កម្ពុជា

អង្គការ​សិទ្ធិ​មនុស្ស និង​ជនរងគ្រោះ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការបណ្តេញ​ចេញ

ប្រជាជន​ដីក្រហម​ធ្វើការតវ៉ា​រំលឹក​ដល់​ថ្ងៃ​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង នៅព្រឹក​ថ្ងៃ​អង្គារ​ទី ២៤ មករា ២០១២
ប្រជាជន​ដីក្រហម​ធ្វើការតវ៉ា​រំលឹក​ដល់​ថ្ងៃ​បណ្តេញ​ចេញ​ពី​ផ្ទះសម្បែង នៅព្រឹក​ថ្ងៃ​អង្គារ​ទី ២៤ មករា ២០១២ ©RFI/ ស៊ីវ ចាន់ណា

នៅថ្ងៃអង្គារ​ទី​២៤ មករា ២០១២ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំង​សហគមន៍​ជនរងគ្រោះ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការបណ្តេញ​ប្រជាពលរដ្ឋ​ពីលំនៅឋាន​ទាំងបង្ខំ ក្នុង​រឿង​ជម្លោះ​ដីធ្លី។ តាម​សង្គម​ស៊ីវិល ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅឆ្នាំ២០១២​នេះ កម្ពុជា​គួរ​តែ​គោរពច្បាប់ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ដោយ​បញ្ឈប់ ការបណ្តេញ​ប្រជា​ពលរដ្ឋ​ពីលំនៅឋានទាំងបង្ខំ ដូច​ករណី​កំពុង​ ជាច្រើន កំពុង​ផ្ទុះ​កើតមាន​នៅ​ស្ទើរ​ទូទាំង​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ​ចំនួន ៥ បាន​អំពាវនាវ នៅ​ថ្ងៃ​អង្គារ​នេះ ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន ឲ្យ​បញ្ឈប់​នូវ​ការបណ្តេញ​ចេញ​ប្រជាជន​ក្រីក្រ​ពី​លំនៅឋាន ទាំង​បង្ខំ និង​ដោះលែង​ប្រជាជន​បុរី​កីឡា ៧ នាក់ ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ ស ក្នុង​ព្រឹត្តិការណ៍​ជម្លោះ​ដីធ្លី កាលពី​ថ្ងៃ​ទី​៣​មករា ឆ្នាំ​២០១២។

ក្រុម​អង្គការ​សិទ្ធិមនុស្ស បាន​លើកឡើង​ក្នុង​លិខិត​ចំហ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២​នេះ កម្ពុជា​គួរតែ​គោរព​ច្បាប់ និង​លើកកម្ពស់​សិទ្ធិមនុស្ស ព្រម​ទាំង​សេរីភាព ដោយ​ការបញ្ចប់​នូវ​ការបណ្តេញ​ប្រជាជនពី​លំនៅដ្ឋាន​ទាំង​បង្ខំ នៅ​ស្ទើរតែ​ទូទាំង​ប្រទេស នា​ពេល​សព្វថ្ងៃ។​

លិខិត​ចំហ​នោះ មាន​ចុះ​ហត្ថលេខា​របស់​តំណាង​អង្គការ Human Rights Watch, Amnesty International និង​អង្គការ Global Witness។ លិខិត​អំពាវនាវ បាន​លើកឡើង​ថា ការបណ្តេញ​ចេញ​ដោយ​បង្ខំ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ត្រូវបាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ កត់សម្គាល់ថា នាំឲ្យ​មាន​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់ ធ្លាក់​ខ្លួន​កាន់តែ​ក្រ​ទៅៗ។

ចំណែក​នៅក្នុង​ពិធី​ជួបជុំ​រម្លឹក​ខួប ៣ ឆ្នាំ នៃ​ការបណ្តេញ​ចេញ​នៅ​សហគមន៍​ដីក្រហម ជិត​រដ្ឋសភា ក្នុង​ទីក្រុង​ភ្នំពេញ នា​ព្រឹកថ្ងៃ​អង្គារ​ទី ២៤ មករា ២០១២ ប្រជាសហគមន៍​មកពី​អតីត​អ្នកដីក្រហម អ្នកបឹងកក់ និង​អ្នក​បុរីកីឡា បាន​លើក​បដា ថ្លែង​សារទុក្ខ រៀបរាប់ពី​ទុក្ខវេទនា ដោយ​ការបណ្តេញចេញ។

ញត្តិ​មាន​ចំណងជើង​ថា “បញ្ឈប់​ការបណ្ដេញ​ចេញ” ក៏​ត្រូវ​បាន​ពលរដ្ឋ​រង​គ្រោះ ហែ​យកទៅ​ដាក់​ជូន​ប្រធានរដ្ឋសភា។ អ្នករងគ្រោះ ដោយ​ការបណ្ដេញចេញ​ពី​លំនៅឋាន និង​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការបណ្ដេញចេញ បាន​បង្ហាញ​ពី​ការ​រង​ទុក្ខវេទនា​ឈឺចាប់​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​ក្រុមហ៊ុន​ឯកជន ដែល​ការពារ​ដោយ​កម្លាំងចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​រំលោភ​បំពាន​លើ​ដីធ្លី និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មានចែង និង​ការពារ​ដោយ​ច្បាប់។ តាម​ញត្តិ​នោះ ពលរដ្ឋ​រងគ្រោះ ជា​ម្ចាស់ឆ្នោត បាន​ថ្កោលទោស​នូវ​ទង្វើ​ដ៏​អមនុស្សធម៌ កើត​ចេញពី​ការបណ្តេញ​ចេញ និង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​មន្ត្រីក្រោមឱវាទ ក្រសួង​ពាក់ព័ន្ធ​នានា មេត្តា​បញ្ឈប់​ការប្រើ​កម្លាំង​បណ្ដេញចេញ រំលោភ​យក​ដីធ្លី​គ្រប់​រូបភាព និង​ការ​បំពារបំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។​

រីឯ​លោក សៀ ភារម្យ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​ចូលរួម​ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹកមិញ ក៏បាន​លើកឡើង​ថា កម្ពុជា​មិន​គួរ​ផ្ញើ​សារ​ដែល​មិនល្អ ទៅកាន់​អន្តរជាតិ តាមរយៈ​ការបណ្តេញ​ពលរដ្ឋ​ពី​លំនៅឋាន ដូចជា​ករណី​បុរីកីឡា កាលពីដើម​ខែ​នេះ​ទេ។ តាម​សកម្មជន​ការពារ​ករណី​រំលោភ​យក​ដីធ្លី ការបណ្តេញចេញ​ដោយសារ​ជម្លោះ​ដីធ្លី នៅ​កម្ពុជា ធ្វើ​ឲ្យ​សមាជិក​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត មិន​អោយ​តម្លៃ​ដល់​កម្ពុជា និង​ចំអក​ឡកឡឺយ​លើ​កម្ពុជា ក្នុងនាមជា​ប្រធាន​​អាស៊ាន​ថែមទៀត។

នៅថ្ងៃនេះ មិនទាន់​មាន​អត្ថាធិប្បាយ​បែប​ណា​ពី​មន្ត្រី​រដ្ឋាភិបាល ជុំវិញ​ការលើកឡើង​ខាងលើ​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI