់​ស្រគត់​ស្រគំ ​គឺ ៣,៩% ក្នុង១ឆ្នាំៗ។ ត្រូវស្ថិតនៅជាប្រភពនៃកំណើននេះ គឺ តម្រូវការ​ផ្នែក​ឧបភោគ​បរិភោគ ដែលឈរលើ ការកើនឡើងជាដរាបនៃ ប្រាក់ចំណូលមែនពិត របស់​ពលរដ្ឋ។​

ក្នុងរឿងនេះ ក្រុមអ្នកវិភាគរបស់ Merrill Lynch កត់សម្គាលពីចំណុចចម្លែកមួយសម្រាប់រុស្ស៊ី គឺថា ក្នុងលក្ខណៈដែលតួលេខប្រជាសាស្ត្រស្រុតចុះអាក្រក់ ហើយខ្វះកម្លាំងពលកម្ម សម្រាប់ អ្នកដែលនៅបន្តធ្វើការ ប្រាក់ខែគេចេះតែកើនឡើងទេតើ។ តាមព្យាករណ៍នោះ ក្នុង១០ឆ្នាំ​ទៀត​​ អ្នកដែលដល់វ័យ”ចូលរ៉ឺត្រេត” ត្រូវចាកចេញពីកន្លែងធ្វើការនឹងកើនឡើង ២២​លាន​៥​សែន​នាក់ទៀត រីឯ ចំនួនអ្នកដែលអាចចូលខ្លួនទៅជំនួស គឺតែ ១៣លាន៤សែននាក់។ ភាគីនិយោជក ដើម្បីទប់កម្មករ ឲ្យនៅធ្វើការដដែល គឺនឹងបង្ខំចិត្ត ដំឡើងប្រាក់ខែនិយោ​ជិត​ខ្លួន​ក្នុង១ឆ្នាំៗ ម្តុំ៦,៥%។

ដោយសារកត្តានេះ តាមមតិពួកអ្នកជំនាញអាមេរិកាំង ចំនួនវណ្ណៈមធ្យមនៅរុស្ស៊ី នឹងកើន​ឡើង​ ៣ដង គឺពី ២២លាននាក់សព្វថ្ងៃ រហូតដល់ ៦៦លាននាក់ក្នុងឆ្នាំ២០២០។

ស្តីអំពីបន្ទុកនៃ កាតព្វកិច្ចដែលរដ្ឋត្រូវបំពេញនៅពីមុខសង្គម គឺទាមទារឲ្យចំណាយក្នុង១ឆ្នាំៗ នូវទឹកប្រាក់ដល់ ៥០.០០០លានដុល្លារអាមេរិក។ នឹងជួយបង្រ្គប់ ដល់ភាគចំណាយនេះ គឺការ ដំឡើងពន្ធហូតពី ក្រុមហ៊ុនឧស្ម័ននិងប្រេងកាត ហូតពីបារី សុរា និង ហូតពីអចលនទ្រព្យ។

ក្រុមវិភាគរបស់ Merrill Lynch ទស្សន៍ទាយថា សេដ្ឋកិច្ចរុស្ស៊ីអាចចៀសផុតពីការស្រុតចុះ លុះ​ណា​តែ ប្រេងឆៅហៅម្យ៉ាងទៀតថា “មាសខ្មៅ” ដែលរុស្ស៊ីលក់នៅលើទីផ្សារពិភពលោក មិន​ចុះ​ទាប​ជាង ៨០ដុល្លារ ក្នុង ១ធុង ដែលមាន ១៥៩លីត្រ។ បើតម្លៃប្រេងនេះ ចេះតែធ្លាក់ចុះ ទាប​ទៅ ដូចនាពេលចុងក្រោយ គឺវានឹង គំរាមដល់អាជ្ញាធររុស្ស៊ី មិនគ្រាន់តែ ទៅដោយវិបត្តិ សេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ទាំងវិបត្តិនយោបាយ ទៅផង។

ទោះយ៉ាងណាក្តី ក៏តាមយោបល់ Merrill Lynch ថ្នាក់ដឹកនាំកំពូលបច្ចុប្បន្ននៅរុស្ស៊ី ត្រៀមទុក ទៅហើយ Scenario សម្រាប់ក្តាប់អំណាចឲ្យជាប់ទាំងបន្ទាប់ពីឆ្នាំ២០២០។ ក្នុងន័យនេះ នៅ​ចន្លោះ​ឆ្នាំ២០១៦-២០១៨ ជារយៈពេល២ឆ្នាំចុងក្រោយ នៃអាណត្តិគាត់លើកនេះ លោក ប្រធានាធិបតីពូទីន នឹងខិតខំបញ្ជាក់ ឲ្យឃើញពីផ្លែផ្កានៃកំណែទម្រង់សេដ្ឋកិច្ច ដែលគាត់​បាន​ ប្រកាសឡើង ក្នុងសម័យឃោសនាបោះឆ្នោតកន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI