កម្ពុជា

អង្គការ​អាដហុក​ប្តឹង​ក្រុមហ៊ុន​ឯកជន​ដែល​ចាប់បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ក្នុង​រឿង​ទំនាស់​ដីធ្លី

ទាហាន​ដែល​ចេញ​មុខ​ការពារ​ក្រុមហ៊ុន​ដែល​ចង់​វាស់​យក​ដី​ប្រជាជន​
ទាហាន​ដែល​ចេញ​មុខ​ការពារ​ក្រុមហ៊ុន​ដែល​ចង់​វាស់​យក​ដី​ប្រជាជន​ ©

ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ជា​រឿង​រសើប ខណៈ​ដែល​មន្រ្តី​អង្គ​ការសង្គម​ស៊ីវិល ដែល​ធ្វើការ​លើ​ករណី​នេះ រក​ឃើញ​ពី​មូលហេតុ​សំខាន់ ដែល​បង្ក​ឲ្យ​មានទំនាស់​ដីធ្លី​ធ្ងន់ធ្ងរ ដោយសារ​តែ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​របស់​រដ្ឋាភិបាល។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ត្រៀម​ពាក្យ​បណ្តឹង​ទៅ​តុលាការ រួច​ជាស្រេច ដើម្បី​ប្តឹង​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចាប់​បង្ខំាង​សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស មេធាវី និង​ប្រជាពលរដ្ឋ​ចំនួន​២៩​នាក់ ខុស​ច្បាប់​កាល​ពី​ថ្ងៃ​សុក្រ។

ផ្សាយពាណិជ្ជកម្ម

 

អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ត្រៀម​ពាក្យ​បណ្តឹង ដាក់​ទៅ​តុលាការ​ខេត្ត ក្រចេះ រួច​ជាស្រេច នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ប្តឹង​ក្រុម​ហ៊ុន CIV។ ការ​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ គឺ​នៅ​បន្ទាប់​ពី សកម្មជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​២​នាក់ មេធាវី​របស់​អង្គ​ការ​CLEC​ម្នាក់ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​CIV ចំនួន​២៦ នាក់​ផ្សេង​ទៀត ត្រូវ​តំណាង​ក្រុមហ៊ុន​ចាប់​បង្ខំាង ដោយ​គ្មាន​ដីកា​ពី​តុលាការ កាល​ពី​ថ្ងៃ​សុក្រ។
 
ការចាប់​បង្ខាំង​ខុសច្បាប់ រយៈ​ពេល​៣​ម៉ោង កើត​ឡើង​ក្រោយ​ពី​អ្នកភូមិ​ជាង​៣០០​នាក់ បាន​នាំ​គ្នា​ទៅ​ចោមរោម រារាំង​ហាមឃាត់ មិន​ឲ្យ​មន្រ្តី​សុរិយោដី ធ្វើការ​វាស់វែង​ដី​ចុះ​បញ្ជី​ឲ្យ​ក្រុមហ៊ុន ខណៈ​ដែល​អ្នកភូមិ​អះអាង​ថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល បាន​ជាន់​លើ​ដី​សហគមន៍ និង​ដី​ភូមិ​របស់​អ្នកស្រុក ។ អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ដោះ​ស្រាយ ផល​ប៉ះ​ពាល់​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​ចុះ​បញ្ជី ដោយ​មន្រ្តី​សុរិយោដី។
 
លោក ធន សារ៉ាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វិទ្យុ​បារំាង​អន្តរជាតិ នៅ​ថ្ងៃ អាទិត្យ​នេះ​ថា អង្គការ​អាដហុក​ចង់​ឲ្យ តុលាការ​ផ្តន្ទាទោស​ដល់​មន្រ្តី​យោធា​៣​នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​វែង​១​ដើម ដែល​បាន​យក​អំណាច មក​គំរាម​កំហែង និង​ចាប់​ខ្លួន សកម្មជន​អង្គការ​អាដហុក និង ប្រជា​ពលរដ្ឋ ក្នុង​បំណង​ការពារ​ផល​ប្រយោជន៍​ឲ្យ​ក្រុមហ៊ុន។ លោក​ថា ការ​ដែល​មន្រ្តី​យោធា យក​តួនាទី​របស់​ខ្លួន​ទៅ​ការពារ​ឲ្យ​ក្រុមហ៊ុន វា​ជា​រឿង​អាម៉ាស់​របស់​ទាហាន​ខ្មែរ។
 
មន្រ្តី​គណៈកម្មការ សិទ្ធិ​មនុស្ស​ក៏​នឹង​ចុះ​ទៅ​ធ្វើ​ការស៊ើប​អង្កេត នូវ​ទង្វើ​ខុស​ច្បាប់ របស់​ក្រុមហ៊ុន​CIV ដែល បាន​ចាប់​ខ្លួន​សកម្មជន​អាដហុក និង​ប្រជាពលរដ្ឋ​ផង​ដែរ។
 

ថ្មីៗនេះតំណាង​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំប្រទេស​កម្ពុជា បាន​ថ្លែង​ក្តី​បារម្ភ​ថា បញ្ហា​ទំនាស់​ដីធ្លី និង​សិទ្ធិ​លំនៅឋាន គឺ​ជា​ការប្រឈម​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ របាយការណ៍​ដែល ចេញ​ផ្សាយ​ដោយ​NGO Forum កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ក៏បានបង្ហាញ​ថា ករណី​វិវាទ​ដីធ្លី ក្នុង​ឆ្នាំ​២០១០ មាន​ចំនួន​២៨២​ករណី ដែល​​កើន​ឡើងជាង​ឆ្នាំ​២០០៩ ដែល​មាន​ចំនួន​២៣៦​ករណី។ ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា នៅ​តែ​មាន​ការកើន​ឡើង ដោយសារ​តែ​កម្ពុជា មាន​គម្រោង​វិនិយោគ ហេដ្ឋារចនា​សម្ព័ន្ធ​ច្រើន និង​ការសម្រុក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI