កម្ពុជា

សាលាឧទ្ធរណ៍​​បន្ត​សម្រេច​ឲ្យ​លោក​ មឿង សុន​ ជាប់​ពន្ធនាគារ

លោក​ មឿង សុន​ ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​ធ្វើ​ការ​ខាង​វប្បធម៌
លោក​ មឿង សុន​ ជា​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ដែល​ធ្វើ​ការ​ខាង​វប្បធម៌ © លី ម៉េងហួរ

នៅ​រសៀល​ថ្ងៃ​អង្គារនេះ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សេចក្តីសម្រេច ផ្តន្ទាទោស​កំបាំង​មុខ​លោក មឿង សុន ដោយ​ដាក់​ពន្ធនាគារ ២ ឆ្នាំ​។ ក៏​ប៉ុន្តែ​តុលាការ បាន បន្ធួរបន្ថយ​លើ​ការបង់ប្រាក់​ពិន័យ និង​កែប្រែ​បទ​ចោទប្រកាន់​ពីបទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះញង់​។ លោក មឿង សុន ជា​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​ធ្វើការ​ខាង​វប្បធម៌ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ ផ្តន្ទាទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។ ការផ្តន្ទាទោស ដោយសារតែ​លោក មឿង សុន បាន​រិះគន់​លើ​ការដាក់​អំពូល​ភ្លើង នៅ​ប្រាសាទអង្គរវត្ត កាលពី​ខែ​កក្កដា ឆ្នាំ​២០០៩​។​

ផ្សាយពាណិជ្ជកម្ម

លោកស្រី ចាំង ម៉ា​ឌី​ណា ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ ដែល​មាន​ចៅក្រម ៣ រូប របស់​តុលាការ​សាលាឧទ្ទរណ៍ បានប្រកាស​តម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​លើ​ករណី​លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ​។ នោះ​គឺ​ការរក្សា​ការផ្តន្ទាទោស លោក មឿង សុន ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​។​

​ក៏​ប៉ុន្តែ​ក្នុង​សាលដីកា ដែល​ប្រកាស​នៅមុននេះ ចៅក្រម​ក៏បាន​សម្រេច​បន្ធូរបន្ថយ​លើ​ការពិន័យ​បង់ប្រាក់​ពី ១៥ លាន​រៀល មក​នៅត្រឹម ៤ លាន​រៀល និង​កែប្រែ​បទ​ចោទប្រកាន់​លោក មឿង សុន ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត មក​ជា​បទ​ញុះញង់ ស្របតាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ថ្មី​។​

​កាល​ឆ្នាំ​២០០៩ លោក មឿង សុន ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំងមុខ ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៥ លាន​រៀល ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ពាក្យបណ្តឹង​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​បាន​ប្តឹង​លោក មឿង សុន បន្ទាប់ពី​លោក​បាន​ថ្លែង​តាម​កាសែត​ចំពោះ​ការដាក់​អំពូល​ភ្លើង លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ពេលយប់​។ តាម​លោក មឿង សុន ការដាក់​អំពូល​ភ្លើង​កាលនោះ នាំ​អោយ​ជះ​កំដៅ ប៉ះពាល់​ប្រាង្គ​ប្រាសាទអង្គរវត្ត​។

​ក្រោយពី​កើត​រឿង​ប្តឹងផ្តល់​នៅ​តុលាការ អំពូល​ភ្លើងដែល​ជាការ​​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន ត្រូវបាន​ដកចេញ​អស់រលីង ពី​ប្រាសាទ​អង្គរវត្ត​។​

​យ៉ាងណាក៏ដោយ លោក សុក សំអឿន មេធាវីការពារក្តី​លោក មឿង សុន គ្រោង​នឹង​ប្តឹង​សារទុក្ខ ទៅកាន់​តុលាការ​កំពូល ដើម្បី​ប្រឆាំង​សេចក្តីសម្រេច របស់​តុលាការ​សាលាឧទ្ធរណ៍​ខាងលើ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI