អ្នកទោសនយោបាយថ្មីៗទៀតអាចនឹងត្រូវដោះលែងនៅដើមខែមករានិងកុម្ភៈ
ប្រទេសភូមា អាចនឹងដោះលែងអ្នកទោសនយោបាយថ្មីៗទៀតនៅថ្ងៃទី៤មករានិងទី១២កុម្ភៈខាងមុខ- ការដោះលែងដែលសហគមន៍អន្តរជាតិបានទាមទារយ៉ាងរន្ធាន់ក្នុងអំឡុងពេលចុងក្រោយនេះ។ នេះជាការគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវមា្នក់នៃរដ្ឋសភាភូមា។ទន្ទឹមនេះ គណៈកម្មការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៃរបបភូមាថ្មី បានច្រានចោលការចោទប្រកាន់របស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International ដែលអះអាងថា « អ្នកទោសនយោបាយធ្វើកូដកម្មអត់អាហារនៅក្នុងពន្ធនាគារ Isein នៅរ៉ងហ្គូន អត់ទឹកទទួលទានទេ"។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“យោងតាមលោករដ្ឋមន្ត្រី ក្រសួងអយស្ម័យយាន Aung Min អ្នកទោសមនសិការថ្មីៗទៀតអាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះដោយឥតសង្ស័យឡើយ »។ នេះជាការបញ្ជាក់របស់លោក Aung Ko ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការច្បាប់នៃរដ្ឋសភាភូមានៅរដ្ឋធានី Naypyidawទៅកាន់ក្រុមអ្នកកាសែត។
សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ក្រសួងអយស្ម័យយាន Aung Min ទទួលបន្ទុកជាពិសេសនៅលើកិច្ចចរចាសន្តិភាពដ៏សំខាន់ជាមួយពួកជនជាតិភាគតិច ដែលអ្នកតំណាងរបស់ពួកគេជាច្រើនរូប កំពុងតែត្រូវជាប់ឃុំឃាំងនៅក្នុងពន្ធនាគារភូមា។
លោក Aung Ko បានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរភូមា អាចនឹងដោះលែងអ្នកទោសនយោបាយថ្មីៗទៀតនៅថ្ងៃទី៤មករាខាងមុខដែលជាទិវាប្រារព្ធបុណ្យឯករាជ្យជាតិនិងនៅថ្ងៃទី១២កុម្ភៈ ថ្ងៃបុណ្យឈប់សំរាករបស់ភូមា ប៉ុន្តែលោកមិនបានបង្ហើបឲ្យដឹងអំពីចំនួនអ្នកទោសដែលដោះលែងនោះទេ។
គួររំលឹកថា អាជ្ញាធរភូមានេះ ធ្លាប់បានដោះលែងអ្នកទោសចំនួន៦៣០០នាក់កាលពីថ្ងៃទី១២តុលាកន្លងផុតទៅ ដែលក្នុងនោះមានអ្នកទោសនយោបាយប្រមាណជា២០០នាក់។ ក៏ប៉ុន្តែចំនួនអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ អាចមានចំនួនពី៥០០ទៅ១៦០០នាក់ឯណោះ។ នេះជាការប៉ាន់ប្រមាណរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីនៅថ្ងៃព្រហស្បតិ៍២៩ធ្នូម្សិលមិញ ដោយបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទោសទាំងនោះ ២០០ នាក់ ចេញមកពីជួរបក្សរបស់លោកស្រី។
កាលពីខែវិច្ឆិកាកន្លងផុតទៅនេះ អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសុខភាពរបស់អ្នកទោសក្នុងពន្ធនាគារIsein ចំនួន១៥នាក់ដែលធ្វើកូដកម្មអត់អាហារ ដោយចោទប្រកាន់ថា” មានអ្នកទោស៨នាក់ ស្ថិតនៅក្នុងបន្ទប់តូចៗដែលគេធ្វើសំរាប់ដាក់សត្វឆ្កែ និងគ្មានបង្អួច គ្មានគ្រែ គ្មានពូកដេក ជាពិសេសពួកគេក៏អត់ទឹកទទួលទានទៀត។
ការចោទប្រកាន់របស់ អង្គការ AmnestyInternational នេះ ត្រូវបានគណៈកម្មការភូមាថ្មីទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សដែលបង្កើតឡើងដោយរដ្ឋអំណាចភូមានៅខែកញ្ញាកន្លងមកនេះ ច្រានចោល និងបានអះអាងថា « ពួកអ្នកទោសដែលធ្វើកូដកម្ម ពុំមែនអត់ទឹកទទួលទាននោះទេ ហើយបានទទួលការតាមដានសុខភាពយ៉ាងទៀងទាត់ទៀតផង-នេះបើយោងតាមការចុះផ្សាយរបស់ទិនានុប្បវត្តិផ្លូវការភូមាNew Light of Myanmarនៅថ្ងៃសុក្រ៣០ធ្នូនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ