ប៉ាគីស្ថាន-​អាមេរិក

រដ្ឋមន្ត្រី​ប៉ាគីស្ថានចាយ​លុយ​ទិញ​ជីវិត​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ប្រមាថសាសនា​អ៊ីស្លាម

Ghulam Ahmad Bilour រដ្ឋមន្ត្រី​ក្រសួង​​អយស្ម័យយាន បាន​សន្យា​ នៅ​ល្ងា​ច​ថ្ងៃ​សៅរ៍​ម្សិលមិញ ផ្តល់​ប្រាក់ ​១០០​០០០ ដុល្លារ ដល់​ជន​ណា​ដែល​អាច​​សម្លាប់​អ្នក​ផលិត ខ្សែភាពយន្ត​ Innocence of Muslim ។ ខ្សែភាពយន្ត​ប្រមាថ ​បន្ទាប​បន្ថោក​​ព្យាការី​មហាម៉ាត់​ ដែល​បាន​ធ្វើ​ឱ្យ​ពិភពអារ៉ាប​ពុះ​កញ្ជ្រោល​ក្លាយ​ជា​បាតុកម្ម​យ៉ាង​ហិង្សា។ រហូត​ដល់​ថ្ងៃ​នេះ កំហឹង​ មិន​​​រសាយ​​ និង​រលត់​មែន ប៉ុន្តែ​​​ពុំ​មាន​អំពើ​ហិង្សាណា​ផ្ទុះ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​ទេ​។ គ្រាន់​តែ​បាន​ឮ​​ពាក្យ​របស់​រដ្ឋមន្ត្រី​ក្រសួង​ផ្លូវដែក​រូប​នេះ​ភ្លាម​ អ្នក​នាំ​ពាក្យ​​ម្នាក់​នាយក​រដ្ឋមន្ត្រី​បាគីស្ថាន បាន​ចេញ​សេចក្តី​ប្រកាសភ្លាម ថា​រដ្ឋាភិបាល​មិន​គាំទ្រ​ជំហរ​​របស់​ Ghulam Ahmad Bilourឡើយ។

Ghulam Ahmad Bilour រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយានប៉ាគីស្ថាន នៅ​ Peshawar ថ្ងៃ​ទី​២២ កញ្ញា២០១២
Ghulam Ahmad Bilour រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយានប៉ាគីស្ថាន នៅ​ Peshawar ថ្ងៃ​ទី​២២ កញ្ញា២០១២ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

“ខ្ញុំសូម​ប្រកាស​ចំណាយ​​ប្រាក់​ផ្ទាល់​ខ្លួន​ ១០០ ០០០ ដុល្លារ ធ្វើ​ជា​រង្វាន់​​ដល់​ជន​ណា​ដែល​អាច​សម្លាប់​អ្នក​ប្រមាថ​សាសនា​អ៊ីស្លាម” ! នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​អយស្ម័យយាន​ពី​ទីក្រុង​Peshawar ក្រុង​នៅ​ភាគ​ពាយ័ព្យ​ប្រទេស មុន​នឹង​អំពាវនាវ​​ហៅ​រក​ពួក​តាលីបង់ និង​អាល់កៃដា​ ជាបងប្អូន​ឱ្យ​ជួយ​បំពេញ​ភារកិច្ច​​​ដើម្បី​សាសនានេះ។ លោក Ghulam Ahmad Bilour ហ៊ាន​ទាំង​អះអាង​បង្ហាញ​ចេតនា​ចង់​សម្លាប់​ ផលិតករ​ខ្សែភាពយន្ត​ប្រមាថ​សាសនា​អ៊ីស្លាម​ជា​ជនជាតិ​អាមេរិក ដោយ​ផ្ទាល់​ដៃ​លោកផង បើ​អាច​ធ្វើ​ទៅ​បាន។

សេចក្តី​ប្រកាស​ក្តែងៗ​របស់​រដ្ឋមន្ត្រី​ដូច្នេះ មិន​បានធ្វើ​ ​ក្រុម​ជា​ដៃគូ​របស់​បស្ចិម​លោក​ នៅ​ប៉ាគីស្ថាន សម្ព័ន្ធ​មិត្ត​ផ្លូវការ​របស់​ក្រុង​អ៊ីស្លាម៉ាបាត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​រីករាយ​ឡើយ។ រដ្ឋាភិបាល​​ប៉ាគីស្ថាន​ បាន​ដក​ខ្លួន​ឱ្យ​ស្ថិត​នៅ​ឆ្ងាយពី​​​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ផ្លូវដែក ដែល​ជាប់​ឈ្មោះ​ស្អុយ​រហូត​មក​ថា គ្មាន​ចំណាត់​ការងារ​ល្អ​សោះ​។

សូម​បញ្ជាក់​ថា សេចក្តីថ្លៃង​​របស់​​មន្ត្រី​រដ្ឋាភិបាល​ Ghulam Ahmad Bilour នេះ​ ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ចលនា​បាតុកម្ម​ហិង្សា​និង​មរណៈ កាលពី​ថ្ងៃសុក្រ​ទី ២១ កញ្ញា ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ជាង​២០​នាក់​ស្លាប់​បាត់​បង់​ជីវិត។ ថ្ងៃ​សុក្រ ថ្ងៃ​ដែល​អាជ្ញាធរ​ប៉ាគីស្ថាន បាន​ចេញ​ក្រិត្យ​ជា​ថ្ងៃ​ឈប់​សម្រាក​ជាតិ ដើម្បី​ឧទ្ទិស​ដល់​សេចក្តី​ស្រលាញ់​​​ព្យាការី​សាសនា​អ៊ីស្លាម ដែល​បាន​ជំរុញ​ចិត្ត​ប្រជាជន​ឱ្យ​ងើប​បះបោរ​កាន់​ខ្លាំង​ប្រឆាំង​នឹង​ខ្សែភាពយន្ត​អាមេរិក។

សម្រាប់​អ្នក​ខ្លះ​ ទង្វើ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​នេះ ជា​ការ​បើ​ក​ផ្លូវ​ឱ្យ​ពួក​ជ្រុល​និយម​។ ការ​ប្រមូល​ផ្តុំ​គ្នាធ្វើ​បាតុកម្ម​​ ​បន្ត​កើត​មាន​នៅ​ពេញ​ផ្ទៃ​ប្រទេស​ នា​ថ្ងៃ​សៅរ៍​​ម្សិលមិញ​ទៀត ប៉ុន្តែ​ជា​សំណាង​ល្អ​គ្មាន​ការ​រាលដាល​ជា​អំពើ​ហិង្សា។ ប៉ុន្តែ​វា​មិន​ប្រាកដ​ឡើយ​ថាប៉ាគីស្ថាន​ បន្ទាប់​ពីមាន​ញុះញង់​ឱ្យ​សម្លាប់​មនុស្ស​ប្រមាថ​សាសនា​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ដូច្នេះ​អាច​​នឹង​រក​ឃើញ​​ភាព​ស្ងប់ស្ងាត់​ឡើង​វិញនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI