កម្ពុជា

អំពើ​ទារុណកម្ម​នៅ​តែ​ជា​ប្រធានបទ​សំខាន់​នៅ​កម្ពុជា

អ្នកជាប់ទោស​នៅ​មណ្ឌល​កែប្រែ​កោះគ
អ្នកជាប់ទោស​នៅ​មណ្ឌល​កែប្រែ​កោះគ ©អង្គការ​លីកាដូ

រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​បាន​ បញ្ជូន​​របាយការណ៍​រៀងៗ​ខ្លួន​ទៅ​កាន់​គណៈកម្មការ​ប្រឆាំង​នឹង​ទារុណកម្ម​ របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​គណៈកម្មការ​នេះ​ត្រួត​ពិនិត្យ និង​វាយតម្លៃ​នៅ​សប្តាហ៍​ក្រោយ។ ក្រុម​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​ទៅ​អង្គការ​ សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​គ្រោង​​នឹង​បង្ហាញ​របាយការណ៍​នេះ​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អះអាង​ពីការខិតខំ​លុប​បំបាត់​អំពើ​ទារុណកម្ម នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា ខ្លួន​នៅ​តែ​រក​ឃើញ​ករណី​ទារុណកម្ម​ជា​ច្រើន​រូបភាព​កំពុង​តែ​កើត​ឡើង​នៅ​ ឡើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី រាយការណ៍​របស់​ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

ប៉ុន្មាន​ថ្ងៃ​មុន​នឹង​ការបើក​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឆាំង​ទារុណកម្ម​របស់​អង្គការ​​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ​ រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​បាន​ដាក់​របាយការណ៍​របស់​ខ្លួន​រួចរាល់​ហើយ​ទៅ​កាន់​គណៈកម្មការ​នេះ​ដើម្បី​ត្រួត​ពិនិត្យ។

 
អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​របាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​៦​វិច្ឆិកា គ្រោង​នឹង​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ជា​សាធារណៈ នៅ​ថ្ងៃ​ចន្ទ​ស្អែក​​នេះ។ ​លោក ​ធន ​សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​ក្នុង​ស្រុក ឈ្មោះ​អាដហុក​(Ad hoc) ​បាន​បង្ហើប​ឲ្យ​ដឹង នៅ​ថ្ងៃ​នេះ​ថា ​អំពើ​ទារុណកម្ម​នៅ​តែ​កើត​មាន​​ជា​ហូរហែ ជា​ពិសេស​នៅ​ឯ​ស្ថានីយ​ប៉ូលិស។ ​ពួកគេ​នៅ​តែ​ប្រើ​ទារុណកម្ម​លើ​ជន​សង្ស័យ​ដើម្បី​សួរ​យក​ចម្លើយ។

ក្រៅ​ពី​នោះ​ អំពើ​ទារុណកម្ម​ក៏​កើត​មាន​ជារឿយៗ​ផងដែរ នៅ​តាម​មជ្ឈមណ្ឌល​សង្គមកិច្ច​នានា ទៅ​លើ​អ្នក​ដែល​គេ​ចាប់​បញ្ជូន​ទៅ​ក្នុង​មជ្ឈមណ្ឌល​ទាំង​នោះ​ដែល​មាន​ដូច​ជា ​អ្នកសុំទាន ​អ្នក​ប្រើប្រាស់​ថ្នាំញៀន​ ឬស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ជាដើម។ ​លោក ​ធន​ សារាយ ​កត់​សម្គាល់​ទៀត​ថា ​រដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​លុប​បំបាត់​អំពើ​ទារុណកម្ម​តាមរយៈ​ការចូល​ជា​សមាជិក​អនុសញ្ញា​ស្តីពី​ការ​ប្រឆាំង​នឹង​ទារុណកម្ម​ ប៉ុន្តែ​ ការអនុវត្តន៍​ជាក់ស្តែង​នៅ​មិនទាន់​ត្រឹម​ត្រូវ​តាម​ខ្លឹមសារ​នៃ​អនុសញ្ញា​នៅ​ឡើយ​ទេ។
 

បុរស​ដែល​ទទួល​រង​ការធ្វើ​ទារុណកម្មក្នុង​ប៉ុស្ត​ប៉ូលិស​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​
បុរស​ដែល​ទទួល​រង​ការធ្វើ​ទារុណកម្មក្នុង​ប៉ុស្ត​ប៉ូលិស​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ©អង្គការ​លីកាដូ

តំណាង​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ ​កន្លង​ទៅ​នេះ​ នៅ​ពេល​ដែល​មាន​របាយការណ៍​អំពី​ទារុណកម្ម​ រដ្ឋាភិបាល​តែង​បដិសេធ​ថា ជា​ព័ត៌មាន​មិន​ពិត។ ​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា ពួកគេ​បាន​ខិតខំ​លុប​បំបាត់​មិន​ឲ្យ​មាន​អំពើ​ទារុណកម្ម​ឡើយ ជាពិសេស​នៅ​ក្នុង​ពន្ធនាគារ។​ រដ្ឋាភិបាល​ក៏តែង​បាន​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់ កែ​លម្អ​ស្ថានភាព​ជាច្រើន​ក្នុង​មន្ទីរ​ឃុំឃាំង។

ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្នុង​ចំណោម​១៤៦​ប្រទេស​នៃ​អនុសញ្ញា​ប្រឆាំង​អំពើ​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ឆ្នាំ​១៩៩២។ ​នៅ​ឆ្នាំ​២០០៧​ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​បន្ថែម​មួយ​ទៀត​ទៅ​លើ​អនុសញ្ញា​នេះ។ យ៉ាងណា​ក៏ដោយ ​របាយការណ៍​ស្តីពី​ទារុណកម្ម​នៅ​តែ​លេចលឺ​ឡើង​ជារឿយៗ។​ ប៉ុន្តែ​ រដ្ឋាភិបាល​មិន​ដែល​ទទួល​ស្គាល់​របាយការណ៍​ទាំង​នោះ​ទេ។

ឆ្នាំនេះ ​គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​របស់​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​នៅ​ទីក្រុង​ហ្សឺណែវ​ដើម្បី​វាយតម្លៃ​ស្ថានការណ៍​នៃ​អំពើ​ទារុណកម្ម​ក្នុង​ប្រទេស​នីមួយៗ​ក្នុង​នោះ​ក៏មាន​កម្ពុជា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI