អានតួអត្ថបទ
កម្ពុជា-តុលាការ

NGO​ព្រួយបារម្ភ​ចំពោះ​ជម្លោះ​រវាង​សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ​

លោក ​យូ ​ប៊ុនឡេង​សហ​​ចៅក្រម​​​ស៊ើប​អង្កេត​​ជាតិ​​និង​ក៏​ជា​​ប្រធាន​សាលា​​ឧទ្ធរណ៍​​
លោក ​យូ ​ប៊ុនឡេង​សហ​​ចៅក្រម​​​ស៊ើប​អង្កេត​​ជាតិ​​និង​ក៏​ជា​​ប្រធាន​សាលា​​ឧទ្ធរណ៍​​ RFI/Leang Delux
ដោយ៖ លាង ដឺលុច
១៦ នាទី

គណៈកម្មាធិការ​​ប្រព្រឹត្តិកម្ម​ ​​បាន​​ធ្វើ​​សេចក្តី​ថ្លែងការណ៍​​ជំរុញ​​​អោយ​​រដ្ឋាភិបាល​​កម្ពុជា​​ប្រញាប់​​តែង​តាំង​​សហ​ចៅក្រម​​ស៊ើប​អង្កេត​​អន្តរជាតិ។​ អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​ក៏​​បាន​​អំពាវនាវ​​អោយ​​អង្គការ​​សហ​ប្រជាជាតិ​​ដាក់​​សម្ពាធលើ​​រដ្ឋាភិបាល​​កម្ពុជា​​ចំពោះ​​ការ​​ចោទ​ប្រកាន់​​អំពី​​ការ​​ពាក់​ព័ន្ធ​​​ផ្នែក​​នយោបាយ​​ចូល​​ទៅ​​ក្នុង​​ដំណើរ​ការ​​សាលាក្តី។​

ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំៗ ​ដែល​ជា​អ្នក​តាមដាន​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ បាន​សម្តែង​​​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​របស់​សាលាក្តី​បច្ចុប្បន្ន ដែល​ទាក់ទងនឹង​ការ​តែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ។
 

សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ Laurent Kasper Ansermet
សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ Laurent Kasper Ansermet RFI/Leang Delux

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជាដែល​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​២៣​ស្ថាប័ន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​​កាល​ពី​ថ្ងៃ​ទី​១៩​មករា ជំរុញ​រដ្ឋាភិបាលឲ្យ​​អនុវត្ត​កាតព្វកិច្ច​ដោយ​យុត្តិធម៌​និង​ឯករាជ្យ​ក្នុង​ការ​តែងតាំង​សហចៅក្រម​ស៊ើប​អង្កេត​​អន្តរជាតិ​ជា​បន្ទាន់។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ចំៗ​តែ​ម្តង​លើ​សំណុំរឿង​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នេះ​ដោយ​យោង​ទៅលើ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​នេះ​ផង។ ក្រុម​សង្គម​ស៊ីវិល​សរសេរ​ថា​អង្គការ​សហប្រជាជាតិ​ដែល​បាន​ស្នើ​បេក្ខភាព​សហចៅក្រម​ស៊ើបអង្កេត​បម្រុង​អន្តរជាតិ​ហើយ​នោះ ត្រូវ​ទទួល​ការ​តែងតាំង​ជា​សហចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ពេញសិទ្ធិ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នេះ។

ទាក់ទងនឹង​នីតិវិធី​នៃ​ការ​តែងតាំង​សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ​ដែល​មាន​ការ​ចោទ​ប្រកាន់​​ថា​មាន​ការ​ពន្យារពេល​អោយ​យូរ​នេះ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ក៏​បាន​អំពាវនាវ​អោយ​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​លោក​យូ ប៊ុនឡេង​ចុះ​ចេញ​សមាជិកភាព​ជា​សមាជិក​នៅក្នុង​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​ចៀសវាង​ទំនាស់​ផលប្រយោជន៍។ គួរ​បញ្ជាក់​ថា លោក​ចៅក្រម​យូ ប៊ុនឡេង​មាន​តួនាទី​មួយ​ជា​ប្រធាន​សាលាឧទ្ធរណ៍។ ហើយ​ប្រធាន​សាលាឧទ្ធរណ៍​គឺ​សមាជិក​មួយ​រូប​នៅ​ក្នុង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ត្រូវ​សម្រេច​យល់ព្រម ឬ​បដិសេធ​​សមាសភាព​នៃ​ចៅក្រម​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នោះ។

តាំង​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​បដិសេធ​មិន​តែងតាំង​លោក Laurent Kasper Ansermet នោះ​មក រហូត​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​សេចក្តី​សម្រេច​ផ្លូវការ​របស់​ស្ថាប័ន​នេះ​នៅ​ឡើយទេ។ កាសែត​ក្នុង​ស្រុក​គ្រាន់តែ​បាន​ផ្សាយ​ឲ្យដឹង​នៅ​ថ្ងៃ​នេះ ដោយ​​ដកស្រង់​ប្រសាសន៍​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថា សេចក្តីសម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវ​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ