របប​នយោបាយ​ភូមា​

សំឡេង ០៨:១៤
លោក​ប្រធានាធិបតីភូមា​ថេន​ សេន(ស្តាំ)​ជួបសន្ទនា​ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាManmohan Singh(ឆ្វេង)
លោក​ប្រធានាធិបតីភូមា​ថេន​ សេន(ស្តាំ)​ជួបសន្ទនា​ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាManmohan Singh(ឆ្វេង) REUTERS/Stringer

ថ្ងៃ​​នេះ​​ ហ្សង់-ហ្វ្រង់ស័រ តាន់​ សូម​​បន្ត​​ចាប់​​អារម្មណ៍​​ទៅ​​លើ​​ភូមិ​សាស្ត្រ​នយោបាយ​​នៃ​​ភូមិភាគ​​អាស៊ី​​អាគ្នេយ៍​​ត​​ទៅ​ទៀត​​ ដោយ​​សូម​​លើក​​ឡើង​​អំពី​​របប​​នយោបាយ​​ភូមា។​ រហូត​​មក​​ដល់​​ចុង​​ឆ្នាំ​​២០១១​​កន្លង​​ទៅ​​នេះ​ អំណាច​​រដ្ឋ​​នៃ​​ប្រទេស​​ភូមា​​ឋិត​​នៅ​​ក្នុង​​ដៃ​​របស់​​ក្រុម​​នាយ​​ទា​ហាន​។​ ផ្ទុយ​​ទៅ​​វិញ ​ជិត​​មួយ​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ ​រដ្ឋ​អំណាច​​ភូមា​​ដឹក​​នាំ​​ដោយ​​ប្រធានាធិបតី​​ស៊ីវិល​​ទី​​មួយ​ បាន​​និង​​កំពុង​​បន្ត​​ធ្វើ​​កំណែ​​ទម្រង់​​នយោបាយ។​ គោលដៅ​​គឺ​​បើក​​ចំហ​​ប្រទេស​ ទាក់ទង​​ឡើង​​វិញ​​ជាមួយ​​បស្ចិម​​លោក​ បញ្ចុះ​បញ្ចូល​​ឱ្យ​​លោក​​ខាង​​លិច​​លើក​​ទណ្ឌកម្ម​ចេញ និង​​អភិវឌ្ឍ​​សេដ្ឋកិច្ច​នៃ​​ប្រទេស។​ 

ផ្សាយពាណិជ្ជកម្ម

 

ពី​ឆ្នាំ​១៩៦២​រហូត​ដល់​ចុង​ឆ្នាំ​២០១១ អំណាច​រដ្ឋ​នៃ​ប្រទេស​ភូមា​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​នាយ​ទាហាន។ ហើយ​ក្នុង​អំឡុង​ពេល​ជាង​ប្រាំ​ទសវត្សរ៍ ភូមា​ដែល​បាន​ដូរ​ឈ្មោះ​ជា​មីយ៉ាន់ម៉ា​(Myanma)​បាន​អនុវត្ត​អំណាច​ផ្តាច់ការ​បែប​របប​សឹក​ បាន​បិទ​ព្រំដែន​សឹង​ជិត​ស្លុង​ និង​មាន​ទំនាក់​ទំនង​តិច​តួច​បំផុត​ ជា​មួយ​ពិភពលោក។

មិន​មែន​ជា​រឿង​មួយ​ចៃដន្យ​ទេ​ ដែល​អំណាច​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​នាយ​ទាហាន​ ពី​ព្រោះ​​ពី​ឆ្នាំ​១៩៤៨​ ឆ្នាំ​ដែល​ភូមា​ទទួល​បាន​ឯករាជ្យ​ រហូត​ដល់​ឆ្នាំ​១៩៦២​ រដ្ឋាភិបាល​ស៊ីវិល​ ចេះ​តែ​ទៅ​ពឹង​ពាក់​កងទ័ព​ឥត​ឈប់ឈរ។ ជាក់​ស្តែង​នៅ​ឆ្នាំ​១៩៤៨​ នាយក​រដ្ឋមន្ត្រី​ អ៊ូ នូ
(U Nu) បាន​ពឹងពាក់​ឧត្តមសេនីយ៍​ នេ វីន(Ne Win) ឲ្យ​បង្ក្រាប​ពួក​ជន​ជាតិ​ភាគ​តិចការ៉េន (Karens)​ ដែល​ងើប​បះបោរ​ទាមទារ​ឯករាជ្យ​។ ក្រោយមកទៀត នៅ​ឆ្នាំ​១៩៥៨​ អ៊ូ​ នូបាន​ទៅ​ ពឹងពាក់​ឧត្តមសេនីយ៍​ នេ វីន ជា​ថ្មី​ លើក​នេះ​ ឲ្យ​បង្ក្រាប​ពួក​កុម្មុយនិស្ត​វិញ​ម្តង​។ នៅ​ទី​បំផុត​ នៅ​ខែមីនា​ឆ្នាំ​១៩៦២​ ឧត្តមសេនីយ៍ នេ វីន បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អ៊ូ នូ ហើយ​បាន​ក្រសោប​យក​អំណាច​ទាំង​ស្រុង​មក​ក្តាប់។

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៨៨​ ទើប​ឃើញ​ប្រជាជន​ស៊ីវិល​ងើប​បះបោរ​ ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​របប​សឹក​របស់​នេ​ វីន។ កាល​នោះ​ នៅ​ចំពោះ​មុខ​មហា​បាតុកម្ម​មួយ​របស់​គណបក្ស​ប្រឆាំង​ គឺបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ ដឹក​នាំ​ដោយ​លោក​ស្រី​អុង សាន់ស៊ូជី (Aung San Suu Kyi) ឧត្តមសេនីយ៍នេ វីន បាន​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង​។ ក៏​ប៉ុន្តែ​ កង​ទ័ព​ដែល​នៅ​តែ​មិន​ព្រម​បោះ​បង់​ចោល​អំណាច​ បានចាប់​ពួក​មេ​ដឹក​នាំ​បក្ស​ជំទាស់​ដាក់​គុក​ បានចាប់​លោក​ស្រីអុង សាន់ស៊ូជី ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​លោក​ស្រីនិងបាន​បង្កើត​ស្ថាប័ន​ រដ្ឋាភិបាល​មួយ​ ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ គណៈកម្មាធិការ​រដ្ឋ​ដើម្បី​រៀបចំ​ច្បាប់​និង​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ហៅ​កាត់​ថា​SLORC​។

ស្ថាប័ន​ SLORC នេះ​ដែល​នៅ​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ ក្រុម​ប្រឹក្សា​រដ្ឋដើម្បី​សន្តិភាព​​​និង​ការ​អភិវឌ្ឍន៍​ (SPDC) គឺ​ជា​សសរគ្រឹះ​នៃ​របប​ផ្តាច់ការ​ភូមា​។ សមាជិក​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​នេះ​សុទ្ធ​សឹង​ជា​នាយ​ទាហាន​ មាន​មេបញ្ជាការ​យោធភូមិភាគ​១២​នាក់​និង​នាយ​ទាហាន​ជាន់​ខ្ពស់​៧​នាក់​។ គឺ​ក្រុម​នាយ​ទាហាន​នេះ​ហើយ​ ដែល​ជា​អ្នក​តែងតាំង​នាយក​រដ្ឋមន្ត្រី​ កំណត់​មនោគមវិជ្ជា​និង​បន្ទាត់​នយាបាយ​ធំៗ​នៃ​របប​សឹក​ភូមា​។

នៅ​ខែ​មិថុនា​ឆ្នាំ​១៩៨៩​ ក្រុម​នាយ​ទាហាន​ បាន​សម្រេច​ប្តូរ​ឈ្មោះ​ភូមា​ ទៅ​ជាមីយ៉ាន់ម៉ា
(​Myanma​r)។ មីយ៉ាន់ម៉ា​ ​ដែលមាន​ន័យ​ថា​ «ពូជសាសន៍ដែលកើតមុនគេនៅ​ក្នុង​លោកិយ»ជា​ពាក្យ​មួយ​ម៉ាត់​ប្រកប​ទៅ​លក្ខណៈ​ជាតិ​និយម។​​ រហូត​ដល់​ចុង​ឆ្នាំ​២០១១ ក្រៅ​ពី​មូលដ្ឋាន​ជាតិនិយម​ មនោគមវិជ្ជា​របស់​ក្រុម​នាយ​ទាហាន​ភូមា​ឈរ​នៅលើ​ការ​ប្រឆាំង​នឹង ប្រជាធិបតេយ្យូបនីយកម្ម​ និង​ការ​ប្រឆាំង​នឹង​បស្ចិម​លោក​។

ការ​ប្រឆាំង​នឹង​ប្រជាធិបតេយ្យូបនីយកម្ម​​បាន​ជំរុញ​របប​សឹកឱ្យក្តាប់​យ៉ាង​តឹងរ៉ឹង​ មធ្យោបាយ​ឃោសនា​មហាជន​ ដូច​ជា​ទូរទស្សន៍​ វិទ្យុ និង​សារពត៌មាន​ និង​ខ្ទប់​មាត់​បក្ស​ជំទាស់​។ នៅ​ក្នុង​ន័យ​នេះ​ បប​សឹក​បានបន្ត​ចាប់​អ្នក​ប្រឆាំងដាក់​គុក ​និងបាន​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​រាល់​ចលនា​បះបោរ​ ដូច​យ៉ាង​ ការ​វាយ​បង្ក្រាប​គ្មាន​ត្រាប្រណី​ ទៅ​លើ​បាតុកម្ម​លោក​សង្ឃ​និង​និស្សិត​ នៅ​ឆ្នាំ​២០០៧​។

 
ដោយ​ឡែក​ មិន​មែន​ចៃ​ដន្យ​ទេ​ ដែល​របប​សឹក​ភូមា​ប្រឆាំង​នឹង​បស្ចិមលោក​ ពីព្រោះ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​បាន​ដាក់​សម្ពាធ​គ្រប់​បែប​យ៉ាង​ ទៅ​លើ​ភូមា​ បានបង្ខំ​ឲ្យ​ក្រុម​នាយ​ទាហាន​ធ្វើ​ប្រជាធិបតេយ្យូបនីយកម្ម​នៅ​ក្នុង​ប្រទេស​ និង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ ជា​ពិសេស​ លោក​ស្រី​ប្រមុខ​បក្ស​ជំទាស់​អ៊ុងសាន់ស៊ូជី​ដែល​នៅ​ឆ្នាំ​១៩៩១​ បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់ណូបែល(​Nobel)ផ្នែក​សន្តិភាព​។
*
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រហូតមកទល់ពេលថ្មីៗនេះ ការ​គាប​សង្កត់​របស់​បស្ចិម​លោក​ទៅ​លើ​របបសឹក​ គ្មាន​ប្រសិទ្ធិភាព​ទាល់​តែ​សោះ​ ពីព្រោះ​របប​ផ្តាច់ការ​ភូមា​មិន​ដែល​ត្រូវ​ការ​លោក​ខាង​លិច​ទេ​។ សូម្បី​តែ​ នៅ​ខែ​ឧសភា​ឆ្នាំ​២០០៨​ ក្រោយ​ពេល​ដែល​ខ្យល់​ព្យុះ​កំបុត​ត្បូង​Narguis បាន​សម្លាប់​ប្រជាជន​ភូមា​អស់​ជាង​មួយ​សែន​នាក់ ក៏របប​សឹក​មិន​បាន​យល់​ព្រម​ទទួល​ជំនួយ​ពី​បស្ចិម​លោក​ដែរ បាន​យល់​ព្រម​ទទួល​តែ​ជំនួយ​ពី​បណ្តា​ប្រទេស​អាស៊ី​។

ការពិត ​របប​សឹក​ភូមា​អាង​យ៉ាង​ ពីព្រោះ​មាន​ប្រទេស​ចិន​ជួយ​និង​មាន​ប្រទេសរុស្ស៊ី​ ព្រម​ទាំង​បណ្តា​ប្រទេស​អាស៊ាន​រក​ស៊ី​ជា​មួយ​។ ជាក់​ស្តែង មក​ទល់​ពេល​នេះ វិនិយោគ​របស់​ប្រទេស​ចិន រុស្ស៊ី វៀតណាម ថៃ និង​សិង្ហបុរី​នៅ​ប្រទេស​ភូមា កើន​រហូត​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ។
ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រោម​ការ​ណែ​នាំ​របស់​ប្រទេស​ចិន​ និង​ដោយ​ហេតុ​តែ​មាន​ការ​ទិតៀន​កាន់​តែ​ខ្លាំង​ពី​សំណាក់​សមាជិកអាស៊ាន​​ខ្លះ​ របប​សឹក​ភូមា​បាន​ផ្តើម​បោះ​ជំហាន​ទៅ​រក​អ្វី​ ដែល​ខ្លួន​ប្រសិទ្ធនាម​ឲ្យ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​វិន័យ​។

នៅ​ក្នុង​ន័យ​នេះ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ ត្រូវ​បាន​អនុម័ត​ឡើង​ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ចុង​ឆ្នាំ​២០០៨​។ គោលដៅ​ចុង​ក្រោយ តាម​រយៈ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ គឺ​បង្កើត​របប​នយោបាយ​ប្រធានាធិបតី​ស៊ីវិល​មួយ។
នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១១ រដ្ឋអំណាច​ភូមា​បាន​រៀប​ចំ​បោះ​ឆ្នោត បាន​រំលាយ​ចោល​របប​សឹក បាន​ដោះ​ឯកសណ្ឋាន​យោធា​ចោល ​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ និង​បាន​ដោះ​លែង​លោក​ស្រី​អុង សាន់ស៊ូជី​ឱ្យ​មាន​សេរីភាព​វិញ។ លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​និង​ឥស្សរជន​ជា​ច្រើន​នាក់​នៃ​បក្ស​ជំទាស់​ថែម​ទាំង​បាន​ក្លាយ​ជា​អ្នក​តំណាង​រាស្រ្ត​ទៀត​ផង តាម​រយៈ​ការ​បោះឆ្នោត​សភា​មួយ​ភាគ​នៅ​ខែ​មេសា​ឆ្នាំ​២០១២។

 សព្វថ្ងៃ​នេះ ភូមា​បាន​និង​កំពុង​បន្ត​កំណែ​ទម្រង់​នយោបាយ​ត​ទៅ​ទៀត។ ទន្ទឹម​នេះ បស្ចិមលោក​បាន​បន្ធូរ​សម្ពាធ​ទៅ​លើ​ប្រទេស​ភូមា​និង​បាន​បង្កើន​កិច្ចចរចា​ជាមួយ​របប​ថ្មី​របស់​លោក​ប្រធានាធិបតី​ស៊ីវិល​ទី​មួយ ធេន សេន(Thein Sein)។

មាន​មូលហេតុ​មួយ​ធំ​ដែល​អាច​ពន្យល់​ការ​វិវឌ្ឍន៍​ទៅ​ដ៏​ល្អ​ប្រសើរ​មិន​ធ្លាប់​ដែល​មាន​បែប​នេះ​របស់​ប្រទេស​ភូមា នោះ​គឺ​នៅ​ទី​បំផុត​ពួក​ក្រុម​នាយ​ទាហាន​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បើក​ចំហ​ប្រទេស។ បើក​ចំហ​ប្រទេស​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ដ្បិត​ការ​បិទ​ទ្វារ​ជិតស្លុង​​និង​ការ​មិន​ទាក់ទង​រកស៊ី​ជា​មួយ​បស្ចិម​លោក ធ្វើ​ឱ្យ​ភូមា​ស្គាល់​ភាព​យឺតយ៉ាវ​គ្រប់​វិស័យ​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់។

យ៉ាង​ណា​ក៏​ដោយ សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​ព្រម​លើក​ទណ្ឌកម្ម​ចេញ​ទាំងស្រុងទេ តែ​កោត​សរសើរ​និង​លើក​ទឹក​ចិត្ត​របប​ថ្មី​ឲ្យ​បន្ត​កំណែ​ទម្រង់​នយោបាយ។ បស្ចិម​លោក​នៅ​បារម្ភ បារម្ភ​ខ្លាច​ចាញ់​បោក​រដ្ឋអំណាច​ភូមា ពីព្រោះ​គេ​ដឹង​ថា នៅ​ពី​ក្រោយ​លោក​ប្រធានាធិបតី​ស៊ីវិល​ធេន សេន នៅបន្តមាន​ស្រមោល​របស់​ក្រុម​នាយ​ទាហាន​ដែល​ចង់​រក្សា​អំណាច​របស់​ពួក​គេ​ឲ្យ​នៅ​ឋិតថេរ​យូរ​អង្វែង​ត​ទៅ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI