រុស្ស៊ី-អាមេរិក

ម៉ូស្គូ បន្ទន់​ឥរិយាបថ​ទៅ​វិញ ក្នុង​ការ​ប្រឈម​ទល់​នឹង​ក្រុង​វ៉ាស៊ីនតោន

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergueï Lavrov (ឆ្វេង) និង​ប្រធានាធិបតី​អាមេរិក Barack Obama
រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergueï Lavrov (ឆ្វេង) និង​ប្រធានាធិបតី​អាមេរិក Barack Obama Reuters

ការបន្ទន់​នេះ​រំលេច​ឲ្យ​ឃើញ​​ ដោយ​សេចក្តី​​ថ្លែងការណ៍​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov ដែលថា គាត់​មិន​ដើរ​តួ​ឡើយ​​ជា​មេធាវី ការពារ​ពលរដ្ឋ​រុស្ស៊ី​ឈ្មោះ Viktor Bout ដែល​កំពុង​ត្រូវ​តុលាការ​ក្រុង​ញីវយ៉ក ជំនុំជម្រះ​តាម​បទ​ចោទ​ប្រកាន់​ថា​ ជា​ឈ្មួញ​រត់​ពន្ធ​អាវុធ ទៅ​បំពាក់​ឲ្យ​ក្រុម​ភេរវជន​ប្លែកៗ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

សំដី​ប្រមុខ​ការទូត​រុស្ស៊ី អាច​មានន័យ​ជា​ការ​ដោះដៃ ដោយ​អាជ្ញាធរ​រុស្ស៊ី ចេញពី​ជន​ដែល​មាន​ឈ្មោះ​មិន​ល្អ​នេះ ទោះបី​គេ​ជា​ពលរដ្ឋ​រុស្ស៊ី​ក្តី។

នៅ​តាម​មុខ​ព្រួញ​នេះ គួរ​និយាយ​ថា ម្សិលមិញ​ដដែល ជំនួយ​ការ​ប្រធានាធិបតី​រុស្ស៊ី​ខាង​កិច្ចការ​អន្តរជាតិ លោក Serguei Prikhodko បាន​ថ្លែង​ថា ៖ នៅ​ក្នុង​ដៃ​ឈ្មោះ Viktor Bout ដែល​ត្រូវ​មធ្យោបាយ​ឃោសនា​មហាជន​លោក​ខាង​លិច ប្រសិទ្ធិនាម​ជា “ឈ្មួញ​រត់​ពន្ធអាវុធ” ឬ “ឈ្មួញមរណៈ” នោះ គឺ​គ្មាន​អាថ៌​កំបាំង​យោធា​អ្វី​ណា​របស់​ប្រទេស​រុស្ស៊ី​ឡើយ។ មិន​តែ​ប៉ុណ្ណោះ វិមាន​ក្រេមឡាំង​ផ្ទាល់​ប្រាថ្នា​​ឲ្យ​ភាគី​អាមេរិក ធ្វើការ​ស៊ើប​អង្កេត​ជុំវិញ​សំណុំ​រឿង​ Viktor Bout ឲ្យ​បាន​ដល់​ចុង​ ដល់​ត្រើយ គ្រប់​ជ្រុងជ្រោយ ហើយ​សាមីជន​ដែល​ជាប់​ចោទ​ ត្រូវតែ​ឆ្លើយ​តប​នឹង​គ្រប់​សំណួរ​ទាំងអស់​ដែល​ចោទ​សួរ ដោយ​តុលាការ​អាមេរិក ពីព្រោះ​ការចោទ​ប្រកាន់ ពី​ខាង​អាជ្ញាធរ​អាមេរិក​លើ​ពលរដ្ឋ​រុស្ស៊ី​រូប​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មែនទែន។ គោលជំហរ​របស់​រុស្ស៊ី ទាំង​កាល​មុន ក៏​ដូច​ជា​ឥឡូវ​ស្ថិត​នៅ​ដដែល​ឥត​ប្រែប្រួល​សោះ​ឡើយ គឺ​ថា​ឈ្មួញ​ជួញ​គ្រឿង​ញៀន ឈ្មួញ​ជួញ​មនុស្ស ឈ្មួញ​ជួញ​អាវុធ ដោយ​ខុស​ច្បាប់ ត្រូវតែ​ទទួល​ការថ្កោលទោស​ឥត​ប្រកែក​បាន។

ព្រម​ជាមួយ​នេះ ជំនួយ​ការ​ប្រធានាធិបតី​រុស្ស៊ី ក៏​ពន្យល់​បំភ្លឺ​ថា ស្ថាន​កុងស៊ុល​រុស្ស៊ី​នឹង​បន្ត​ផ្តល់​ការការពារ និង​ជំនួយ​ចាំបាច់​ដល់​លោក Viktor Bout ក៏​ដូចជា​ដល់​ពលរដ្ឋ​របស់​សហព័ន្ធ​រុស្ស៊ី រូប​ណា​ក៏​ដោយ ដែល​ពេល​ស្ថិត​នៅ​បរទេស ធ្លាក់​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន។

ទាក់ទង​នឹង​រឿង​នេះ អគ្គកុងស៊ុល​រុស្ស៊ី នៅ​ក្រុង​ញីវយ៉ក លោក Andrei Yushmanov បាន​ឲ្យ​ដឹង​ថា ពេល​គាត់​ទៅ​សួរ​សុខទុក្ខ​លោក Viktor Bout ដែល​នៅ​ជាប់​ឃុំឃាំង​ក្នុង​បន្ទប់​ស៊ើប​អង្កេត​នៃ​ពន្ធនាគារ​ក្រុង​ញីវយ៉ក លោក Bout​ បាន​ត្អូញត្អែរ​ថា ពេល​គេ​ដឹក​គាត់​តាម​យន្តហោះ​​ចេញ​ពី​ក្រុង​បាងកក​៣​ថ្ងៃ​មុន​ ពួក​អាមេរិកាំង ៖
-​​ បាន​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​សារភាព​ទទួល​ស្គាល់​កំហុស​ខ្លួន​ទៅ ដើម្បី​សម្រាល​ទោស​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ជាប់​គុក​ដល់​មួយ​ជីវិត។
- និង​ថែម​ទាំង​បាន​បំភ័យ​គាត់​ថា ហាក់​បី​ចារកិច្ច​រុស្ស៊ី​បាន​បញ្ជូន​ពួក​ឃាតករ​ឲ្យ​តាម​សម្លាប់​រូប​គាត់ មក​ពី​គាត់​ដឹង​រឿង​សម្ងាត់​យ៉ាង​ច្រើន​របស់​រុស្ស៊ី ហើយ​គ្រោះថ្នាក់​នេះ សណ្ឋិត​នៅ​ទាំង​លើ​ប្រពន្ធ​គាត់ និង​លើ​កូន​ប្រុស​គាត់​អាយុ ១៦​ឆ្នាំ​ទៅ​ផង។

ប៉ុន្តែ តាម​សំដី​អ្នក​ការទូត​រុស្ស៊ី​នោះ លោក Bout បាន​ច្រាន​ចោល​រាល់​តែ​ការបំភ័យ​ និង​ ការ​បញ្ចុះបញ្ចូល​នោះ ដោយ​នៅ​តែ​អះអាង​ថា គាត់​គ្មាន​កំហុស​អ្វី​ណា​ទេ ពេល​គាត់​ប្រកប​របរ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ពី​ឆ្នាំ ១៩៩៣​ដល់​ឆ្នាំ​២០០១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI