ភូមា

ការវាយប្រហារ​ដោយ​អាវុធ​ផ្ទុះ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការបោះឆ្នោត

ជនជាតិ​ការ៉េននាំ​គ្នា​​ភៀស​ខ្លួន​ទៅ​​​ស្រុក​មេសុត​របស់​ថៃ
ជនជាតិ​ការ៉េននាំ​គ្នា​​ភៀស​ខ្លួន​ទៅ​​​ស្រុក​មេសុត​របស់​ថៃ © Reuters

ការ​ប្រយុទ្ធ​គ្នា ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ការ៉េន​ នៅ​ភាគ​ខាង​កើត​ប្រទេស​ភូមា​ ដែល​​ផ្ទុះ​ឡើង​ នៅ​ថ្ងៃច័ន្ទ​ទី ៨​វិច្ឆិកា ម្សិលមិញ បាន​បណ្តាល​ឲ្យ​ប្រជាជ​ន​ស៊ីវិល​​ប្រមាណ​២​ម៉ឺន​នាក់​ នាំ​គ្នា​ភៀស​ខ្លួន​ទៅ​ជ្រក​ក្រោន​នៅ​ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អាជ្ញាធរ​ក្រុង​បាងកក ដែល​គ្រោង​នឹង​បញ្ជូន​ក្រុម​អ្នក​ភៀស​ខ្លួន​ទាំង​នោះ​ ឲ្យវិល​​​​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​វិញ​ នៅថ្ងៃ​អង្គារ​នេះ​ជា​បណ្តើរៗ​តែ​ម្តង។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

មួយ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត មាន​ការ​ប្រយុទ្ធ​គ្នា​ ជា​ច្រើន​បាន​ផ្ទុះ​ឡើង​ រវាង​កងកម្លាំង​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ការ៉េន។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ​ជន​ស៊ីវិល ​បី​នាក់ និង​របួស​ជា​ង​២០​នាក់ នៅ​ក្នុង​ក្រុង​ មីយ៉ាវ៉ាឌី នៃ​រដ្ឋ​ការ៉េន។ នេះ​បើ​តាម​ប្រភព​ផ្លូវការ​ភូមា កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ប៉ុន្តែ​បើ​តាម​សាក្សី នៅ​មន្ទីរ​ពេទ្យ នៅ​ថ្ងៃ​អង្គារ​នេះ ចំនួន​មនុស្ស​ស្លាប់​អាច​ច្រើន​ជាង​១០​នាក់។ ការ​វាយ​ប្រហារ​គ្នា​មួយ​ទៀត ផ្ទុះ​ឡើង​នៅ​​ចម្ងាយ​ប្រមាណ​១៥០​គ.ម. ពីទីក្រុង​មីយ៉ាវ៉ាឌី ភាគ​ខាង​ត្បូង។

ជាសរុប ក្នុង​រយៈ​ពេល​តែ​មួយ​យប់​សោះ ប្រជាជន​ភូមា​ប្រមាណ​ ១ម៉ឺន​៥​ពាន់​នាក់ បាន​ភៀស​ខ្លួន​ទៅ​ស្រុក​មេសុត របស់​ថៃ និង៥ពាន់​នាក់​ផ្សេង​ទៀត​ទៅ​សុ្រក​សុងខ្លាបុរី។

រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​អង្គារ​នេះ ការ​វាយ​ប្រហារ​ហាក់​បាន​ស្ងប់​ស្ងាត់​ ដោយ​កង​កម្លាំង​របប​សឹក​បាន​រុញ​ច្រាន​ពួក​ឧទ្ទាម​ឲ្យ​ចូល​ព្រៃ​វិញអស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ អាជ្ញាធរ​​ក្រុង​បាងកក​គ្រោង​នឹង​បញ្ជូន​ពួក​គេ​ទាំង​អស់​នេះ ឲ្យ​វិល​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ជា​បណ្តើរៗ​ភ្លាម​នៅថ្ងៃនេះ ​ព្រោះ ប្រទេស​ថៃ​ដែល​បាន​ផ្តល់​ជំរំ​ជ្រកកោន​ឲ្យ​ជន​ភៀស​ខ្លួន​ភូមា ជាង​១០​ម៉ឺន​នាក់ -ភាគ​ច្រើន​ជា​ជនជាតិ​ការ៉េន ស្រាប់​ទៅ​ហើយ​នោះ ​មិន​ចង់​ទទួល​បន្ទុក​បន្ថែមទៀត​ទេ។ កង​កម្លាំង​ទ័ព​ជាច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​យក​ទៅ​ដាក់​ពង្រាយ​នៅ​តាម​គ្រប់​ច្រក​ល្ហក​​​ទាំង​អស់​ ធ្វើ​យ៉ាង​ណា​ការពារ​កុំ​ឲ្យ​ពួក​ជនជាតិ​ភាគតិច​ការ៉េន​ប្រដាប់​អាវុធ​អាច​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​ថៃ​បាន។

សូមរំលឹក​ថា ជនជាតិ​ភាគតិច​ជា​ច្រើន ដែល​តំណាង​ឲ្យ​មួយ​ភាគ​បី​នៃ​ប្រជាជន​ភូមា​សរុប តែង​តែ​​ទាមទារ​សិទ្ធិ និង​ស្វ័យភាព មិន​ព្រម​សម្រប​ខ្លួន​ជាមួយ​នឹង​​របប​សឹក​ក្រុង​រ៉ង់ហ្គូន​ទេ តាំង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ នៅ​ឆ្នាំ ១៩៤៨​មក។ ហើយ​ពួក​គេ​រាប់​លាន​នាក់​មិន​អាច​ចូល​រួម​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ​ទី​៧​វិច្ឆិកា​បាន​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​ធំ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មានការ​​ផ្ទុះ​សង្គ្រាម​នៅ​ជាយ​ដែន​​ជា​ថ្មី​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI