ផ្កាយព្រះគ្រោះថ្មីដែលមានភិនភាគដូចភពផែនដីរបស់យើង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការស្រាវជ្រាវអវកាសអាមេរិកាំងNasa បានប្រកាសថា ទើបតែបានរកឃើញផ្កាយព្រះគ្រោះថ្មីមួយ ដែលមានភិនភាគស្រដៀងគ្នានឹងភពផែនដីរបស់យើង។ ក៏ប៉ុន្តែ វានៅឆ្ងាយណាស់ ប្រមាណ៦០០ឆ្នាំពន្លឺពីយើង។ ម្ល៉ោះហើយ មនុស្សលោកមិនសង្ឃឹមថាអាចនឹងទៅដល់ភពថ្មីនេះបានឡើយ។
នាវាអវកាសរុករកឈ្មោះKepler ដែលអង្គការNasa បានបង្ហោះចេញពីផែនដីកាលពីខែមីនាឆ្នាំ២០០៩ មានបេសកកម្មមួយច្បាស់ នោះគឺរុករកនៅក្រៅប្រព័ន្ធសុរិយគតិរបស់យើង ផ្កាយព្រះគ្រោះថ្មី ដែលមានទ្រង់ទ្រាយដូចភពផែនដី។ រូបភាពនៃផ្កាយព្រះគ្រោះថ្មី ដែលនាវាអវកាសរុករកKeplerថតបាន និងដែលអ្នកប្រាជ្ញអាមេរិកាំងកំពុងបន្តពិនិត្យមើលបានបំផុសឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះលក្ខខណ្ឌនិងស្ថានភាពរបស់វា គឺដូចគ្នាសឹងបេះបិទទៅនឹងលក្ខខណ្ឌនិងស្ថានភាពរបស់ផែនដីយើង។ ម្យ៉ាង នៅទីនោះសីតុណ្ហភាព មានកម្រិតប្រមាណ២២អង្សាC។ ម្យ៉ាងទៀត ផ្កាយព្រះគ្រោះថ្មីនេះក៏វិលជុំវិញព្រះអាទិត្យមួយដែរ នៅមិនឆ្ងាយពេកហើយក៏មិនជិតពេកដែរពីព្រះអាទិត្យនោះ សមល្មមអាចឲ្យមានជីវិតកកើតឡើងបាន និងឲ្យមានទឹកច្រើនសន្ធឹកសន្ធាប់។
មិនតែប៉ុណ្ណោះ ផ្កាយព្រះគ្រោះថ្មីនេះដែលអ្នកប្រាជ្ញអាមេរិកាំងបានចាត់ទុកថាជាកូនភ្លោះរបស់ផែនដីយើងស្រេចទៅហើយនោះ វិលមួយជុំវិញព្រះអាទិត្យរបស់ខ្លួនដោយប្រើពេល២៩០ថ្ងៃ។
ក៏ប៉ុន្តែ មនុស្សលោកមិនសង្ឃឹមថានឹងអាចទៅដល់ភពថ្មីនេះបានឡើយ ពីព្រោះវានៅឆ្ងាយសែនឆ្ងាយពីយើង គឺប្រមាណ៦០០ឆ្នាំពន្លឺ។ សូមជម្រាបថា ១ឆ្នាំពន្លឺគឺស្មើនឹង៩រយ៤៦ម៉ឺនលានគីឡូម៉ែត្រ។ នេះជាលើកទីបីហើយ ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដែលពួកអ្នកប្រាជ្ញបានប្រកាសថារកឃើញ ផ្កាយព្រះគ្រោះដែលមានទ្រង់ទ្រាយដូចភពផែនដីយើង ក៏ប៉ុន្តែ ភពថ្មីនីមួយៗដែលត្រូវបានរកឃើញ សុទ្ធតែនៅឆ្ងាយណាស់ គឺរាប់សិបឆ្នាំពន្លឺឯណោះពីយើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ