កម្ពុជា

គ.ជ.ប.៖ ការចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី បាន​លើស​ពី​ការ​រំពឹង​ទុក

កិច្ចប្រជុំ​គ.ជ.ប. គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្តីពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី១៤តុលា ឆ្នាំ២០១១
កិច្ចប្រជុំ​គ.ជ.ប. គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្តីពី​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ថ្ងៃទី១៤តុលា ឆ្នាំ២០១១ © ចាន់ណា/rfi

នៅ​ថ្ងៃ​១៤​តុលា​នេះ គ​.​ជ​.​ប​. បាន​ប្រកាស​ពី​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត គឺ​ការចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី បាន​ចំនួន​ជាង ៨​សែន​នាក់ លើស​ពី​ការរំពឹងទុក។ គ​.​ជ​.​ប​. ក៏​បាន​ប្រកាស​ពី​ការបន្ថែម​រយៈពេល ៣ ថ្ងៃ សម្រាប់​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នៅ​ឃុំ​សង្កាត់​ចំនួន ៣៦៧ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់។ តាម​ធម្មតា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១៥​តុលា។

ផ្សាយពាណិជ្ជកម្ម

 

លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត គិត​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃ​ទី​១៣​តុលា ត្រូវបាន​សមាជិក គ.ជ.ប​. ប្រកាស​នៅ​ព្រឹក​មិញ​ថា នៅ​ទូទាំង​ប្រទេស​ចំនួន​ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ ឡើង ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៨១២.០៩៤ នាក់។ ក្នុងនោះ គ.ជ.ប. ក៏​បាន​កែតម្រូវ​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ១២១.៤៥០ នាក់ និង​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ចំនួន ១៨៨.៨៣៤ នាក់។

​តាម​លោក ឯម សុផាត សមាជិក គ.ជ.ប. ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី លើស​ពី​ការរំពឹង​ទុក​ពេល​នេះ នាំ​ឲ្យ​ចំនួន​អ្នកបោះឆ្នោត​សរុប​ប្រចាំ​ឆ្នាំ ជា​បណ្តោះអាសន្ន​នៅ​ពេល​នេះ កើន​ឡើង​ដល់​ចំនួន​ជាង ៩,១ លាន​នាក់។

​ចំពោះ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១១ តែដោយសារ​មាន​ទឹកជំនន់​ទន្លេ​មេគង្គ និង​ទឹកភ្លៀង​ផង បាន​ធ្វើអោយ​មាន​ការរអាក់រអួល​ខ្លះ។ ប៉ុន្តែ​តំបន់​ដែល​លិច​ទឹក​ក្នុង​ឃុំ​សង្កាត់​ចំនួន ៣៦៧ ត្រូវបាន គ.ជ.ប. សម្រេច​បន្ថែម​រយៈពេល ៣ ថ្ងៃ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។ ពោល​គឺ​នៅ​ឃុំ​សង្កាត់ ដែល​មិន​លិច​ទឹក ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥​តុលា។ រីឯ​នៅ​ឃុំ​សង្កាត់ ៣៦៧ ដែល​លិច​ទឹក ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៨​តុលា។​

ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​មិញ គ.ជ.ប. ក៏​បាន​ប្រកាស​ថា មក​ដល់​ពេល​នេះ គ.ជ.ប. ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន ៨ ទាក់ទង​នឹង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ​ពាក្យ​បណ្តឹង​ទាំងនោះ មិន​មាន​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​របស់​ស្មៀន​ឃុំ​សង្កាត់ មិន​ចុះ​ឈ្មោះ​ឲ្យ​អ្នក​បោះឆ្នោត​ឡើយ។​
ក៏​ប៉ុន្តែ​បើ​គណបក្ស​ប្រឆាំង មក​ដល់​ពេល​នេះ នៅ​តែ​កើត​មាន​បញ្ហា​ស្មៀនឃុំ​សង្កាត់ ចុះ​ឈ្មោះ​ឲ្យ​ជនជាតិ​វៀតណាម ដើម្បី​បោះឆ្នោត។ ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់​នៅ​កម្ពុជា បាន​ប្រើប្រាស់​អត្តសញ្ញាណ ជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI