រុស្ស៊ី-អាមេរិក

ម៉ូស្គូ​នឹង "ចំណាយ​តិច ប៉ុន្តែ​មាន​ប្រសិទ្ធិភាព” តប​នឹង​ក្រុង​វ៉ាស៊ីនតោន

លោក Michael McFaul
លោក Michael McFaul © Reuters

រុស្ស៊ី​ចាប់ផ្តើម​ត្រៀម​ទុក​ទៅ​ហើយ នូវ​ចម្លើយ​យោធា-​បច្ចេកទេស តប​នឹង​“ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” ដែល​អាមេរិក​កំពុង​ដំឡើង​នៅ​ទ្វីប​អឺរ៉ុប ក្រោយ​ពី​ទីក្រុង​វ៉ាស៊ីនតោន ប្រកែក​មិន​ព្រម​ធានា​ជា​លាយ​លក្ខណ៍​អក្សរ​ថា ប្រព័ន្ធ​នេះ ឥត​តម្រង់​ប្រឆាំង​នឹង​រុស្ស៊ី​ឡើយ។ ភាពត្រៀម​ខ្លួន​បក​វិញ​នេះ ចុះ​ផ្សាយ​ដោយ​កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ​នេះ យោង​ទៅ​លើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​វិមាន​ក្រេមឡាំង។

ផ្សាយពាណិជ្ជកម្ម

មូលហេតុ គឺ​មកពី​ពេល​ថ្លែង​ក្នុង​ព្រឹទ្ធសភា​អាមេរិកាំង ថ្ងៃ​ពុធ​ម្សិល​ម៉្ងៃ លោក Michael McFaul ដែលជា នាយក​ខាង​មុខ​ព្រួញ​ប្រទេស​រុស្ស៊ី នៅ​អម “ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក” និង​ជា​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​ស.រ.អា.​ ប្រចាំ​នៅ​សហព័ន្ធ​រុស្ស៊ី បាន​ប្រកាស​ជា​ផ្លូវការ​ថា ទីក្រុង​វ៉ាស៊ីនតោន គ្មាន​បំណង​ផ្តល់​ឲ្យ​ទីក្រុង​ម៉ូស្គូ​នូវ “ការ​ធានា​ជា​លាយ​លក្ខណ៍​អក្សរ​​ ប្រកប​ដោយ​ធរមាន​ជា​ច្បាប់” ថា “ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” ដែល​អាមេរិក​កំពុង​ដំឡើង នៅ​ទ្វីប​អឺរ៉ុប នឹង​ពុំ​តម្រង់​ទល់​នឹង​កង​កម្លាំង​បរមាណូ​របស់​រុស្ស៊ី​ឡើយ។

លោក Michael McFaul ថ្លែងថា ភាគី​រុស្ស៊ី​នា​កិច្ចចរចា ជុំវិញ​រឿង​ “ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល” បាន​ដាក់​ចេញ​មក​នូវ​ការទាមទារ ដែល​ភាគី​អាមេរិក​មិន​អាច​យល់​ព្រម​តាម​ទាល់​តែ​សោះ ម៉្លោះ​ហើយ​បាន​ជា​កិច្ចចរចា ធ្លាក់​ក្នុង​ស្ថានភាព​ទ័ល​ច្រក​តែ​ម្តង។

ដូច្នេះ តាម​ដែល​លោក Michael McFaul សន្និដ្ឋាន​ការ​ខ្វែង​គំនិត​គ្នា​នោះ មិន​អាច​នាំ​ទៅ​កាន់​ការ​ធ្វើ​សម្បទាន​អ្វី​ណា​ឡើយ ជុំវិញ​សាច់​រឿង​ដែល​មាន​ទាំង​ក្នុង​ជំនួប​កំពូល រុស្ស៊ី-អូតង់ ​នៅ​ក្រុង Chicago ស.រ.អា. ខែ​ឧសភា​ឆ្នាំ​ក្រោយ។ 

ចំណែក​ប្រតិកម្ម​ពី​ខាង​ម៉ូស្គូ បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​នៅ​វិមាន​ក្រេមឡាំង គឺថា ៖ “ធាតុ​ពិត​នៃ​ចេតនា​របស់​អាមេរិក ត្រូវ​រុស្ស៊ី​ឃើញ​ច្បាស់​ក្រឡែត។ គេ​ដាក់​ទិស​សាង​សង់​ឲ្យ​ទាល់តែ​បាន​មែន ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល​របស់​គេ​សម្រាប់​ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប ប៉ុន្តែ​គេ​មិន​ព្រម​ធានា​ថា​ប្រព័ន្ធ​នេះ​ឥត​សំដៅ​ប្រឆាំង​រុស្ស៊ី​ទេ។

ចម្លើយ​ពី​ខាង​រុស្ស៊ី ត្រូវ​តែ​មាន​ជា​ដាច់ខាត។ ហើយ​ចម្លើយ​រុស្ស៊ី​ទល់​នឹង​ប្រព័ន្ធ​ខែល​អាមេរិក​នោះ នឹង​ទាមទារ​ឲ្យ​ចំណាយ​តិច​ជាង​អាមេរិក ប៉ុន្តែ​នឹង​មាន​ប្រសិទ្ធិភាព​គ្រប់​លើ​ខែល​មីស្ស៊ីល​អាមេរិក​នោះ។

រួច​សូម្បី​បើ​អាមេរិក​ស្រាប់​តែ​នឹក​ឃើញ ចង់​ផ្តល់​ជា​ការ​ធានា​ជា​លាយ​លក្ខណ៍​អក្សរ​មក​រុស្ស៊ី​នោះ គឺ​វា​លែង​ត្រូវ​ទៅ​ហើយ នឹង​បំណង​ចង់​បាន​របស់​រុស្ស៊ី ដ្បិត​ការ​ធានា​នោះ​អាច​មាន​សុពលភាព តែ ៥​ឆ្នាំ​ប៉ុណ្ណោះ។

ជាការកត់​សំគាល់ ខែល​អាមេរិក​នោះ គឺ​បំពាក់​ទៅ​ដោយ​កង​កាំជ្រួច​ធុន SM-3 ដែល​អាច​ស្កាត់​ចាប់ ហើយ​កម្ទេច​កាំជ្រួច​មីស្ស៊ីល​ដែល​មាន​សមត្ថភាព បាញ់​បង្ហោះ​ទៅ​ចម្ងាយ​ពី ៣.០០០ ដល់​៥.០០០គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI