អង្គការសង្គមស៊ីវិល សំដែងការព្រួយបារម្ភ ចំពោះការវិវឌ្ឍន៍ថ្មីៗ នៅសាលាក្តីខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖
ក្រុមអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជា ចំនួន ៣២ ស្ថាប័ន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវឌ្ឍន៍ថ្មីៗ នៅសាលាក្តីចម្រុះកាត់ទោសមេខ្មែរក្រហម ពាក់ព័ន្ធនឹងដំណើរការស៊ើបអង្កេត និងការចោទប្រកាន់លើសំណុំរឿង ០០៣ និង ០០៤។ សង្គមស៊ីវិល មានការបារម្ភថា អាណត្តិការងាររបស់សាលាក្តីចម្រុះ ដែលត្រូវនាំខ្លួនមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មកើតឡើងនៅក្នុងរបបខ្មែរក្រហម នៅពេលនេះ កំពុងស្ថិតនៅលើហានិភ័យមួយ ក្នុងការបំពេញអាណត្តិការងាររបស់ខ្លួន ឲ្យចប់ចុងចប់ដើម។
តាមរយៈសេចក្តីថ្លែងការណ៍រួម នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអង្គការសង្គមស៊ីវិល ក្នុងប្រទេសកម្ពុជា ចំនួន ៣២ ស្ថាប័ន បានទទូចសុំដល់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ ជនរងគ្រោះ ម្ចាស់ជំនួយ រដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ មេត្តាធ្វើយ៉ាងណា ដើម្បីធានាថា យុត្តិធម៌ត្រូវបានផ្តល់ឲ្យ ហើយយុត្តិធម៌ត្រូវបានគេមើលឃើញថា កំពុងត្រូវបានបំពេញដោយសាលាក្តីចម្រុះផងដែរ។
ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ការធានានូវយុត្តិធម៌សម្រាប់ការកាត់ទោសមេខ្មែរក្រហម ដើម្បីជាកេរដំណែលរួមរបស់សាលាក្តីចម្រុះ ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ នឹងត្រូវប្រើប្រាស់ជាគំរូសម្រាប់ការកែទំរង់ និងការអភិវឌ្ឍន៍នីតិរដ្ឋនៅប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា ចៅក្រមទាំងអស់ ទោះបីចៅក្រមជាតិក្តី ឬចៅក្រមអន្តរជាតិក្តី តម្រូវឲ្យជាបុគ្គល ដែលមានចរិតលក្ខណៈល្អខ្ពង់ខ្ពស់ មិនលំអៀង មានសុចរិតភាព និងឯករាជ្យពេញលេញ ក្នុងការបំពេញមុខងាររបស់ខ្លួន។ ចៅក្រមទាំងអស់ ត្រូវហាមទទួលយក ឬស្វែងរកការណែនាំណាមួយពីរដ្ឋាភិបាល ឬពីប្រភពណាមួយ។ ចំពោះសហព្រះរាជអាជ្ញារបស់សាលាក្តីខ្មែរក្រហម ក៏ត្រូវតែគោរពទៅតាមលក្ខខណ្ឌ ស្តង់ដារដូចគ្នាដែរ។
តាមក្រុមអង្គការសង្គមស៊ីវិល ភាពរីកចម្រើនថ្មីៗ ជុំវិញសំណុំរឿង០០៣ និង ០០៤ បានធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអព្យាក្រឹតភាព សេចក្តីសុចរិត និងឯករាជភាពរបស់ចៅក្រម ដែលកំពុងតែរងនូវភាពមន្ទិលសង្ស័យ។
ក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ឲ្យចាត់វិធានការសមរម្យចាំបាច់នានា ដើម្បីធានាថា ការស៊ើបអង្កេតលើសំណុំរឿង០០៣ និង០០៤ បានពេញលេញពិតប្រាកដ ដើម្បីជាកំណត់ត្រាប្រវត្តិសាស្ត្រនៃរឿងរ៉ាវខ្មែរក្រហម ក្នុងតុលាការចម្រុះ។
ការលើកឡើងរបស់សង្គមស៊ីវិលខាងលើ បានធ្វើឡើង ក្រោយពីសហចៅក្រមស៊ើបអង្កេត និងសហព្រះរាជអាជ្ញាជាតិ-អន្តរជាតិ បានខ្វែងគំនិតគ្នាលើសំណុំរឿងថ្មី លេខ ០០៣ និង ០០៤។ សហព្រះរាជអាជ្ញាអន្តរជាតិ ចង់ឲ្យសហចៅក្រមស៊ើបអង្កេត បើកការស៊ើបអង្កេតបន្ថែមលើសំណុំរឿង០០៣ ដើម្បីឈានទៅចោទប្រកាន់ និងចាប់ខ្លួនអតីតមេខ្មែរក្រហម មកកាត់ទោសបន្ថែមទៀត។ ក៏ប៉ុន្តែខាងភាគីកម្ពុជា បានជំទាស់។
យ៉ាងណាក៏ដោយ លោក ឌឹមសុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា ការងារនៅតុលាការខ្មែរក្រហម គឺឯករាជ្យ។ ចំណែកការងាររបស់សហចៅក្រមស៊ើបអង្កេតលើសំណុំរឿង០០៣ ឬ០០៤ ក៏ជាការងារឯករាជ្យ គ្មានភាគីណាមួយចូលជ្រៀតជ្រែកឡើយ។
លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា លើសំណុំរឿង០០៣ កិច្ចការបន្ត ជាភារៈរបស់សហចៅក្រមស៊ើបអង្កេត ត្រូវពិនិត្យលើការបំពេញកិច្ចរបស់សហព្រះរាជអាជ្ញា។ បើសិនជាសហចៅក្រមស៊ើបអង្កេត បដិសេធការស្នើសុំរបស់សហព្រះរាជអាជ្ញា នោះសហព្រះរាជអាជ្ញាអាចប្តឹងឧទ្ធរណ៍ ទៅកាន់អង្គបុរេជំនុំជម្រះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ