កម្ពុជា

NGO៖​ក្រសួង​មហាផ្ទៃ​មិន​ព្រម​កែ​សម្រួល​ពង្រាង​ច្បាប់​អង្គការ​ឡើយ

នៅ​ថ្ងៃ​ចន្ទ​នេះ តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ប្រមាណ ២០០ នាក់ បាន​ជួបប្រជុំ​ជាមួយ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​លើ​ពង្រាង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល​ជា​លើក​ទី​៤។ ក៏​ប៉ុន្តែ​ក្រោយពី​កិច្ចប្រជុំ​រយៈពេល​មួយ​ព្រឹក​នេះ ក្រសួងមហាផ្ទៃ មិន​បាន​ឆ្លើយ​ត​បថា ទទួល​យក​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល ដើម្បី​កែប្រែ​ចំពោះ​មាត្រា​ខ្លះ​នោះ​ឡើយ។ ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​នឹង​ពង្រាងច្បាប់​ថ្មី​នោះ សង្គម​ស៊ីវិល គ្រោង​នឹង​ជួបជុំគ្នា នៅ​មុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០​ធ្នូ​ស្អែក។

លោក​ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​លើ​ពង្រាង​ច្បាប់​លើក​ទី៤ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល
លោក​ស ខេង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃចូល​រួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​លើ​ពង្រាង​ច្បាប់​លើក​ទី៤ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ©RFI/ ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 កិច្ច​ពិគ្រោះ​យោបល់​លើ​ពង្រាងច្បាប់ លើក​ទី​៤ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​ធ្វើឡើង នៅ​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៩​ធ្នូ ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ នៅក្នុង​កិច្ចប្រជុំ​រយៈពេល​មួយ​ព្រឹក កាលពី​ព្រឹកមិញ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ មិន​បាន​ឆ្លើយតប​អ្វី​សោះ​ឡើយ ក្រៅតែពី​ផ្តល់ឱកាស​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ លើកឡើង​ផ្ទាល់មាត់​ពី​ការព្រួយបារម្ភ និង​ការសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ កែប្រែ​មាត្រា​មួយចំនួន។

លោក យ៉េង វិរៈ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ចូលរួម​កិច្ចប្រជុំ នៅ​ព្រឹកមិញ បានលើកឡើង​ពីការ​ព្រួយបារម្ភ​មួយ​ចំនួន​ជុំវិញ​ពង្រាងច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដ៏​ចម្រូងចម្រាស់ ដែល​រួមមាន៖ ការចុះបញ្ជី ដែល​កំណត់​តឹងតែង​លើស​ពី​ក្រមរដ្ឋប្បវេណី និង​ភាពមិនច្បាស់លាស់ រួម​ទាំង​និយមន័យ​មាត្រា​ខ្លះ បាន​រឹតបន្តឹង​សេរីភាព និង​សកម្មភាព​របស់​សង្គម​ស៊ីវិល​នៅ​សហគមន៍ ជាដើម។

បន្ទាប់ពី​កិច្ចប្រជុំ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឲ្យមាន​ការជួបជុំ​មួយ នៅ​មុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១១ ដើម្បី​បើក​វេទិកា​បំពាក់​បូ​ពណ៌​លឿង ទាមទារ​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ ការជួប​ជុំនោះ ក៏​ជា​សារ​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល ឲ្យ​ពិចារណា​លើ​ការកែប្រែ​មាត្រា​ពង្រាង​ច្បាប់​អង្គការ​ផងដែរ។

យ៉ាងណាក៏ដោយ ក្នុងពេល​បើក​កិច្ចប្រជុំ នៅ​ព្រឹកមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ដាក់​ឲ្យ​ពិភាក្សា​ពេលនេះ ត្រូវបាន​កែសម្រួល និង​កាត់បន្ថយ​បែបបទ និង​នីតិវិធី​ជាច្រើន ដែល​ពីមុន​ពង្រាង​នោះ មាន ៥៨ មាត្រា និង ១១​ជំពូក តែ​ក្រោយ​ការកែសម្រួល ច្បាប់​នោះ មាន​ត្រឹមតែ ៣៤ មាត្រា និង ៩ ជំពូក ប៉ុណ្ណោះ។

តាម​លោក​រដ្ឋមន្ត្រី ការពិនិត្យ និង​ចូលរួម​យោបល់​ពី​សង្គម​ស៊ីវិល លើ​ពង្រាង​ច្បាប់​អង្គការ ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ ជា​លើក​ចុងក្រោយ​ហើយ បន្ទាប់​ពី​សេចក្ដីព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាសនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ រៀបចំតាក់តែង​ចំនួន ៤ លើក ចាប់តាំងពី​ឆ្នាំ​១៩៩៥ ដោយ​បាន​សហការ​ជាមួយ​លោក ប្រាត អាដាម អ្នកជំនាញការ​ច្បាប់ នៃ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បន្ទាប់មក​មាន​អ្នកជំនាញ​ច្បាប់​បារាំង ព្រមទាំង​អង្គទូត​ជាច្រើន ដោយ​មាន​ទាំង​ការពិគ្រោះ​យោបល់​ទូលំទូលាយ​ជាច្រើន​ផងដែរ។

យ៉ាងណាក៏ដោយ សកម្មជន​សិទ្ធិមនុស្ស លោក យ៉េង វិរៈ សង្ឃឹមថា អនុសាសន៍​របស់​សង្គម​ស៊ីវិល នឹង​ត្រូវ​ក្រសួងមហាផ្ទៃ​ទទួលយក ហើយ​កែប្រែ​លើ​សេចក្តីព្រាងច្បាប់ និង​ផ្តល់​ឱកាស​បន្ត​ទៀត ឲ្យមាន​ការជជែក​លើ​ពង្រាងច្បាប់​ថ្មី​នោះ ដើម្បី​ឲ្យ​អាច​ទទួល​បាន​ទាំងអស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI