ប្រធានាធិបតីថ្មីប្រកាសបន្ថយទោសមួយឆ្នាំដល់គ្រប់អ្នកទោសភូមា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភូមាដែលមានរដ្ឋាភិបាលថ្មី ជាស៊ីវិល បានប្រកាស នៅថ្ងៃចន្ទ ទី ១៦ ឧសភា ពីនយោបាយលើកលែងទោស ដែលក្នុងនោះមានការកាត់បន្ថយទោសមួយឆ្នាំ សម្រាប់អ្នកទោសទាំងអស់ ក្នុងប្រទេស។ ទោះយ៉ាងណា សម្បទានរបស់រដ្ឋាភិបាលភូមា លើកនេះ មិនបានអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិកឲ្យដូរជំហរនោះទេ។ នៅថ្ងៃចន្ទ ម្សិលមិញដែរ សហរដ្ឋអាមេរិក តាមរយៈលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើភូមា ក្នុងពេលដែលទណ្ឌកម្មចាស់ត្រូវផុតកំណត់ នៅចុងឧសភា។
ប្រមុខរដ្ឋាភិបាលភូមា ថេន សេនបានថ្លែងតាមទូរទស្សន៍រដ្ឋ នៅយប់ម្សិលមិញ ពីវិធានការកាត់បន្ថយទោសមួយឆ្នាំ សម្រាប់អ្នកទោសទាំងអស់។ ចំណែក នៅថ្ងៃអង្គារនេះវិញ មន្រ្តីភូមាម្នាក់ បានបង្ហាញថា អ្នកទោស១៧ ០០០នាក់នឹង ត្រូវដោះលែងពីពន្ធនាគារ នៅក្នុងគម្រោងលើកលែងទោស ដែលរដ្ឋាភិបាលភូមាធ្វើជារៀងរាល់ឆ្នាំ ជាពិសេស នៅក្នុងឱកាសពិធីបុណ្យជាតិ។ ក្នុងសារផ្សាយតាមទូរទស្សន៍ ប្រធានាធិបតីថេន សេន លើកឡើងថា វិធានការលើកលែងទោស ធ្វើឡើង ក្នុងលក្ខណៈមនុស្សធម៌ និងដោយបានគិតដល់ទុក្ខសោករបស់គ្រួសារអ្នកទោស។
អាជ្ញាធរភូមាមិនបានបញ្ជាក់ពីពេលវេលាដែលអ្នកទោសនឹងត្រូវដោះលែង នោះទេ។ ប៉ុន្តែ គេគ្រាន់តែដឹងថា ក្នុងចំណោមអ្នកទោសដែលត្រូវដោះលែងនោះនឹងមានអតីតមន្រ្តីស៊ើបការសំងាត់ភូមា ដែលអតីតមេដឹកនាំរបបសឹកបានចាប់ដាក់គុក ក្នុងវិធានការបោសសម្អាតផ្ទៃក្នុង កាលពីឆ្នាំ ២០០៤។
ប៉ុន្តែ សម្រាប់អង្គការHuman Rights Watch ដែលតាមដានការគោរពសិទ្ធិមនុស្សនៅភូមា អ្នកទោសដែលត្រូវដោះលែង ភាគច្រើនជាអ្នកដែលបានប្រព្រឹត្តទោសកំហុសតូចតាច និងអ្នកដែលធ្លាប់ជាមន្រ្តីចាស់របស់រដ្ឋាភិបាល។ ដូច្នេះ វាច្បាស់ណាស់ដែលថា រដ្ឋាភិបាលភូមាគ្មានចេតនា និងសមានចិត្តពិតប្រាកដដើម្បីដោះលែងអ្នកទោសនយោបាយ ដែលសហគមន៍អន្តរជាតិទាមទារ ចង់បាន ខ្លាំងពីរដ្ឋាភិបាលភូមានោះទេ។
ភូមាបច្ចុប្បន្ន មានអ្នកទោសប្រមាណ៦ម៉ឺននាក់ ដែលគេចាប់ដាក់ក្នុងគុក ចំនួន ៤២ និងជំរំធ្វើការបង្ខំទាំង ១០៩ នៅក្នុងប្រទេស។ អង្គការ Human Rights Watch វាយតម្លៃថា ភូមាដែលល្បីល្បាញខាងចាប់អ្នកប្រឆាំងញាត់គុក មានអ្នកទោសនយោបាយជាង ២២០០នាក់។
ក្នុងចំណោមអ្នកទោសនយោបាយ មានមួយចំនួន ជាសមាជិកគណបក្សប្រឆាំង និងមួយចំនួនទៀតជា និស្សិត សិល្បករ ដែលហ៊ានចេញមុខនិយាយរិះគន់នយោបាយរបស់របបសឹក ឬ ជាព្រះសង្ឃ ដែលបានចូលរួមផ្តល់គំនិតធ្វើបាតុកម្ម កាលពីឆ្នាំ ២០០៧។ អង្គការ Human Rights Watchបានលើកករណីរបស់អ្នកទោសនយោបាយមួយចំនួន ដែលទទួលបានការកាត់ទោសដោយអយុត្តិធម៌ ក្នុងនោះមានសកម្មជនជាស្រ្តីភូមាម្នាក់ ដែលត្រូវរបបសឹកកាត់ទោសឲ្យជាប់គុក ៨ឆ្នាំ កន្លះ បន្ទាប់ ពីគាត់ បានលើកបង្ហាញបដារិះគន់ ថ្នាក់ដឹកនាំ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ។
ម្យ៉ាងវិញទៀត អង្គការ Human Rights Watchវាយតម្លៃថា ការបន្ធូរបន្ថយទោសមួយឆ្នាំ របស់ រដ្ឋាភិបាលទៅលើអ្នកទោស ធ្វើឡើងរបៀបជាការចំអកទាំងស្រុងទៅលើសហគមន៍អន្តរជាតិ។ គម្រោងលើកលែងទោស និងការកាត់បន្ថយទោសមួយឆ្នាំ គ្រាន់តែជាឆាកល្ខោនដើម្បីបន្លំភ្នែកអន្តរជាតិ ប៉ុន្តែ វាគ្មានប្រយោជន៍អ្វីទេ ព្រោះជាជាទូទៅ អ្នកទោសនយោបាយភូមាត្រូវគេផ្តន្ទាទោសឲ្យជាប់គុក យ៉ាងតិច ម្នាក់ៗ ៦៥ឆ្នាំ។
អាជ្ញាធរភូមាឯណោះវិញបដិសេធដរាបមកថា ខ្លួនមិនមានអ្នកទោសនយោបាយទេ។ មនុស្សដែលគេចាប់ដាក់គុក គឺសុទ្ធតែជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ និងមានសកម្មភាពដែលគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស។
រដ្ឋាភិបាលភូមាប្រកាសបន្ថយទោស និងដោះលែងអ្នកទោស នៅតែប៉ុន្មានថ្ងៃក្រោយដំណើរទស្សនកិច្ចរបស់ប្រធានការិយាល័យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅភូមា។ ភូមា បន្ទន់ឥរិយាបថ ទំនងជាចង់បញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ប៉ុន្តែ ផ្ទុយទៅវិញ ការមិនព្រមដោះលែងអ្នកទោសនយោបាយ រឹតតែធ្វើឲ្យសហគមន៍អន្តរជាតិខកចិត្ត។ អន្តរជាតិដែលខកចិត្តម្តងរួចហើយ នៅពេលរដ្ឋាភិបាលថ្មី របស់ភូមា នៅតែគ្រប់គ្រង អំណាចដោយអតីតយោធារបស់របបសឹក គឺគ្មានផ្លាស់ប្តូរអ្វីទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ