អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្តើម​បោះពុម្ព​សន្លឹកឆ្នោត

©
ដោយ៖ អ៊ឹម ណាវិន
១៦ នាទី

ក្នុងនាម​ជាអ្នករៀបចំ​ការបោះឆ្នោត ការបោះឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាលទី៥ ថ្ងៃទី​២៨ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ។ នៅដើម​ខែមិថុនា​នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (គជប)​បានផ្តើម​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​នោះ​ហើយ។ បើតាម​សេចក្តីជូនដំណឹង របស់ គជប ការចាប់ផ្តើម​បោះពុម្ព​សន្លឹកឆ្នោត នឹង​ធ្វើ​ឡើង ដូចជា​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់ ការបោះឆ្នោត​មុនៗដែរ។ ពេលវេលា​ដដែល កន្លែង​ដដែល​ រោងពុម្ព​ដដែល។ អ្វីៗ​ដដែល​បែបនេះ សង្គម​ស៊ីវិល​ឃ្លំាមើល​ការបោះឆ្នោត បារម្ភ​ពីតម្លាភាព ក្នុង​ការគ្រប់គ្រង​សន្លឹកឆ្នោត​របស់(គជប)។ 

ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ជូនដំណឹង របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ហៅ​កាត់​ថា គជប ចុះថ្ងៃទី០៨ ខែមិថុនា បាន​ឲ្យដឹងថា ការចាប់ផ្តើម​បោះពុម្ព​សន្លឹកឆ្នោត និង​ប្រព្រឹត្តទៅ នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី១២​ខែ​មិថុនា​ខាងមុខនេះ។

គណបក្ស​នយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោត​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​អញ្ជើញ ដើម្បី​សង្កេត​មើល​ពី​ដំណើរការ នៃ​ការចាប់ផ្តើម​បើក​ការបោះពុម្ព​សន្លឹក​ឆ្នោត​នោះ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គឺថា ការបោះពុម្ព​សន្លឹកឆ្នោត​បានធ្លាក់​ទៅលើ​រោងពុម្ព​ដដែល រោងពុម្ពដែល​ធ្លាប់​បោះពុម្ព​សន្លឹកឆ្នោត ឲ្យ​(គជប) សម្រាប់​ការបោះឆ្នោត​កន្លងៗ​មក។ ប្រការ​នេះ​បានធ្វើ​ឲ្យ​មាន​ចម្ងល់​ថា ការបោះពុម្ព​សន្លឹកឆ្នោត​មាន​ការដេញ​ថ្លៃជា​ចំហ​ដែរ​ឬទេ?

គួរបញ្ជាក់ថា យោង​តាម​សេចក្តីជូនដំណឹង​របស់គជប រោងពុម្ព​ដែល​ទទួល​បានសិទ្ធិ​បោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជាតិ នាថ្ងៃទី២៨ ខែ​កក្កដា​នេះ គឺ​រោងពុម្ព​ស្ថិតនៅ ផ្ទះ​លេខ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ចំនួន​ជាង ៩លាន ៦សែននាក់ គឺជា​អ្នក​មានឈ្មោះ​បោះឆ្នោត នៅ​ក្នុង​ការបោះឆ្នោត ជ្រើសរើស​សមាជិក​រដ្ឋសភា​អាណត្តិ​ទី៥ នាថ្ងៃទី២៨កក្តដា ដែលមាន​គណបក្សចំនួន​៨ ចូលរួម។ បើតាម​ព័ត៌មាន​សន្លឹក​ឆ្នោត​ប្រមាណ ១៥លាន​សន្លឹក​នឹង​ត្រូវ​(គជប)​បោះពុម្ព។ អ្នកនាំពាក្យ និង ជា​អគ្គលេខាធិការ (គជប) លោក ទេព នីថា មិនអាច​ទាកទង​សូម​ការពន្យល់​បន្ថែម​បានទេ ​ជុំវិញ​ដំណើរការ​ផ្តើម​ការបោះពុម្ព​សន្លឹក​ឆ្នោតនេះ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ កាលពីល្ងាច​ថ្ងៃសៅរ៍​ម្សិលមិញ ក្នុង​ខណៈ​ដែល​សង្គម​ស៊ីវិល មិនពេញចិត្ត​ចំពោះ​ការដែល គជប ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​រោងពុម្ព​ដដែល​បោះពុម្ព​សន្លឹក​ឆ្នោតនោះ។

លោក​ហង្ស ពុទ្ធា នាយក​អង្គការ​ឃ្លំា​មើល​ការបោះឆ្នោត​ធំមួយ នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ការបោះពុម្ព​សន្លឹកឆ្នោត​ជា​ផ្នែក​សំខាន់​មួយ​នៃ​ដំណើរការ​បោះឆ្នោត​ កន្លងមក​លោក​មិនបាន​ដឹង​ទាល់​តែសោះ​ថា គជប បាន​ប្រកាស​រក​ការដេញថ្លៃ ជ្រើសរើស រោងពុម្ព​សម្រាប់​បោះពុម្ព​សន្លឹក​ឆ្នោត តែលុះ​ដល់​ចេញ​លទ្ធផល គឺ​ឈ្មោះ​រោងពុម្ព​ដដែល​ទទួល​បាន​សិទ្ធិ​បោះពុម្ព។ រឿងនេះ ក៏​ទំនង​ជា​ធ្វើឲ្យ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដាក់​ការសង្ស័យ​លើ​គជប ផងដែរ។ នេះបើតាម​ការសន្និដ្ឋាន​របស់​អ្នកឃ្លំា​មើល​ការបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ