សត្វមូសអង្កាមកំពុងរំខានជីវិតប្រជាជននៅទីក្រុងភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជននៅទីក្រុងភ្នំពេញកំពុងសម្ដែងការព្រួយបារម្ភពីការកើនឡើង នៃចំនួនសត្វមូស។ អ្នកខ្លះខឹងសត្វមូសខាំដៃខាំជើង អ្នកខ្លះទៀត ខឹងមូសចូលភ្នែកនិងអ្នកខ្លះទៀតបារម្ភខ្លាចមូសទាំងនេះខាំទៅ បណ្ដាលអោយមានជំងឺគ្រុនឈាម។ ឆ្លើយតបទៅនឹងក្តីបារម្ភចុងក្រោយនេះ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មូសអង្កាមនេះមិនបង្កជំងឺគ្រុនឈាមទេ។
សេចក្តីរាយការណ៍របស់ គី សុខលីម ពីទីក្រុងភ្នំពេញ
ប្រជាជននៅទីក្រុងភ្នំពេញបានរអ៊ូរទាំប្រាប់ថា ហ្វូងមូសបាននិងកំពុងរំខានជីវិតរបស់ពួកគេយ៉ាងខ្លាំងនៅពេលនេះជាពិសេសនៅពេលរាត្រី។ ក្នុងរយៈពេលមួយខែចុងក្រោយនេះ បរិមាណមូសរាប់មិនអស់ហើរទាំងហ្វូងៗចេញមករំខានអ្នកទីក្រុងភ្នំពេញទាំងថ្ងៃទាំងយប់។ អ្នកផ្តល់បទសម្ភាសន៍នៅទីក្រុងភ្នំពេញភាគច្រើនបាននិយាយថា បរិមាណមូសដ៏ច្រើនរបៀបនេះមិនធ្លាប់មានទេនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
អ្នកភ្នំពេញភាគច្រើនបានសួរគ្នាទៅវិញទៅមកថា តើហេតុអ្វីបានជាមានមូសច្រើនម្ល៉េះនៅខែនេះ?ហើយរដូវនេះជារដូវប្រាំងសោះ។ កញ្ញា វិន ចាន់ ដែរលីស រស់នៅក្នុងខណ្ឌឫស្សីកែវម្តុំកាំខូស៊ីធីបានបញ្ជាក់ប្រាប់ថា នាងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីសម្លាប់សត្វមូសប៉ុន្តែផ្ទះនាងនៅតែមានមូសច្រើនដដែល។ នាងបានបន្តទៀតថា នាងបាញ់សម្លាប់យ៉ាងណាក៏ដោយក៏មូសនៅតែតាមរំខាននាង។
លោក គួច ចន្ធា រស់នៅម្តុំពេទ្យរុស្សីនៅទីក្រុងភ្នំពេញបានបន្តទៀតថា មូសរំខានគាត់ទាំងពេលពិសាអាហារពេលល្ងាចទាំងពេលសម្រាន្ត។ កញ្ញា វី រ៉ានី រស់នៅម្តុំសាលាបារាំងអាលីយ៉ង់នៅទីក្រុងភ្នំពេញបានរអ៊ូបន្ថែមទៀតថា យប់ខ្លះមូសខាំនាងពេញខ្លួនតែម្តង។ ឥឡូវនេះនាងសម្រេចចិត្តសម្រាន្តដោយចងមុងដើម្បីចៀសវាងការរំខានពីសត្វមូស។
នៅម្តុំបឹងសាលាបឹងត្របែកនិងនៅម្តុំផ្សារអូរឫស្សី ប្រជាជនរអ៊ូរទាំដូចតែគ្នាអំពីបរិមាណមូសច្រើនពេក។ លោក រដ្ឋា រស់នៅម្តុំផ្សារអូរឫស្សីបានបញ្ជាក់ប្រាប់ថា ពេលចុះពីលើផ្ទះតាមកាំជណ្ដើរម្តងៗ លោកដើរបុកសត្វមូសពេញតែមុខ។ លោក រដ្ឋា មិនអាចដើរចៀសសត្វមូសបានទេពីព្រោះមូសមានចំនួនច្រើនពេក។
អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនមិនបានដឹងពីមូលហេតុដែលនាំអោយមានមូសច្រើនរបៀបនេះទេ។ ប៉ុន្តែលោក រដ្ឋា បានពន្យល់ថា ចំនួនសត្វមូសច្រើននេះគឺបណ្ដាលមកពីមូលហេតុពីរយ៉ាងធំៗ។ ទីមួយ៖ទឹកលូមិនហូរនៅខែប្រាំងអាចអនុញ្ញាតអោយមូសបង្កកំណើតបានយ៉ាងស្រួលនិងទីពីរ៖គឺដោយសារអាជ្ញាធរខកខានមិនបានដើរបាញ់សម្លាប់មូសដូចអ្វីដែលធ្លាប់បានធ្វើនាពេលកន្លងមក។
ក្រៅពីការខាំរំខាន អ្នកទីក្រុងភ្នំពេញសម្ដែងក្តីបារម្ភអំពីការកើតជំងឺគ្រុនឈាមដោយសារមូសខ្លាខាំ។ ឆ្លើយតបទៅនឹងក្តីបារម្ភចុងក្រោយនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា មូសដែលកំពុងរំខានប្រជាជននេះគឺសុទ្ធតែជាមូសអង្កាមទេ។ មូសអង្កាមខាំមិនបង្កអោយមានជំងឺគ្រុនឈាមឡើយ។ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើក្រសួងនឹងចាត់វិធានការកំចាត់មូសអង្កាមនេះដែរឬទេ? លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា អាជ្ញាធរកំពុងតាមដានរឿងនេះប៉ុន្តែនៅមិនទាន់មានវិធានការណាមួយនៅឡើយទេ។
វិធានការមិនទាន់មានមែនប៉ុន្តែលោករដ្ឋមន្ត្រីអំពាវនាវអោយប្រជាជនសម្អាតផ្ទះសម្បែងនិងកំចាត់ថ្លុកទឹកដែលអាចបង្កអោយមានជីវិតសត្វមូស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ