កម្ពុជា​-ថៃ

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​អោយ​មេដឹកនាំ​អាស៊ាន​ដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ អោយ​​​មាន​​ប្រសិទ្ឋិភាព

រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេសជា​សមាជិក​អាស៊ាន
រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេសជា​សមាជិក​អាស៊ាន © Reuters

ក្នុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ​ស្អែក​នេះ​ ក្រុម​សមាគម​អង្គការ​​​​ក្រៅ​​រដ្ឋាភិបាល​​មកពី​ប្រទេស​អាស៊ី ជាង​៤០​បាន​ចេញ​សេច​ក្តី​អំពាវនាវរួម​គ្នា ជំរុញ​អោយ​មេ​ដឹក​នាំ​អាស៊ាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ ក្នុង​ការស្វែង​ដោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ ថៃ។ តំណាង​សំឡេង​ប្រជាពលរដ្ឋ​បណ្តា​ប្រទេស​អាស៊ាន​បង្ហាញ​ថា ​សង្រ្គាម​ប្រដាប់​អាវុធ​តាម​បណ្តោយ​​ព្រំដែន​ខ្មែរ-ថៃ នា​ពេល​កន្លង​មក​បាន​ធ្វើ​អោយ​ប្រជាជន ជា​ជន​ស៊ីវិល​រាប់​ម៉ឺន​នាក់​ក្នុង​ប្រ​ទេស​​ទំាង​ពីរ​​ទទួល​រង​ការ​រំលោភ​ សិទ្ធិ​មនុស្ស សិទ្ឋិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ក្នុង​ការស់រាន​មាន​ជីវិត​ យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​តួនាទី​អាស៊ាន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការបញ្ចប់​ទុក្ខ​​លំបាក​របស់​ប្រជាជន​ កម្ពុជា-​ថៃ​ទំាងអស់​នោះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ជា​ទី​ដែល​​ក្រុម​មេ​ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន​ជួប​ជុំ​គ្នា​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​១៨​របស់​ខ្លួន ក្រុម​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​ឈ្មោះ​ថា “វេទិកា​ប្រជាជន​អាស៊ាន” (ASEAN People Forum​) ក៏​មាន​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ទី​នោះ​ផង​ដែរ។ ជា​កិច្ចប្រជុំ​ដើម្បី​ផ្តល់​យោបល់ ជំរុញ​អោយ​មេដឹក​នាំ​អាស៊ាន​​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ស្វែង​​រក​ដំណោះស្រាយ ដ៏​មាន​ប្រសិទ្ឋិភាព ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

 
តំណាង​សំឡេង​ប្រជាពលរដ្ឋ​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​បាន​ទទូច​មុន​ថ្ងៃ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​ថា មេដឹក​នាំ​​អាស៊ាន​ត្រូវ​ខិត​ខំ​ដំណោះ​ស្រាយ​អោយ​ខ្លំាង​បំផុត អោយ​មាន​ប្រសិទ្ធិភាព ធ្វើ​យ៉ាង​ណា​កុំ​អោយ​មាន​សំឡេង​​អាវុធ​​នៅ​​តាម​​បន្ទាត់​ព្រំដែន​កម្ពុជា​- ថៃ​បន្ត​ទៀត។ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៨​នេះ អាស៊ាន​ត្រូវ​តែ​សម្រេច​អោយ​បាន​ឆាប់​ក្នុង​ការ​បញ្ជូន​អ្នក​​សង្កេត​​​ការណ៍​មក​ឈរ​ជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ប្រទេស​ទំាងពីរ​នេះ ជា​ការ​បង្កើត​អោយ​​បាន​​សន្តិភាព​អចិន្ត្រៃយ៍​​នៅ​ទីនោះ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​បណ្តាញ​​វេទិកា​ប្រជាជន​​អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លំាង​ថា​សង្រ្គាម​ប្រដាប់​អាវុធ​កម្ពុជា-​ថៃ​កន្លង​មក​នេះ បាន​បណ្តាល​អោយ​មាន​ជន​ភៀស​សឹក​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ទំាងពីរ រត់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង បាត់បង់​ឱកាស​ប្រកប​ការងារ ប៉ះ​ពាល់​​សុខភាព ចំណែក​ក្មេងៗ​មិន​បាន​ទៅ​សាលារៀន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជាង​៤០​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ថា​សង្រ្គាម​ព្រំដែន​កម្ពុជា​-ថៃ បាន​បង្ក​ទុក្ខ​លំបាក​ជា​​ច្រើន​យ៉ាង​ដល់​ជន​ភៀស​សឹក​ និង​ជា​ការរំលោភ​សិទ្ឋិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាជន ជា​ជន​ស៊ីវិល​ទំាងនោះ។

ក្រៅពី​អំពាវនាវ អោយ​សមាគម​អាស៊ាន​ដោះស្រាយ​ជម្លោះ​កម្ពុជា​-ថៃ​អោយ​បាន​ឆាប់​ និង​មាន​ប្រសិទ្ឋិភាព បណ្តាញ​វេទិកា​ប្រជាជន​អាស៊ាន ក៏​បាន​ដាស់​តឿន ដល់​មេដឹកនាំ​អាស៊ាន ត្រូវ​មាន​វិធានការ​បង្ការ​ជាមុន កុំ​អោយ​​មាន​ជម្លោះ​ប្រដាប់​អាវុធ​បែប​នេះ​កើត​មាន​ទៀត​​នៅ​លើ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI