កម្ពុជា

គ.ជ.ប​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​អាស៊ាន​សម្រាប់​ពេល​បោះឆ្នោត

បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត
បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត ©បណ្ណសារ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​រៀបចំ​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ ដើម្បី​ពួកគេ​អាច​តាមដាន​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​អញ្ជើញ​អ្នកសង្កេតការណ៍​មក​ពី​ប្រទេស​អាស៊ានអោយ​ចូលរួម​សង្កេត​ការណ៍​នៅ​ក្នុង​ការ​បោះឆ្នោត។ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី​៥​ត្រូវបាន​ប្រើ​ថវិកា​ប្រមាណ​២១​លាន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នឹង​អញ្ជើញ​មន្ត្រីជំនាញ​បោះឆ្នោត​នៅតាម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រួម​ទាំង​មន្ត្រី​នៅ​អគ្គលេខាធិការ​ដ្ឋាន​អាស៊ាន​ផង​ដែរ អោយ​ពួកគេ​បាន​សង្កេតការណ៍​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។ តាម​គម្រោង​ គ.ជ.ប​នឹង​អញ្ជើញ​តំណាង​២​នាក់​ក្នុង​មួយ​ប្រទេស ហើយ​ពួកគេ​នឹង​ត្រូវ​ទទួល​បន្ទុកដោយ​គ.ជ.ប នៅពេល​ពួកគេ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នោះ។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជាក់​ដោយ​លោក​ទេព នីថា អគ្គលេខាធិការ​គ.ជ.ប។

ថ្លែងប្រាប់​វិទ្យុបារាំងអន្តរជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៤​ឧសភា​នេះ មន្ត្រី​ជាន់ខ្ពស់របស់​គ.ជ.ប​រូប​នេះពន្យល់​ថា នេះ​គឺ​ជា​លើកដំបូង​ហើយ​ដែលកម្ពុជា​រៀបចំ​អោយ​មាន​ការអញ្ជើញ​អ្នកសង្កេតការណ៍​ដែល​ជា​មន្ត្រីជំនាញ​រៀបចំ​ការបោះឆ្នោត​មកពី​​បណ្តា​ប្រទេសសមាជិក​​អាស៊ាន អោយ​មក​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ការ​រៀបចំ​បែបនេះ​ គឺ​ជា​ការងារ​ផ្លាស់ប្តូរ​បទពិសោធន៍ និងទំនាក់ទំនង​គ្នា​ផ្នែក​បច្ចេកទេស​នៃ​រៀបចំ​ការបោះឆ្នោត​រវាង​ប្រទេស​អាស៊ាន។

តាម​ពិត បើតាម​ការ​បញ្ជាក់​របស់​លោក​ទេព នីថា កម្ពុជា​នឹង​ទទួល​អ្នកសង្កេតការណ៍​២​ប្រភេទ។ បាន​ន័យ​​ថា ក្រៅពី​ក្រុម​អ្នកសង្កេតការណ៍​ដែល​កម្ពុជា​ជាអ្នកអញ្ជើញ​ហើយ​នោះ នៅ​មាន​ក្រុម​អ្នកសង្កេតការណ៍​ទី​២​ទៀត ដែល​ជា​ក្រុម​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ហើយ​ស្នើ​សុំ​សង្កេតការណ៍​នៅ​កម្ពុជា។ អគ្គលេខាធិការ​គ.ជ.ប​បាន​បញ្ជាក់ថា រហូត​មកដល់​ពេលនេះ កម្ពុជា​បាន​ទទួល​ការស្នើសុំ​មក​ពី​អង្គការ​អន្តរជាតិ និង​ប្រទេស​មួយ​ចំនួន​ហើយ។

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ។ ការ​បោះឆ្នោត​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​២១​លាន​ដុល្លារ។ អ្នកមាន​សិទ្ធិបោះឆ្នោត​មាន​ចំនួន​ជាង​៩លាន​៦​សែន​នាក់។ ការិយាល័យ​បោះឆ្នោត​បាន​កើន​ចំនួន​១៨០៣៦​ការិយាល័យ​នៅ​ក្នុង​ឆ្នាំ​២០១២ មក​១៩០០៩​ការិយាល័យ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣​នេះ។ ក្នុង​ន័យ​នេះ បើតាម​ការ​បញ្ជាក់​របស់លោក​ទេព នីថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ត្រូវ​រើស​មន្ត្រី​បន្ថែម​​ដើម្បី​បំពេញ​ការងារ​នៅ​ក្នុង​ការិយាល័យ​ដែល​កើន​ថ្មី ដែល​ក្នុង​មួ​យការិយាល័យ​មាន​មន្ត្រី​៦​រូប។ ប៉ុន្តែ លោក​អគ្គលេខាធិការ​បញ្ជាក់ថា​មន្ត្រី​ទាំងនេះនឹង​ត្រូវ​រំសាយ​ភ្លាម ក្រោយ​បោះឆ្នោត​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI