កម្ពុជា

គជប រំឭក​គណបក្ស​មិន​ឃោសនា​នយោបាយ​ដែលនាំ​ដល់​ជម្លោះ​សាសនា ឬ​ពូជសាសន៍

លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ©ចាន់ណា

ខណៈ​ដែល​ការ​ឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បាន​ប្រកាស​ប្រាប់​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ឃោសនា​ទាំង​ឡាយ​ណា​ដែល​នាំ​ដល់​ជម្លោះ​សាសនា និង​ពូជ​សាសន៍។ ការ​ឃោសនា​បោះ​ឆ្នោត​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ក្រោម​ផ្លូវ​ច្បាប់ ហើយ​មិន​ត្រូវ​នាំ​ទៅ​ដល់​អំពើ​ហឹង្សា​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

នៅ​ថ្ងៃ​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត​ ហៅ​កាត់ថា គជប បាន​រំឭក​ដល់​   គណបក្ស​នយោបាយ​ទាំង​អស់ថា ត្រូវ​បញ្ចៀស​ឲ្យ​បាន​នូវ​ការឃោសនា​នយោបាយ​ណា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​សាសន៍ ឬ​សាសនា។

លោក ទេព នីថា អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​អ្វី​នោះ​ទេ។ បម្រាម​ទាំង​នេះ​សុទ្ធ​តែ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ។ សេចក្ដី​ក្រើន​រំឭក​របស់ ​គជប គ្រាន់​តែ​ធ្វើ​ឡើង​ខណៈ​ការឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិតជិត​ចូល​មក​ដល់។

លោក​បាន​បន្ត​ទៀត​ថា ឥឡូវ​នេះ គជប គ្មាន​សិទ្ធិ​គ្រប់​គ្រង​លើ​សារ​នយោបាយ​ផ្សេងៗ​របស់​គណបក្ស​ឡើយ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដែល​ជា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត គជប នឹង​ឃ្លាំ​មើល​គ្រប់​ការឃោសនា​របស់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ទាំង​អស់។ ប្រសិន​បើ​មាន​ការ​ឃោសនា​ណា​មិន​ត្រឹមត្រូវ​តាម​ច្បាប់ គជប នឹង​មាន​វិធានការ​ក្រើន​រំឭក រួច​ព្រមាន។ បើ​នៅ​តែ​មិន​ស្ដាប់ គជប នឹង​ផាក​ពិន័យ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ បញ្ឈប់​ការឃោសនា​តែ​ម្ដង។

ពាក់ព័ន្ធ​នឹង​ការឃោសនា​នយោបាយ​ដែល​នាំ​ដល់​ជម្លោះ​​ពូជសាសន៍​នេះ​ដែរ លោក​យឹម សុវណ្ណ មន្ដ្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ឃោសនា​ប្រឆាំង​នឹង​វត្តមាន​កុះករ​របស់​ជនជាតិ​វៀតណាម​លើ​ទឹកដី​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI ​ថា គណបក្ស​លោក​មិន​បាន «ប្រឆាំង» នឹង​វត្តមាន​របស់​ជនជាតិ​វៀតណាម​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ។ ប៉ុន្តែ​គណបក្ស​លោក​កំពុង «ទាមទារ» ឲ្យ​មាន​ការធ្វើ​អន្តោប្រវេសន៍​ស្រប​ច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម​ទាំង​នោះ។ លោក​បាន​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា ប្រសិន​បើ ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​ការឃោសនា​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ពូជ​សាសន៍ គណបក្ស​លោក​នឹង​គោរព​តាម​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI