សហព្រះរាជអាជ្ញានៅតែតម្កល់ទោសជាប់ពន្ធនាគារមួយជីវិតដល់ជនជាប់ចោទដដែល
បន្ទាប់ពីបានឆ្លើយតបនឹងមេធាវីការពារជនជាប់ចោទរយៈពេលពេញមួយថ្ងៃមក សហព្រះរាជអាជ្ញាបានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយដោយនៅតែទាមទារឲ្យតុលាការផ្តន្ទាទោស នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារមួយជីវិតដដែល។ សម្រាប់សហព្រះរាជអាជ្ញា គ្មានទោសណាដែលស័ក្តិសមសម្រាប់ជនជាប់ចោទទាំងពីរជាងទោសជាប់ពន្ធណាគារមួយជីវិតឡើយ។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងឡើងធ្វើសេចក្តីសន្និដ្ឋានការពារខ្លួនចុងក្រោយនៅថ្ងៃព្រហស្បតិ៍ទី ៣១ តុលាស្អែកនេះ។
ចុះផ្សាយនៅថ្ងៃ៖
ទោះបីជាក្រុមមេធាវីការពារក្តីឲ្យលោក នួន ជា និង ខៀវ សំផន ខិតខំលើកអំណះអំណាងការពារកូនក្តីរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សហព្រះរាជអាជ្ញាមិនបានបន្ធូរបន្ថយការចោទប្រកាន់ដល់ជនជាប់ចោទទាំងពីរឡើយ។ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយរបស់ខ្លួននៅល្ងាចថ្ងៃពុធនេះ សហព្រះរាជអាជ្ញានៅតែរក្សាជំហរដដែលគឺទាមទារឲ្យតុលាការផ្តន្ទាទោសជនជាប់ចោទ នួន ជា និង ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
សហព្រះរាជអាជ្ញាបានអះអាងថាទោសនេះស័ក្តិសមនឹងឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តនៅក្នុងការជម្លៀសប្រជាជនដោយបង្ខំទាំងពីរលើកនិងការកាប់សម្រាប់ទាហាននិងមន្ត្រីនៃរបបលោក លន់ នល់។
សូមបញ្ជាក់ថា ពេញមួយថ្ងៃពុធនេះ មេធាវីនាំមុខដើមបណ្តឹងរដ្ឋប្បវេណី ក៏ដូចជាសហព្រះរាជអាជ្ញាដែរ បានបដិសេធទាំងស្រុងទឡ្ហីករណ៍នានារបស់ក្រុមមេធាវីការពារក្តីឲ្យ នួន ជា និង ខៀវ សំផន។ សម្រាប់ពួកគេ បងធំទី២ លោក នួន ជា និង អតីតប្រមុខរដ្ឋខ្មែរក្រហម លោក ខៀវ សំផន មិនមែនជាសុភាពបុរសដូចដែលមេធាវីរបស់គេបានលើកឡើងនោះឡើយ។
សហព្រះរាជអាជ្ញាអន្តរជាតិបានអះអាងថា ខ្មែរក្រហមបានបង្ហាញឲ្យកូនទាហានរបស់ខ្លួនស្អប់ខ្ពើមប្រជាជនក្រុងភ្នំពេញ។ ពួកគេបានបង្ខំឲ្យពលរដ្ឋចេញពីផ្ទះសម្បែងដោយគ្មានអាណិតអាសូរ និងគ្មានលើកលែងសូម្បីស្ត្រីមានផ្ទៃពោះ ចាស់ជរា និងអ្នកជំងឺក្នុងមន្ទីរពេទ្យ។
គួររម្លឹកថា នៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួន លោក គង់ សំអុន បានហៅ លោក ខៀវ សំផន ដែលជាកូនក្តីរបស់ខ្លួនថា ជាសុភាពបុរសដែលត្រូវបានគេលាបពណ៌ជាបិសាច។ លោកបានព្យាយាមលើកអំណះអំណាងផ្សេងៗមកបញ្ជាក់ប្រាប់តុលាការថា ខៀវ សំផន ជាមនុស្សស្លូតបូត សុចរិត និងមិនឃោរឃៅដូចការចោទប្រកាន់ឡើយ។ នៅទីបំផុត ក្រុមមេធាវីការពារក្តីឲ្យលោក ខៀវ សំផន និង នួន ជា ទាំងមេធាវីជាតិ និងអន្តរជាតិបានសុំឲ្យតុលាការដោះលែងកូនក្តីរបស់ខ្លួនឲ្យរួចផុតពីការចោទប្រកាន់។
ប៉ុន្តែ សហព្រះរាជអាជ្ញាមិនបានបន្ធូរបន្ថយការចោទប្រកាន់សូម្បីតែបន្តិចឡើយ។ នៅថ្ងៃទី ៣១ តុលាស្អែកនេះដែលជាថ្ងៃចុងក្រោយនៃការសួរដេញដោលបញ្ចប់សំណុំរឿង ០០២ វគ្គទី១ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងឡើងថ្លែងការពារខ្លួនពីការចោទប្រកាន់។
នួន ជា គ្រោងប្រើពេលមួយម៉ោងកន្លះសម្រាប់ថ្លែងការណ៍ ខណៈដែល ខៀវ សំផន និងមេធាវីរបស់គាត់គ្រោងប្រើពេលមិនដល់មួយម៉ោងទេ។ នេះបើតាមការប្រកាសឲ្យដឹងរបស់ក្រុមមេធាវីការពារជនជាប់ចោទទាំងពីរនៅមុនពេលបិទសវនាការថ្ងៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ